ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្តី​ស្នើសុំ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ទាក់ទង​ការចែក​អាសនៈ ក្រោយ​គណបក្ស​រលាយ ត្រូវបាន​បញ្ជូន​គណៈកម្មាធិកា​រ​ជំនាញ

ភ្នំពេញ​ ៖ សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ទាក់ទង​ការបែងចែក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​រួចហើយ គឺ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយ​ការ​ណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ នេះ​បើតាម​ការបញ្ជាក់​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។

តាម​សេចក្តី​ប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​បាន​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​កិច្ចប្រជុំ​មួយ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដើម្បី​ពិនិត្យ​លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នោះ ហើយ​ជា​លទ្ធផល​ត្រូវ​បានសម្រេច​បញ្ជូនទៅ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយ​ការ​ណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

ណែក​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​ថា សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ មិនទាន់​ដាក់​ចូលទៅ​សភា​ពេញអង្គ​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា នេះ​នៅឡើយ​ទេ ពោលគឺ​បញ្ជូន​ទៅកាន់​គណៈកម្មាធិកា​រ​ជំនាញ​សិន (​គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ របស់​រដ្ឋសភា​) ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ ហើយ​សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នោះ​រួមមាន ទី​១, វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ទី​២, វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ទី​៣, វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ទី​៤, វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

សូមបញ្ជាក់ថា សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ស្នើ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៤៩​រូប ត្រូវបាន​បញ្ជូន​ទៅដល់​រដ្ឋសភា​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​។​

តាម​សេចក្ដីថ្លែងហេតុ​នៃ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ លើកឡើងថា ព្រះរាជាណាចក្រ​កម្ពុជា បាននឹងកំពុង​បន្ត​ខិតខំ​ពង្រឹង និង​ព​ន្លឿ​ន​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទន្ទឹមនឹង​ការ​នីតិរដ្ឋ​ឲ្យ​កាន់តែ​រឹងមាំ ហើយ​គោលបំណង​នៃ​ការ​វិសោធនកម្ម គឺ​ដើម្បី​ឲ្យ​ច្បាប់​ទាំង ៤​នេះ មាន​សង្គតិភាព ឬ​ភាពស៊ីសង្វាក់​ជាមួយ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​វិសោធនកម្ម​ជា​បន្តបន្ទាប់ ដែល​នៅ​ជា​ធរមាន និង​ដើម្បី​ធានា​ស្ថេរភាព​នយោបាយ​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា​១៣៨​ស្ទួន​បានសរសេរថា “​ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្សនយោបាយ​ណាមួយ​ប្រកាស​បោះបង់​ចៅ​ល​អាសនៈ ឬ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ត្រូវ​រំលាយ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ​ទាំង​អស់នៃ​គណបក្សនយោបាយ​នោះ លែងមាន​សុពលភាព និង​លែងមាន​គុណសម្បត្តិ​តទៅទៀត​ហើយ​។ ក្នុងករណី​ខាងលើនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវធ្វើ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ ឲ្យ​គណបក្សនយោបាយ​នានា ដែល​បាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្សនយោបាយ ដែល​បោះបង់ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ដែល​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​គណបក្សនយោបាយ មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​តាម​ជំហាន​…”​។

ទាក់ទង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​មានប្រសាសន៍ថា ប្រសិនបើ​រំលាយ​បក្ស​មួយ បក្ស​ប្រាំ​ទៀត នឹង​ចូលមក​ជំនួស ដូចនេះ​មានន័យថា ពី​បក្ស​តែ​២ នៅក្នុង​សភា ទៅជា​បក្ស​ប្រាំមួយ​នៅ​ក្នុង​សភា​វា​នឹង​កើត​មិនយូរប៉ុន្មាន នៅ​ពេល​ខាងមុខនេះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​បើ​រំលាយ​បក្ស​មួយ បក្ស​ប្រាំ​ទៀត​ចូល​ជំនួស​បាន​សេចក្តី​ថា ​ពី​បក្ស​២ ឡើង​បក្ស ៦ នៅ​ក្នុង​សភា​នេះ​វា​នឹង​កើត​មិនយូរប៉ុន្មាន នៅ​ពេល​ខាងមុខ។ សម្តេច​បន្តថា​ ព្រឹក​មិញ​នេះ ឃើញ​សារព័ត៌មាន​ចុះផ្សាយ​អំពី​ការ​កែ​ច្បាប់​មួយចំនួន។ ព្រោះ​នៅ​កម្ពុជា មាន​គណបក្សនយោបាយ​រាប់សិប វា​ជា​ឋានសួគ៌​លោកិយ​នៃ​បក្សនយោបាយ​ហើយ​វា​ក៏​ជា​ឋានសួគ៌ នៃ​អង្គការក្រៅរដ្ឋាភិបាល​ដែរ ”។

កាលពី​សប្តាហ៍​មុន ក្រសួងមហាផ្ទៃ​បាន​ប្តឹង​ទៅ​តុលាការ​កំពូល សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​យោង​ទៅលើ​បទចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា​។ ក្នុង​ពាក្យបណ្ដឹង ចុះ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៧​នេះ ក្រសួងមហាផ្ទៃ បាន​ប្ដឹងទៅ​ស្ថាប័ន​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅក្នុង​ពាក្យបណ្ដឹង​ដដែល​នោះ​ក្រសួងមហាផ្ទៃ​បាន​យោងទៅលើ​ភស្ដុតាង​វី​ឌី​អូ​ឃ្លី​ប​ចំនួន​៣ និង​ភស្ដុតាង​មួយចំនួនទៀត ដែល​ក្រសួង​ចោទថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឃុបឃិត​ជាមួយ​បរទេស និង​ជំរុញ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ថា បាន​ជ្រក​ក្រោម​ពាក្យស្លោក​នយោបាយ “​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​” ដើម្បី​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​រដ្ឋាភិបាល​បច្ចុប្បន្ន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684