ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​អាស៊ី​អឺរ៉ុប បើក​ការដ្ឋាន​សាងសង់​កន្លែង​អង្គុយ​នៅ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ លើទឹក​ដី​តំបន់​អរិយក្សត្រ

​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធីត ដែលជា​សមាជិក​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក (Metfone Cambodian League) កំពុងដំណើរការ​គម្រោង​សាងសង់​សំណង់​ ៧​ ផ្សេងគ្នា ​លើ​ផ្ទៃដីប្រមាណ​ជា​ ៤ ម៉ឺន​ម៉ែត្រការ៉េ​ ម្ដុំ​ត្រើយម្ខាង​រាជធានី​ភ្នំពេញ លើ​ទឹកដី​អរិយ​ក្សត្រ ដោយ​ក្នុងនោះមាន​កីឡដ្ឋាន​ប្រកួត​បាល់ទាត់​មួយ​ផងដែរ​។​

​ក្រោយ​សាងសង់​ទីលាន ​និង​ ដាំ​ស្មៅ​រួចរាល់ នៅពេលនេះ​គម្រោង​បាន​ឈានដល់​បុក​គ្រឹះ​សាងសង់កៅអី​សម្រាប់​អ្នកគាំទ្រ​អង្គុយ​ហើយ ដែល​មានការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្លិប ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ​ខែតុលា នេះ​។

គម្រោង​នេះ​ សាងសង់ឡើង​ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​ ឯកឧត្តម ឌួង លាង សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដែលជា​អ្នកផ្គត់ផ្គង់​ដល់​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។ គម្រោង​សាងសង់​នៅលើ​ផ្ទៃដី​ទំនេរ​របស់​ក្រុម​អាស៊ី​អឺរ៉ុប នេះ ​មានអាគារ​សកល​វិទ្យាល័យ​, ទីលានបាល់ទាត់​ធំចំនួន​១, ទីលាន​បាល់ទាត់​តូច​ចំនួន​២, ទីលាន​វាយ​តិន្នីសចំនួន​២, ទីលានបាល់បោះ​ចំនួន​២, ទីលាន​បាល់ទះ​ចំនួន ២ និង ​ភោជនីយដ្ឋាន​ចំនួន​១​។​

​លោក ស៊ា​ង សុវណ្ណ ប្រធាន​រដ្ឋបាល​ទូទៅ​របស់​សាកលវិទ្យាល័យ​អាស៊ី​អ៊ឺរ៉ុប ធ្លាប់​ប្រាប់អ្នកសារព័ត៌មាន​ថា​ គម្រោង​សាងសង់ និង ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​មណ្ឌល​កីឡដ្ឋាន​អាស៊ី​អឺរ៉ុបនេះ ​ស្ថិតនៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល​ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នា​ចុងឆ្នាំ​២០១៧ ពោល គឺ​គ្រោង​ឱ្យ​ចប់​មុន​រដូវ​កាល​ឆ្នាំ​ ២០១៨ ចាប់ផ្ដើម​ ទាំង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ​។ ចំពោះ​ទីលាន​បាល់ទាត់​នេះ នឹង​កសាង​កៅអីអង្គុយ​ដែល​អាច​ផ្ទុកអ្នកគាំទ្រ​ប្រមាណ​ជាង ​១០០០០ នាក់​ផងដែរ​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប ​បានបញ្ជាក់​កាលពីពេល​ថ្មីៗ​ថា​ «​ក្រុមការងារ និង ថ្នាក់ដឹកនាំ​ក្លិប​អាស៊ី​អឺរ៉ុប បាន​ប្រជុំពិភាក្សាលើ​ការអភិវឌ្ឍន៍​យុវជន​ថ្នាល​របស់ខ្លួន លើ​ចំណុច​ខ្វះខាត​របស់​កីឡាករ​ឈុត​ធំ (​ទាំង​បរទេស និង​ ខ្មែរ​) ការលំបាក​ពេល​ហ្វឹកហាត់ និង​ ពេល​ប្រកួត ការគ្រប់គ្រង​ការងាររដ្ឋបាល និង ​ហិរញ្ញវត្ថុ ក្នុងពេលបច្ចុប្បន្ន​ និងទៅ​អនាគត ព្រោះថា​ក្លិប​នឹងផ្លាស់ប្តូរ​ទីលាន​របស់ខ្លួន​ទៅ​ទីលាន​ថ្មី​នៅ​តំបន់​អរិយ​ក្សត្រ នាពេលខាងមុខ​»​។

ចំពោះ​ក្រុម​អាស៊ី​អឺរ៉ុប នៅពេលនេះ​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ក្នុងចំណោម​សមាជិក​ទាំង​ ១២ ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​១៦​លើក ឈ្នះ​៤​លើក ស្មើ​២​លើក​ និង ​ចាញ់​១០​លើក​ មាន ១៤ ​ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្រុម​នេះ​កំពុងតែ​ដឹកនាំ​ដោយ​លោក សុក វាសនា អតីត​គ្រូ​ក្រុមយុវជន​ក្នុង​ក្លិបព្រះខ័ន​រាជ​ស្វាយរៀង ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684