ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់បាន ឈ្មួញ​រត់ពន្ធ​មាស លាក់​នៅក្នុង “​រន្ធ​គូទ​” ១១​នាក់​

​ញូ​ដេលី ប្រទេស​ឥណ្ឌា​៖ មន្ត្រី​ឥណ្ឌា​បាន​និយាយថា អ្នករត់ពន្ធ​មាស កំពុង​ប្រើ​វិធានការ​ដ៏​ស្វិតស្វាញ​គ្រប់បែបយ៉ាង ដើម្បី​ដឹកជញ្ជូន​មាស​ឲ្យ​រួច​ផុតពី​មន្ត្រី​គយ បន្ទាប់ពី​មនុស្ស​ជិត ១២ នាក់​ត្រូវបាន​គេ​ចាប់ខ្លួនបាន ក្នុងករណី​រត់ពន្ធ​មាស​ដោយ​លាក់​នៅក្នុង “​រន្ធ​គូទ​” របស់​ពួកគេ​ត្រូវ​បរាជ័យ​។​

​ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ដែលមាន​អ្នកប្រើប្រាស់​មាស ធំ​បំផុត​លំដាប់​លេខ ២ នៅលើ​ពិភពលោក ហើយ​ការរត់ពន្ធ​មាស​មាន​កើនឡើង ចាប់តាំងពី​ការយកពន្ធ លើ​លោហៈធាតុ​មានតម្លៃ ត្រូវបាន​ដំឡើងថ្លៃ ហើយ​លោហៈធាតុ​មានតម្លៃ ត្រូវបាន​ប្រើប្រាស់​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ពិធីបុណ្យ​សាសនា និង​ពិធីមង្គលការ​។​

​មន្ត្រី​គយ​ដែល​បានធ្វើការ​នៅ​ថ្ងៃអាទិត្យ បាន​ឃាត់ខ្លួន​មនុស្ស​ក្បាលរឹង​មួយក្រុម ដែលមាន​ឧបាយកល​រត់ពន្ធ​មាស ខណៈ​យន្តហោះ​របស់​ពួកគេ ធ្វើដំណើ​ពី​ប្រទេស​ស្រីលង្កា បាន​ចុះចត​នៅ​ភាគខាងត្បូង​ទីក្រុង Madurai នៃ​ប្រទេស​ឥណ្ឌា​។​
​មន្ត្រីជាន់ខ្ពស់​ម្នាក់ នៃ​មន្ត្រី​ទទួលខុសត្រូវ​ប្រាក់ចំណូល​បាន​ប្រាប់ AFP ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​អ្នកដំណើរ ១១ នាក់​បាន​លាក់​មាស​ពី ៣២ ទៅ ៥០ ក្រាម នៅក្នុង​រន្ធ​គូទ​របស់​ពួកគេ ហើយ ១៧ នាក់​ផ្សេងទៀត បាន​លាក់​មាស​នៅក្នុង​វ៉ា​លី​ឥ​វ៉ាន់​របស់​ពួកគេ​” ។​

​លោក​បាន​បន្ថែមថា ការចាប់​បាន​នេះ មានតម្លៃ​ច្រើនជាង ៣០ លាន​រូពី (៥០០.០០០​ដុល្លារ​) ។​
​តម្រូវការ​មាស មានការ​កើនឡើង​ខ្ពស់​នៅក្នុង​ខែ​ចុងក្រោយ​នៃ​ឆ្នាំ ព្រោះ​វា​ជា​រដូវ​កាល​អាពាហ៍ពិពាហ៍ ហើយ​បូករួម​នឹង​ការត្រៀម​លក្ខណៈ សម្រាប់​ពិធីបុណ្យ​ហិណ្ឌូ​ដ៏​ធំ Diwali និង Dussehra​។​

​ចាប់តាំងពី​ពន្ធគយ​លើ​មាស មានការ​កើនឡើង​នៅក្នុង​ឆ្នាំ ២០១៣​រួចមក ក៏​បណ្ដាល​ឲ្យ​មានការ​កើនឡើង​នៃ​ការរត់ពន្ធ​មាស​ផងដែរ​។ ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា ការ​លាក់បាំង​លោហៈធាតុ​ដ៏​មានតម្លៃ នៅ​ខាងក្នុង​រណ្ដៅ​សាកសព​មួយ ទើបតែ​ត្រូវ​ចាប់បាន​នៅពេល​ថ្មីៗ​នេះ​។​

​មន្ត្រី​គយ​បាន​និយាយថា “​វា​ហាក់ដូចជា​និន្នាការ​ថ្មី​មួយ ដែល​បានចាប់ផ្ដើម​ក្នុង​រយៈពេល​ពី ៧ ទៅ ៨ ខែ​ចុង​ក្រោយនេះ ពីព្រោះថា​បរិមាណ​មាស​មិន​ច្រើន​ទេ ដែល​វា​ជាការ​ងាយស្រួល​សម្រាប់​ពួកគេ ដើម្បី​គេចចេញ​ពី​ការ​រាវរក​”​។​

​លោក​បាន​និយាយថា ដុំ​មាស​ទាំងនោះ​ត្រូវបាន​រុំ​ដោយ​ថង់​ប្លា​ស្ទិ​ក ដែលមាន​រាង​ដូច​ថ្មពិល ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ ដាក់ចូល​និង​ដកចេញ ពី​រន្ធ​គូទ​។​

“​ពួកគេ​យក​ដុំ​មាស ញាត់​ចូល​នៅក្នុង​រន្ធ​គូទ នៅមុន​ពេល​ឡើង​យន្តហោះ ហើយ​យក​វា​ចេញ​ពេលដែល​កំពុង​ហោះហើរ ដូច្នោះ​វា​ពុំមាន​ផល​លំបាក​ក្នុងពេល​នោះទេ​។ នៅមុន​ពេលដែល​យន្តហោះ​ចុះចត ពួកគេ​យក​ដុំ​មាស​ទាំងនោះ​ញាត់​ចូលក្នុង​រន្ធ​គូទ​វិញ​” មន្ត្រី​គយ​បញ្ជាក់​។​

“​ការងារ​ទាំងអស់នេះ ត្រូវបាន​គេ​ធ្វើ​យ៉ាង​ល្អិតល្អន់ ដើម្បី​កុំឱ្យ​មាន​របួស​។​” ក្រុមប្រឹក្សា​មាស​ពិភពលោក បាន​ប៉ាន់​ស្មានថា បណ្តាញ​ជួញដូរ បាន​នាំចូល​មាស​រហូតដល់ ១២០ តោន​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ ២០១៦ ។​

​ប្រទេស​បង់​ក្លា​ដែ​ស បាន​ក្លាយជា​ផ្លូវ​សំខាន់​មួយ សម្រាប់​ការ​ការរត់ពន្ធ​មាស​ចូលទៅក្នុង​ប្រទេសជិតខាង មានដូចជា​ឥណ្ឌា បើតាម​អាជ្ញាធរ​បានធ្វើ​កំណត់ត្រា​ការឃាត់ទុក មាន ១,៥ តោន​មាស នៅឯ​ព្រលានយន្តហោះ​កាលពី​បី​ឆ្នាំមុន និង​ចាប់ខ្លួន​មនុស្ស​ជាង ១០០ នាក់​។​

​អ្នករត់ពន្ធ កាន់តែ​មានការ​ច្នៃប្រឌិត​ជាង​មុន ដោយសារ​គម្រោង​របស់​ពួកគេ ត្រូវបាន​រកឃើញ​ដោយ​អាជ្ញាធរ ដូចជា​រកឃើញ​ដុំ​មាស ដែល​ដេរ​ជាប់​នៅក្នុង​សំលៀកបំពាក់ ឬ​លាក់​នៅក្នុង​សាកសព ហើយ​អ្នកខ្លះ​ប្រើ​កង់រទេះ​ជនពិការ ដើម្បី​លាក់​ទំនិញ​ខុសច្បាប់​របស់​ពួកគេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684