ព័ត៍មានទាន់​ហេតុការណ៏
Search

Dernchunlek ​មក​សងសឹក​ ឡៅ​ ចន្ទ្រា ខ​ណៈ ​សេង ស្រឿ​ន ​ជួប ​Lersthavy នៅ​សង្វៀន​បឹង​ស្នោ

​អ្នក​ប្រដាល់​ថៃ Dernchunlek បានប្រកាស​សុំ​សងសឹក​អ្នក​ប្រដាល់​កម្ពុជា ​ឡៅ ចន្ទ្រា ក្លិប​កងពលតូចទ័ព​ឆ័​ត្រ​យោង​៩១១ នា​រសៀល​ថ្ងៃអាទិត្យ​ ទី​១៥​ ខែតុលា ​ឆ្នាំ២០១៧​នេះ នៅក្នុង​កម្មវិធីប្រដាល់ ​LEO លើស​ង្វៀន​បាយ័ន​បឹង​ស្នោ។ ឡៅ ចន្ទ្រា និង Dernchunlek នេះធ្លាប់​ជួបគ្នាពីរលើក​រួចមកហើយ ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​ ៦៣,៥០០​ គីឡូក្រាម កាលពី​ចុងឆ្នាំ​ ២០១៦​ កន្លងមក។ ក្នុងការ​ជួបគ្នា​វគ្គ​ជម្រុះ ចន្ទ្រា​ វាយ​ឈ្នះ Dernchunlek ក្នុង​ទឹក​ទី​៤ និង ​ជួប​លើក​ទី​២​ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ចន្ទ្រា​ ឈ្នះ​ដោយ​ពិន្ទុទាំង​តឹងតែង។ ពួកគេ​ពីរ​នាក់ជួបគ្នា​លើក​នេះ ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម។

​ចន្ទ្រា ជា​អ្នក​ប្រដាល់​ដែលមាន​អំណោយផល​ល្អ​ខាង​កាយសម្បទា ដោយគេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង​ កែង។ ចន្ទ្រា ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជាង ៥០​ លើក​ហើយ​កន្លងមក ដែល​ការប្រកួតចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Navy ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៧​ តុលា កន្លងមកនេះ។ ចាំមើល ឡៅ ចន្ទ្រា អាច​យកឈ្នះ Dernchunlek បាន​ទៀត​ដែរ​ឬ​អត់?។

​ចន្ទ្រា តាំងពី​ដូរ​ឥរិយាបថ​ប្រកួត ដោយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះទេ គឺ​គេ​ចូល​វាយ​មុន​តែម្តង។ ដោយសារ​ការប្តូរ​យុទ្ធវិធី​ប្រកួត​បែបនេះ ធ្វើឱ្យគេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ​ក្នុងការ​ប្រកួត​ជាមួយអ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ។ តែ​លើក​នេះ ចន្ទ្រា​ ត្រូវ​ជួប​ជើង​ខ្លាំង ទោះបីជា​ធ្លាប់​ឈ្នះក្តី ចន្ទ្រា ​ក៏​មិនជា​ស្រួល​យកឈ្នះ Dernchunlek នោះដែរ។

Dernchunlek គេ​មិនមែន​តែ​ធ្លាប់​ចាញ់ ​ឡៅ ចន្ទ្រា​ នោះទេ គឺ​គេ​ធ្លាប់​វាយ​ឈ្នះ ​សុខ សុវណ្ណ ជើង​ខ្លាំងរបស់​កម្ពុជា​យើង​ដោយ​ពិន្ទុ និង ​ឈ្នះ​ ឈឿន ឆៃ​ដែន ដោយ​ពិន្ទុ​ដែរ។ ការដែល​អាច​យកឈ្នះលើ​ សុខ សុវណ្ណ​ និង​ ឈឿន ឆៃ​ដែន​ នេះ គឺ​បញ្ជាក់ថា Dernchunlek គេ​មិនធម្មតានោះឡើយ។ ចាំមើល ការប្រកួត​លើក​នេះ Dernchunlek គេ​អាច​សងសឹក​យកឈ្នះ ​ឡៅ ចន្ទ្រា បាន​វិញ​ដែរ​ឬ​អត់?​។

​អ្នក​ប្រដាល់​កម្ពុជា​ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ ​Lersthavy Mor.Phuwana។ សេង ស្រឿ​ន និង Lersthavy នេះមិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយពួកគេ​ពីរ​នាក់​នេះជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម។ សេង ស្រឿ​ន គេ​ជា​ជើងឯក​រងខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់ ​៦៥ ​គីឡូក្រាម។ អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន​ ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ ១៤​ លើក​ហើយ​កន្លងមក ដោយ​ឈ្នះ ​១០​លើក ​និង ចាញ់​០៤​លើក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Chhork Chhai​ ក្នុង​ទឹកទី​២ កាលពី​ថ្ងៃទី​៣០ ​កញ្ញា​ ២០១៧។ ចាំមើល សេង ស្រឿ​ន អាច​យកឈ្នះ Lersthavy បាន​ឬ​អត់ ?។

​អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​រូបនេះ តាំងពី​ដូរ​របៀប​វ៉ៃ ដោយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះទេ គឺ​គេ​ចូលវាយ​មុន​តែម្តង។ ដោយសារ​ការប្តូរ​យុទ្ធវិធី​ប្រកួត​បែបនេះ ធ្វើឱ្យ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ។ តែ​លើក​នេះ សេង ស្រឿ​ន ​ត្រូវ​ជួប​ជើងខ្លាំងលើស​គូប្រកួត​លើក​មុន​ទៅទៀត ហេតុនេះ​មិនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយ។

Lersthavy គេ​មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក ហើយបើតាម​អ្នក​ផ្គូផ្គង​ឱ្យដឹង​នោះ​ថា អ្នកប្រដាល់​ថៃ​រូបនេះគេ​វាយ​ខ្លាំង និង​ មាន​ផ្លែ​ល្អ​ថែមទៀត​។​ ទោះជា​យ៉ាងណា សេង ស្រឿ​ន គេមិនអាច​មើលស្រាល Lersthavy បានទេ។ ចាំមើលការប្រកួត​លើក​នេះ​ជាមួយ Lersthavy ​ តើ សេង ស្រឿ​ន ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនោះបាន​ឬ​អត់ ?​។

​ចំពោះ​ការប្រកួត​គូ​មិត្តភាព​ធម្មតា​វិញ បាង កា​នុ​ន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ឡើងជម្រះបញ្ជី​ជាមួយ អាន ទាវ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ប្រកួត​ក្នុងប្រភេទ​ទម្ងន់​ ៥៤​ គីឡូក្រាម​។ ​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ពីរលើក​ហើយ​កន្លងមក ដោយ​ជួប​លើក​ទី​១​ អាន ​ទាវ​ ឈ្នះ ​កា​នុ​ន ​ដោយ​ពិន្ទុ​ និង ​លើក​ទី​២ ​ស្មើ​គា្ន​។ ដូច្នេះ ការជួបគ្នា​លើក​នេះ គឺជា​ការជួប​លើក​ទី​៣ របស់​ពួកគេ​ទាំងពីរ។ យ៉ាងណារវាង​ អាន ទាវ និង បាង កា​នុ​ន​ ជួបគ្នាលើក​នេះ ពុំ​ដឹងថា​អ្នកណា​ជា​អ្នកឈ្នះ​នោះទេ​?។​

ចំណែក ចាន់ ទូច អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ ម៉ៅ ប៉ោក អ្នក​ប្រដាល់​ក្លិបរាជសីហ៍​ខេត្តរតនគិរី ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម​ដែរ។​ ទោះជា​យ៉ាងនេះ​ក្តី ចាន់ ទូច មិនអាច​មើលស្រាល ​ម៉ៅ ប៉ោក បានឡើយ ព្រោះថា​អ្នក​ប្រដាល់​នេះមានចិត្ត​ប្រដាល់​ធំ​ណាស់ មិនងាយ​ចុះចាញ់​ងាយៗ​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684