ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​បាល់ទាត់​ចៅហ្វាយខេត្ត​ព្រះវិហារ ចាប់ផ្ដើម​ប្រកួត​ដោយមាន​១៧​ក្រុម​ចូលរួម

ការប្រកួត​បាល់ទាត់​ម​ហា​ជន​ពានរង្វាន់​ជើងឯក​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ​បានចាប់ផ្ដើម​ដំណើរការ​ កាលពី​ពេល​ថ្មីៗ​ ក្នុង​គោលដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​ខេត្ត ដោយមាន​ក្រុម​ចូលរួម​ចំនួន​១៧​ក្រុម​ផ្សេងគ្នា​លើ​ទីលាន​បាល់ទាត់​កីឡដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ មួយ​នេះ​។

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា ​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​កីឡា​នេះ ព្រោះ​ប្រទេស​កំពុង​ទទួល​នូវ​សុខ​សន្តិភាព​យ៉ាង​ពេញលេញ​។ លោក​បាន​ប្រាប់​ទៅកាន់​ក្រុម​កីឡា​ករ​ទាំង​១៧​ក្រុម​ថា ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ប្រកួត ដើម្បី​ឈាន​ទៅ​ដល់​ដណ្តើម​បាន​យក​ជើងឯក នឹង​បន្ត​ចេញទៅ​ប្រ​កូត​ថ្នាក់ជាតិ​។ លោក​សង្ឃឹមថា​កីឡាករ ទាំងអស់​ត្រូវ​អត់ធ្មត់​ព្យាយាម សម្រាប់​លទ្ធផល​ឈ្នះ​ចាញ់ ជា​រឿង​ធម្មតា នៅក្នុង​ការប្រកួត​កីឡា​ព្រោះ​គ្មាន​ក្រុម​ណា​ប្រកួត​មិនចេះ​ចាញ់​នោះទេ សំខាន់​គឺ​សាមគ្គី​គ្នា​។ អត្ថន័យ​បន្ថែម​ក្នុង​ការបង្កើត​ពានរង្វាន់​នេះ​គឺ​លោក​ចង់ឃើញ​កីឡាករ​ទាំង​និង​ប្រជាជន​ក្នុង​ខេត្ត​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដែល​អាច​បំផ្លាញ​សុខភាព ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម ជាពិសេស​ធ្វើ​ឲ្យ​បាត់បង់​សុភមង្គល និង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​សង្គមជាតិ​ផងដែរ​។

ពានរង្វាន់​លើកដំបូង​នៅក្នុង​ខេត្ត​នេះ​មាន​រយៈពេល​៧​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ដែល​ក្រុម​ទាំង​១៧​បាន​បែង​ចែកជា​៤​ពូ​ល​ផ្សេងគ្នា​ក្នុងនោះ​ពូ​ល A មាន​ក្រុមយុវជន​ខេត្តព្រះវិហារ​, ឥន្ទ្រី​មាស​អែ​ហ្វ​ស៊ី​, ខ្លាច​ព្រៃ CSO FC, មន្ទីរ​ប្រៃសណីយ៍​ខេត្ត​, គោព្រៃ​ព្រះវិហារ ពូ​ល B មាន​សុ​ខៈន​ន្ទៈ​គុន​ខ្មែរ​, King Lion FC, ព្រហ្ម​មុខ​បួន​, អាណាចក្រ​ខ្មែរ ពូ​ល C មាន S.M United, ឥន្ទ្រី​ខ្មៅ CSN FC, សាលា​គរុកោសល្យ​ខេត្ត​, ស​.​ស​.​យ​.​ក ស្រុក​ឆែប ពូ​ល D សាលាក្រុង​ព្រះវិហារ​, ស​.​ស​.​យ​.​ក ខេត្ត​, តោ​កំណាច​ខាងកើត និង ព្រះវិហារ City FC​។

លោក យឹម អ​ម្រិ​ន​សួគ៌ា តំណាង​គណៈកម្មការ​បា​ន​លើកឡើងថា​ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ​ចំនួន​២​ក្រុម​នឹងមាន​ឈ្មោះ​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយ​បន្ត​ប្រកួត​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ចំពោះ​ក្រុម​ដែល​ដណ្តើមបាន​ជើងឯក​នឹង​ទទួល​ពានរង្វាន់ ១ អមដោយ​ថវិកា​ចំនួន​២​លាន​រៀល ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​១៥០០០០០​រៀល និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​១​លាន​រៀល​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684