ព័ត៍មានទាន់​ហេតុការណ៏
Search

អវត្តមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ឲ្យ​កម្ពុជាទទួលបាន​ដៃគូ​ប្រជែង​ ដើម្បី​បម្រើ​មហាជន និង​ជាតិ​មាតុភូមិ

ភ្នំពេញ ​៖ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា សកម្មភាព​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី​គណបក្សប្រឆាំង​កន្លងមក គឺ​គ្មាន​អ្វី​ក្រៅពី​ការ​កៀរគរ​បរទេស មិន​ឲ្យ​ទំនាក់ទំនង និង​កម្ពុជា ផ្តាច់​ការងារ​ទូត​ជាមួយ​កម្ពុជា មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា បំភិតបំភ័យ អ្នក​វិនិយោគ​ទន់​មកកាន់​កម្ពុជា​នោះ​ទេ ដូច្នេះ​ការ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​វាសនា​របស់​កម្ពុជា ដែល​ទទួល​បាន​នូវ​ការប្រកួតប្រជែង​ដើម្បី​បម្រើ​មហាជន​ក្នុង​លក្ខណៈ​ភាគី​ដៃគូ​នយោបាយ​បម្រើ​ជាតិ គឺ​មិនមែន​ជា​គណបក្ស​ឧទ្ទាម​ក្នុង​ក្រុង​ប្រឆាំង​យកគ្នា​ជាស​ត្រូវ​នោះឡើយ​។​

លោក ផៃ ស៊ី​ផាន លើកឡើង​បែបនេះ ជាការ​ឆ្លើ​យ​តប​ទៅ​និង​សំណួរ​របស់​អ្នកសារព័ត៌មាន​បរទេស​មួយ​ចំនួន ដែល​បាន​លើក​ឡើង​ថា ការ​រំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ការ​រំលាយ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ហើយ​ថា ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​លទ្ធផល​នៃ​ការបោះឆ្នោត​។​

ឆ្លើយតប​សំណួរ​នេះ លោក ផៃ ស៊ី​ផាន រំលឹក​ដល់​ពាក្យ​ជា​យុទ្ធសាស្ត្រ​របស់​សេចក្តីថ្លែងការណ៍​បោកប្រាស់​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល ដែល​អង្គការ​នៅ​បរទេស​ទាំងអស់​នោះ បាន​ផ្សព្វផ្សាយ​ជា​របាយការណ៍​ចំហ​រថា “​កម្ពុជា​ពុំ​ដែល​មាន​លទ្ធិ​ប្រជា​ធិបតេ​យ្យ​ម្តង​ណា​ឡើង​” ហេតុដូចនេះ កម្ពុជា គឺ​មិន​ស្ថិត​នៅ​ក្នុង​ឥទ្ធិពល​នៃ​ហេតុការណ៍​វាយតម្លៃ​ពីមុខ​ក្រុម​បរទេស​ទាំង​នោះ​ទេ ត្បិត​របាយការណ៍​ទាំងនោះ​ជា​របាយការណ៍​វិទ្ធង្សនា ប្រឆាំង​និង​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។

លោក​បន្ត​ថា គេ​បាន​បំផុស និង​បង្កើត​ឲ្យ​មាន​ការយល់​ដឹង​ជា​សាធារណៈ​នូវ​ពាក្យ​យុទ្ធនាការ​ក្នុងការ​បំផ្លាញ​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​កម្ពុជា និង​ជា​យុទ្ធសាស្ត្រ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​នីតិរដ្ឋ​របស់​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា ដោយ​ប្រើពាក្យ​គន្លឹះ និង​ជា​យុទ្ធសាស្ត្រ គឺ​“​សេរី យុត្តិធម៌ និង​ទទួល​យក​បាន​” ដោយ​ពង្វាង ឬ​ឆក់​ប្លន់​នូវ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​សិទ្ធិ និង​កាតព្វកិច្ច​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ពួកគេ​។ ដូច្នេះ ជន​ណា ឬ​អង្គការ​ណា ដែល​យកពាក្យ​គន្លឹះ​ជា​យុទ្ធសាស្ត្រ​នេះ​មក​ធ្វើជា​យុទ្ធនាការ គឺជា​សញ្ញា​នៃ​ការ​លូកលាន់​ផ្ទៃក្នុង​នៃ​ដែន​អធិបតេយ្យ​កម្ពុជា អូសទាញ​ពី​ការអនុវត្ត​ពេញលេញ​នូវ​ច្បាប់​នៃ​ការបោះឆ្នោត​របស់​កម្ពុជា​។​

តាម​លោក ផៃ ស៊ី​ផាន អ្វីដែល​កម្ពុជា និង​រាជរដ្ឋាភិបាល ជួបប្រទះ​ជាមួយ​គណបក្សនយោបាយ​ខ្មែរ​ដទៃ​ទៀត គឺ​ប្រាថ្នា ការគោរព​ឲ្យ​បាន​ពេញលេញ​នូវ​ការ​អនុវត្តន៍​ច្បាប់ ដែល​កម្ពុ​ជាមាន និង​បំណង​បន្ថែម​នូវ​ប្រសិទ្ធភាព​នៃ​ការបង្រួបបង្រួម​ជាតិ និង​សេរី​ពហុបក្ស​។ ជា​ឧទាហរណ៍​ជាក់​ស្តែង ការ​លះបង់ និង​ភាព​នាំមុខ ក្នុងការ​បង្រួបបង្រួម​ជាតិ​នៅក្នុង​ឋានានុក្រម​កិត្តិយស​ជាមួយ​រាជរដ្ឋាភិបាល គឺប្រធាន CNRP ទទួលបាន​សិទ្ធិ និង​ផលប្រយោជន៍ ជា​ដៃគូ​ពិភាក្សា​ស្មើនឹង “​នាយករដ្ឋមន្ត្រី​” ភាពជា​ដៃគូ​នៅក្នុង​ស្ថាប័ន​សភា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ទទួល​បាន​នូវ​កិត្តិយស ជា​អនុ​ប្រធានសភា ហើយ​នៅក្នុង​លក្ខណៈ​ជា​គ្រួសារ ក៏មាន​ការហូប​បាយ​សាមគ្គី​រវាង​គ្រួសារ​សម្តេច​តេ​ជោ និង​គ្រួសារ​របស់លោក​សមរ​ង្ស៊ី​ផងដែរ​។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូបនោះ​អះអាង​ថា នៅក្នុង​លក្ខខណ្ឌ​នេះ មិន​ត្រឹមតែ​ការ​បំពេញ និង​ការអនុវត្ត​វប្បធម៌​សន្ទនា​នៅក្នុង​ការពង្រឹង​នៃ​ការបង្រួបបង្រួម​ជាតិ ដែលជា​ការប្រឹងប្រែងរ​បស់​សម្តេច​តេ​ជោ ក៏ប៉ុន្តែ​ប្រធាន​គណបក្ស​នេះ​នៅតែ​បន្ត​ចរិត និង​វប្បធម៌​ឧទ្ទាម ដែលមាន​មហិច្ឆតា​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ចងគំនុំ​ជាមួយនឹង​សម្តេច​តេ​ជា​នាយករដ្ឋមន្ត្រី ដែល​កើត​ចេញពី​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​គ្រួសារ​របស់​សម្តេច​តេ​ជោ​ផងដែរ​។ ក្រុម​នោះ នៅតែ​បន្ត និង​ពង្រឹង​យ៉ាងសកម្ម​នូវ​ការ​ពង្វក់ និង​បណ្តុះ​ស្មារតី​ឧទ្ទាម​និយម​ក្នុង​ក្រុម​របស់ខ្លួន ដែល​ញុះញង់​បំបែកបំបាក់​សង្គម​ខ្មែរ​ឲ្យ​ក្លាយ​ជា​ខ្មាំងសត្រូវ តាំងពី​ក្រុម​តូច រហូតដល់​ក្រុម​ធំ​នៃ​សង្គមជាតិ​ទាំងមូល​។

ករណី​ជន​ជាប់​បន្ទុក​នៃ​ការសង្ស័យ​ពី​បទ​ក្បត់ជាតិ លោក កឹម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង របស់​តុលាការ​នោះ ពលរដ្ឋ​កម្ពុជា​បាន​ដឹង​គ្រប់ៗ​គ្នា​នៃ​ភស្តុតាង​រឹងមាំ និង​រស់​រវើក​ដែល​បង្ហាញថា ជន​ជាប់​បន្ទុក​រូប​នេះ គឺ​បាន​បំពាន​ច្បាប់​កម្ពុជា ក្នុង​ការ​ស៊ុមគ្រលុំ​ជាមួយ​បរទេស ដែល​បង្ក​ឲ្យ​មាន​ស្ថានភាព​វឹកវរ បះបោរ​ក្នុង​រូបភាព​បដិវត្តន៍​ពណ៌ មិន​គោរព​ទទួលស្គាល់​ច្បាប់ ដែល​ជា​ឆ្អឹងខ្នង​នៃ​លទ្ធិប្រជាធិបតេយ្យ ព្រម​ជាមួយនឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​ប្រឆាំង​បំពាន និង​ដាក់​សម្ពាធ​លើ​តួនាទី​របស់​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ជាដើម​។

តាម​លោក ផៃ ស៊ី​ផាន ការ​ញុះញង់​បង្ក​បង្កើត​ជា​ចលនា​មហាជន​ក្នុង​ការកសាង​កម្លាំង​ឧទ្ទាម​ក្នុង​ក្រុងមាន​សកម្មភាព​កុបកម្ម​ហិង្សា ដែល​ជា​សុ​បិ​ន្ត​អាក្រក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្រឡាញ់​សន្តិភាព សន្តិសុខ និង​ការ​រីកចម្រើន ទោះជា​ក្នុង​លក្ខណៈ​សង្គម​ក្តី ឯកជន​ក្តី​។ លោក​បន្ត​ថា ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ការ​ផ្សះផ្សា​ជាតិ តាមរយៈ​ការ​គោរព​គ្នា​ទៅវិញទៅមក គឺជា​ការ​គោរព​សិទ្ធិ និង​របប​នយោបាយ ដែល​ត្រូវតែ​អនុវត្ត​ទៅតាម​នីតិរដ្ឋ​របស់​ក​ម្ពុ​ជា​។ កម្ពុជា​មិន​ចង់បាន​ការបំពាន​ទៅលើ “​សន្តិភាព សន្តិសុខ​ជាតិ និង​វិបុលភាព​” នោះ​ទេ​។ ដូច្នេះ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែម​ទៀត គឺ​កម្ពុជា​មិន​ចង់បាន​គណបក្ស​នយោបាយ​ប្រឆាំង​ស្លាប់​រស់​នោះទេ​ ដូចជា​ការ​កៀរគរ​ប​រទេស​មក​បំផ្លាញ​សាមគ្គីភាព សន្តិភាព សន្តិសុខ​ជាតិ និង​វិបុលភាព​របស់​ខ្លួន​។ ឧទាហរណ៍​ជាក់​ស្តែង គឺ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី​នៅ​ក្នុង CNRP គឺ​គ្មាន​អ្វី​ក្រៅពី​ការ​កៀរគរ​បរទេស មិន​ឲ្យ​ទំនាក់ទំនង និង​កម្ពុជា ផ្តាច់​ការងារ​ទូត​ជាមួយ​កម្ពុជា មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា បំភិតបំភ័យ អ្ន​កវិនិយោគ​ទុន ដូច្នេះ​នេះ​ជា​អំពើ​ក្បត់​ផលប្រយោជន៍​ជាតិ​រួចស្រេច​ហើយ​។

លោក ផៃ ស៊ី​ផាន លើកឡើង​ទៀត​ថា កម្ពុជា​មានការ​ប្រកួត​ប្រជែង​នយោបាយ​លើ​គណបក្ស​មួយចំនួនទៀត​ផង​ដែរ ដូចនេះ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​វាសនា​របស់​កម្ពុជា ដែល​ទទួលបាន​នូវ​ការប្រកួតប្រជែង​ដើម្បី​បម្រើ​មហាជន​ក្នុង​លក្ខណៈ​ភាគី​ដៃគូ​នយោបាយ បម្រើ​ជាតិ គឺ​មិនមែន​ជា​គណបក្ស​ឧទ្ទាម​ក្នុង​ក្រុង​ប្រឆាំង​យកគ្នា​ជាស​ត្រូវ​នោះឡើយ។

ចំពោះ​សំណួរ​អំពី​ការភ័យខ្លាច​លទ្ធផល​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ លោក ផៃ ស៊ី​ផាន លើកឡើងថា ជា​សំណួរ​បង្កប់​នូវ​យុទ្ធនាការ​បំភាន់ និង​ជា​សង្គ្រាមចិត្តសាស្ត្រ​ដូច​អ្វី ដែល​បរទេស​បាននាំគ្នា​បន្ទរ ដោយ​បង្អាប់​ទម្លាក់​តម្លៃ​ខ្លួនឯង ឬ​ធ្វើជា​ខ្វាក់​ទៅលើ​តួលេខ​ជាក់​ស្តែង​នៃ​លទ្ធផល​បោះឆ្នោត ឃុំ​សង្កាត់​ថ្មី​នេះ (២០១៧) ហើយ​ចំណាត់​ការ​យ៉ាង​ហ្មឺងហ្មាត់​របស់​រាជរដ្ឋាភិបាល គឺជា​ការប្តេជ្ញា​ការពារ​ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ក្នុង​កិច្ច​ថែរក្សា “ សន្តិភាព សន្តិសុខ និង វិបុលភាព​” តែប៉ុណ្ណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684