ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនិពន្ធ​បទ ​«មាតា​ដៃ​១០០» ​ផ្ទុះ​ប្រតិកម្ម​ការពារ ពេជ្រ ថៃ ក្រោយ​មានការ​រិះគន់​យ៉ាង​គំហុក

​ភ្នំពេញ ​៖​ ​ ខណៈ​ការ​រិះគន់​ជាច្រើន ​បាន​និង​កំពុង​បាញ់​ចាក់​ស្រោច​យ៉ាង​គំហុក​ ទៅលើ​បេក្ខភាព​កុមារា ពេជ្រ ថៃ ថ្មីៗ​នេះ ​ស្រាប់តែ​អ្នកនិពន្ធ​បទ «មាតា​ដៃ​១០០» លោក លី ស៊ីន​ហួន បាន​ផ្ទុះ​ប្រតិកម្ម​ដោយ​បាន​ចេញមុខ​ការពារ​ ពេជ្រ ថៃ យ៉ាង​ពេញទំហឹង។

​លោក លី ស៊ីន​ហួន បាន​លើក​ជា​ទស្សនៈ​ថា​ យល់​ពាក្យ​សិល្បៈ​សិន​ទៅ​ សិល្បៈ​មាន​គ្រប់បែប​គ្រប់​រសជាតិ​ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន។​ ការប្រឡង​យក​សំឡេង​មែន​តែ​ត្រូវមាន​សមត្ថភាព​ទេពកោសល្យ​ ភាព​វៃឆ្លាត​ ចរិត​ ​និស្ស័យ​ល្អ​ ចំណេះដឹង​ទូទៅ​ និង ​ក្លាហាន​ផង​ ទើប​សមនឹង​បាន​កាន់​ពាន​ហ្នឹង​បាន។ ប្អូនៗ​ទាំងអស់​សុទ្ធសឹង​តែមាន​ចំណុច​ល្អ​ ទើប​ឆ្លង​មកដល់​វគ្គ​នេះបាន តែ​អ្នកមើល​ខ្លះ​មិនទាន់​យល់​ពី​សិល្បៈ និង ការប្រឡង​នោះទេ ​ហើយ​ថែមទាំង​យក​ប្អូន បូរី មក​វាយប្រហារ ពេជ្រ ថៃ រួម​ទាំង​ត្រួត​គ្នា​រិះគន់​កូនក្មេង​អាយុ​ ១២ ​ឆ្នាំ​ទៅវិញ​។ ខ្ញុំ​សួរថា ​តើ​មាន​ក្មេងប៉ុន្មាន​នាក់​ដែល​ឆ្លាត​វៃ​ ហើយ​មាន​សមត្ថភាព​ទេពកោសល្យ ​និង ​ចេះ​គោរព​ចាស់ទុំ​ទៀត​នោះ​? បើ​និយាយ​ពី​ក្មេង​ច្រៀង​ពីរោះ​មិន​ខ្វះ​ទេ​ តែ​គាត់​ខ្វះ​អ្វីៗ​ជាច្រើន ​ដូចជា​អន់​កាយវិការ ហើយ​បទចម្រៀង ​និង ​ទឹកមុខ​មិន​ស៊ីគ្នា ​ច្រៀង​ខុស​ភ្លេង​ជាដើម​។​ សូមកុំ​យក អឿ​ម រុន មក​ប្រៀប​នឹង ពេជ្រ ថៃ អី ព្រោះ ពេជ្រ​ថៃ​ ខ្លួនគេ​ពោរពេញ​ទៅដោយ​សិល្បៈ​ ដែល​ក្មេងៗ​ជាច្រើន​ពិបាកនឹងធ្វើ​តាមបាន​។ ​ខ្ញុំ​ទ្រាំ​យូរហើយ​តែ​ឃើញ​គេ​នាំគ្នា​ធ្វើបាប ពេជ្រ ថៃ ពេក​ ទើប​ខ្ញុំ​សុំ​ចេញ​មតិ​ទស្សនៈ​ខ្លះទៅ​។​ សម្តី​លោក លី ស៊ីន​ហួន។

លោក លី ស៊ីន​ហួន បាន​និយាយ​ទៀត​ថា សិល្បៈ​ គឺ​ការ​ទាក់ទាញ ​និង ​ថ្នម​លួងលោម​ សម្បូរ​អ្នក​ថា The voice​ គេ​យក​តែ​សំឡេង​ទេ​ ដូច្នេះ​កម្មវិធី​លើក​ក្រោយៗ​នឹង​ចាក់ផ្សាយ​តាម​វិទ្យុ​ម្តង​ហើយ​ ដើម្បី​កុំឲ្យ​ខាត​ថ្លៃ​បញ្ចេញ​ទឹកមុខ កាយវិការ និង សម្លៀក​បំពាក់​ទៀត​។ ទស្សនិកជន​អាច​តាមដានមើលមុខ​តារាៗ​បាន តាម​កញ្ចក់​វិទ្យុ​សំបុក​ស៊ី​ជោរ​បាន។

​បន្ថែម​លើ​នេះ​ លោក លី ស៊ីន​ហួន បាន​បញ្ជាក់​ថា​ ក្មេងៗ​គ្នា​នៅមាន​ឱកាស​ច្រើន​ សូមកុំ​ថា​គេ​អន់​អីទោះបី​គ្នា​ធ្លាក់ ឬ​ មិនទាន់​ដណ្តើមបាន​ពាន​ក៏ដោយ ក៏​យើង​ត្រូវ​លើកទឹកចិត្ត​គ្នា​ផង​។ ​រឿង​ប្រឡងច្រើន​វគ្គ​ បទ​ចម្រៀង​ច្រើន​ចង្វាក់​ ច្រើន​រសជាតិ​ ទើប​យើង​មិនដឹងថា អ្នកធ្លាក់​ដោយសារ​អ្វីនោះទេ ព្រោះ​ប្អូន​ខ្លះ​សំឡេង​ល្អ​តែ​ច្រៀង​ខុស​ភ្លេង ​ឬ​ សំឡេងគាំទ្រ​តិច​ក៏​អាចមាន​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684