ព័ត៍មានទាន់​ហេតុការណ៏
Search

TMCC ៖ ក្រុម​ជើងឯក​២​សម័យ Burriram United របស់​ថៃ របូត​កៅអី​ការពារ​តំណែង​ប្រចាំ​ឆ្នាំនេះ

ក្រុមបាល់ទាត់ Buriram United របស់​ថៃ អស់​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ Toyota Mekong Club Championship 2017 (TMCC) ពោលគឺ​កៅអី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោយ​ចាញ់​ក្រុម​គូប្រជែង​ក្នុងប្រទេស​គឺ Muangthong United នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពាន Toyota Thai League Cup 2017​។

នៅ​ប្រទេស​ថៃ ក្រុម​ជើងឯក​ពានរង្វាន់ Toyota Thai League Cup ទទួល​កៅអី​ទៅ​ចូល​លេង​ក្នុង​ពានរង្វាន់ TMCC នៅតាម​ឆ្នាំ​នីមួយៗ​។ ដូច្នេះ​នៅ​ប្រទេស​ថៃ មិនទាន់​រកឃើញ​ក្រុម​ដែល​អាច​ឡើងទៅ​ឈរ​ចាំ​ពានរង្វាន់ TMCC 2017 ក្នុង​វគ្គគ​ផ្ដាច់ព្រ័ត្រ​នៅឡើយ​នោះទេ ដោយ​ចាំមើល​កាល​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Thai League Cup ឆ្នាំនេះ​សិន ខណៈ​បេក្ខភាព​ទាំង​៤​មាន Muangthong United, BEC Tero Sasana, Chiangriai United និង​ក្រុម Ratchaburi Mitr Phol​។

​តាម​គម្រោង​ពានរង្វាន់ TMCC 2017 ត្រូវ​រៀបចំឡើង​ពីថ្ងៃ​ទី​៩ ខែធ្នូ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៧ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨​។ ការប្រកួត​នេះ​បែង​ចែកជា​៣​វគ្គ ដោយ​វគ្គ​ទី​១ ក្រុម​មកពី​លីក​កំពូល​របស់​ប្រទេស វៀតណាម និង​កម្ពុជា ត្រូវ​ប្រកួត​ជម្រុះ​គ្នា​ចំនួន​២​លើក​ពោល​គឺ​ប្តូរ​ទឹកដី​គ្នា​សិន​ហើយ​ក្រុម​ដែល​ឈ្នះ​ ត្រូវ​ឡើងទៅ​ជួប​ក្រុម​មកពី​លីក​កំពូល​ឡាវ​គឺ Lao Toyota FC ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​ជា​វគ្គ​ទី​២ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍​។ វគ្គ​ទី​៣ ក្រុម​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ជើងឯក​ពានរង្វាន់ 2017 Thia League Cup របស់​ថៃ​ដែល​អង្គុយចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​មាន​២​លើក ដើម្បី​ដណ្ដើម​ជើងឯក​។ យ៉ាង​ណា​ក្តី​ភាគី​ក្រុម​មី​យ៉ាន់​ម៉ា បានសម្រេច​មិន​ចូលរួម​ប្រកួត​នោះ​ទេ​នៅ​ឆ្នាំនេះ​។

​យ៉ាង​ហោច​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១៧៣,០០០ ដុល្លារ​អាមេរិក នឹងត្រូវ​ត្រៀម​រៀបចំ​ពានរង្វាន់​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ Toyota Mekong Club Championship 2017 (TMCC) ខណៈ​ក្រុម​ដែល​ឈ្នះ​ជើងឯក​នឹង​ទទួល​បាន​ចំនួន​៧៥,០០០​ដុល្លារ​អាមេរិក​ ហើយ​ក្រុម​ជើងឯក​រង​ទទួល​បាន​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ បាន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ បាន​៥​ពាន់​ដុល្លារ​អាមេរិក ខណៈ​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ (MVP) ទទួលបាន​៣​ពាន់​ដុល្លារ​អាមេរិក​ផងដែរ​។

គិត​ត្រឹម​ពេលនេះ​មានតែ​ឡាវ ប៉ុណ្ណោះ រក​ឃើញ​ក្រុម​ជា​បេក្ខភាព​ក្នុង​ពានរង្វាន់​នេះនោះ​គឺ​ក្រុម Lao Toyota FC ក្រោយ​ឈ្នះ​ជើងឯក​នៅ​ប្រទេស​នេះ​។ ចំណែក​លីក​កម្ពុជា ទើប​ធ្វើបាន​ត្រឹម​១៦​សប្ដាហ៍​នៅឡើយ​នោះ​ទេ ប៉ុន្តែ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ទាំង​វគ្គ​សន្សំ​ពិន្ទុ​២​ជើង នឹង​មាន​ឈ្មោះ​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ខណៈ​លី​ក​កំពូល​វៀតណាម​វិញ​ធ្វើឡើង​បាន​ត្រឹម​១៩​សប្ដាហ៍​ប៉ុណ្ណោះ​។ ចំណែក​ពានរង្វាន់ 2017 Thia League Cup របស់​ថៃ ទើបតែ​បញ្ចប់​ដំណើរការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ​។

ពានរង្វាន់ Toyota Mekong Club Championship រៀបចំឡើង​បាន​៣​លើក​មក​ហើយ គិត​ពី​ឆ្នាំ​២០១៤ មក​ដែល​ក្រុម Becamex Binh Doung របស់​វៀតណាម បានឈ្នះ​ជើងឯក​នៅ​ឆ្នាំ​ដំបូង ហើយ​២​ឆ្នាំ​បន្ទាប់​ក្រុម Buriram United របស់​ថៃ ឈ្នះ​ជាប់ៗ​គ្នា​។ ចំពោះ​ក្រុម​តំណាង​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​វិញ ទើបតែ​មាន​២​ក្រុម​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០១៤ ក្រុម​ភ្នំពេញ​ក្រោ​ន ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ហើយ​នៅ​ឆ្នាំ​២០១៥ ក្រុម​បឹង​កេត ទទួល​បាន​ជើងឯក​រង និង​ឆ្នាំ​២០១៦ ក្រុម​បឹងកេត បន្ត​ចេញទៅ​ប្រកួត​ទៀត តែ​បាន​ត្រឹម​លេខ​៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684