ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ច​ប្រជុំពេញអង្គ ​រដ្ឋ​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៣ នៅ​ប្រទេស​សឹង្ហ​បុរី

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​​អាស៊ាន​លើក​ទី ២៣ នៅ​ប្រទេស​សឹង្ហ​បុរី​។

កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក Teo Chee Hean ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​ទទួលបន្ទុក​សន្តិសុខ​ជាតិ​សឹង្ហ​បុរី ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​ដៃគូ​សន្ទនា​អាស៊ាន លោក Khaw Boon Wan រដ្ឋមន្ត្រី​សម្របសម្រួល ទទួលបន្ទុក​ហេដ្ឋារចនាសម្ព័ន្ធ និង​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​សឹង្ហ​បុរី ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ និង​លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ ជា​អនុប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។

កិច្ចប្រជុំ​ផ្តោត​សំខាន់​ការពិភាក្សា លើ​ ៖ ការដឹកជញ្ជូន​តាមផ្លូវ​គោក​, ផ្លូវ​សមុទ្រ​, ផ្លូវអាកាស​, កិច្ច​សម្រួលការ​ដឹកជញ្ជូន និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

រដ្ឋមន្ដ្រី​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការបញ្ចប់​ការប្រមូល​ទិន្នន័យ​បណ្តាញ​ផ្លូវ​ហាយវ៉េ​អាស៊ាន សម្រាប់​រយៈពេល ៥​ឆ្នាំ​ម្តង ដើម្បី​វាយតម្លៃ​ការងារ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការ​សាងសង់ និង​ការ​ពង្រឹង​គុណភាព​បណ្តាញ​ផ្លូវ​ហាយវ៉េ​អាស៊ាន​។

រដ្ឋមន្ដ្រី​បាន​ស្វាគមន៍​ចំពោះ​ការ​ឡើងក​ម្រឹត ៦៩% នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​ក្រោម​ក​ម្រិត ៣ និង ២០% នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​ក​ម្រិត ៣ ទៅ​ក​ម្រិត​ស្តង់ដារ​ខ្ពស់​ជាង​នេះ និង​ការកើនឡើង ១០% នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​ក​ម្រិត​ខ្ពស់​បំផុត ក្នុង​កំឡុង​ឆ្នាំ​២០០៤-២០១៤ ដោយ​ក្នុង​នោះ នៅ​មាន​ផ្លូវ​ហាយវ៉េ​អាស៊ាន​ក្រោម​ក​ម្រិត ៣ ប្រវែង ២.០៤៧​គីឡូម៉ែត្រ ក្នុង​បណ្តាញ​ផ្លូវ​ហាយវ៉េ​អាស៊ាន​សរុប​។

​រដ្ឋមន្ដ្រី​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត ដើម្បី​លើ​កក​ម្រិត​ផ្លូវ​អាស៊ាន​ហាយវ៉េ​ក្រោម​កម្រិត ៣ និង ក​ម្រិត ៣ ដែល​នៅសល់ ទទួល​បាន​ស្តង់ដារ​ខ្ពស់​ជាង​នេះ ដើម្បី​គាំទ្រ​ដល់​បណ្តាញ​ដឹកជញ្ជូន​តាម​ផ្លូវ​គោក​ក្នុង​តំបន់​អាស៊ាន ឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត។

រដ្ឋមន្ត្រី​បាន​ពិភាក្សា និង​អនុម័ត​លើ​ឯកសារ​សំខាន់ៗ​ដូចខាងក្រោម ១. ផែនការមេ ស្តីពី​ការគ្រប់គ្រង​ចរាចរណ៍​តាមផ្លូវ​អាកាស​អាស៊ាន​។

២. លក្ខខណ្ឌ​ប្រតិបត្តិ សម្រាប់​ការវាយតម្លៃ​សុវត្ថិភាព​ប្រតិបត្តិ​ករ​បរទេស​ក្នុង​តំបន់​អាស៊ាន​។
៣. សេចក្តីណែនាំ ស្តីពី​ការទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​កំពង់ផែ​
​អាស៊ាន​។

៤. សៀវភៅ ស្តីពី​ការអនុវត្តន៍​ល្អ​បំផុត​សម្រាប់​សម្រួល​ដល់​អ្នកប្រើប្រាស់​ពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន​។
៥. លក្ខខណ្ឌ​ប្រតិបត្តិ សម្រាប់​ការបង្កើត​ដៃគូ​សន្ទនា​វិស័យ​ដឹកជញ្ជូន​អាស៊ាន​-សហគមន៍​អឺរ៉ុប។
៦. សៀវភៅ ស្តីពី​ការអភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​អាស៊ាន សម្រាប់​រំលឹក​ខួប លើក​ទី​៥០ នៃ​ការបង្កើត​អាស៊ាន​។

រដ្ឋមន្ត្រី​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​ចំនួន​៥ ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​៖១. កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន ស្តីពី​កិច្ច​សម្រួលការ​ដឹកជញ្ជូន​អ្នកដំណើរ ឆ្លងកាត់​ព្រំដែន​តាម​រថយន្ត​។
២. ពិធីសារ​អនុវត្តន៍​កិច្ចសន្យា​កញ្ចប់​ទី​១០ ស្តីពី​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ អាកាស ក្រោម​ក្របខណ្ឌ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​សេវាកម្ម​។​
៣. ពិធីសារ​ទី​៣ ស្តីពី​កិច្ចសហការ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ​។​
៤. កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន ស្តីពី​ដំណើរការ​ទទួលស្គាល់​ទៅវិញទៅមក វិញ្ញាបនបត្រ​បាហុនិកា​។​
៥. អនុស្សរណៈ​យោគយល់ រវាង​អាជ្ញាធរ​ទទួលបន្ទុក​ស៊ើបអង្កេត​គ្រោះថ្នាក់ អាកាសយាន​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការទាក់ទង​នឹង​ការស៊ើបអង្កេត​ឧប្បត្តិហេតុ និង​គ្រោះថ្នាក់​អាកាសយាន៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684