ព័ត៍មានទាន់​ហេតុការណ៏
Search

រក​ឃើញ​កុមារ​៣​នាក់​ នៅ​ឃុំ​គរ​គី​កើតមក​មិន​ប្រក្រតី ​ដោយសារ​ឥទ្ធិពល​គ្រាប់បែក​គីមី​របស់​អាមេរិក

ស្វាយរៀង ​៖ ​កុមារ​ចំនួន​៣​នាក់ ​រស់​នៅ​ក្នុង​ឃុំ​គរ​គី ​ស្រុក​រមាសហែក​ ខេត្តស្វាយរៀង​ ត្រូវ​បាន​រក​ឃើញ​ថា ​កើតមក​មិន​មាន​ភាពប្រក្រតី​ដោយសារតែ​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ទម្លាក់​នៅ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​៧០​កន្លងមកនេះ។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែតុលា​ថា ក្រុមការងារ និង​រូបលោក​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​គរ​គី ​ជា​កន្លែង​ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​គីមី​នៅ​ក្នុង​ទស្សវត្សរ៍​៧០​ហើយ​បាន​រកឃើញ​កូន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​ កើតមក​មិន​ប្រក្រតី​គួរ​ឲ្យ​អាណិតអាសូរ ដោយសារតែ​ឥទ្ធិពល​ដ៏​សាហាវ​នៃ​គ្រាប់បែក​គីមី​។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​បាន​បន្ត​ឲ្យ​ដឹង​ថា ​កុមារ​ទាំង​៣​នាក់​នោះ​ មាន​លក្ខណៈ​ដូចជា​ម៉ាត់​វៀច ក្បាល​ធំ និង​កើត​រមាស់​លើ​ស្បែក​តាំងពី​ពេល​ពួកគេ​កើតមក​ម្ល៉េះ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​យើង​បាន​ពិនិត្យ​សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​យើង​បាន​រកឃើញ​ក្មេង​តូចៗ​៣​នាក់ កើតមក​មាន​ភាព​មិន​ប្រក្រតី​។ ក្នុងនោះ​មាន​ក្បាល​ធំ មាត់​វៀច ហើយ​មាន​ម្នាក់ទៀត​រមាស់​ស្បែក​មិន​ឈប់​នោះ​ឡើយ​, ដោយ​ក្មេង​ខ្លះ​ដល់​អាយុ​១៤​ឆ្នាំ​។ តាម​ការពិនិត្យ ខ្ញុំជឿ​ថា ភាព​មិនប្រក្រតី​របស់​ក្មេង​ទាំងនេះ ដោយសារ​ឥទ្ធិពល​គ្រាប់បែក​គីមី​របស់​អាមេរិក​នេះ​តែម្តង​»។

លោក រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អាច​មាន​កូនចៅ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​គគីរ​ជាច្រើន ជួប​ភាព​មិនប្រក្រតី​ដោយសារតែ​ឥទ្ធិពល​គ្រាប់បែក​គីមី​នេះ ហើយ​ក្រុមការងារ​របស់​លោក​នឹង​បន្ត​ពិនិត្យ សុខភាព​របស់​ប្រជាពលរដ្ឋ និង​រក​ឃើញ​ដែល​រង​ផលប៉ះពាល់​បន្តទៅទៀត​។

​សូម​ជម្រាប​ថា ​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​លោក ម៉ម ប៊ុនហេង ចុះ​ស្រាវជ្រាវ​នៅក្នុង​ឃុំ​គគីរ ដើម្បី​ពិនិត្យ​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​ពួកគាត់​បានរស់នៅ​ជាមួយ​គ្រាប់បែក​គីមី​របស់​អាមេរិក​អស់​រយៈពេល​ប្រមាណ​ជា ៤០​ឆ្នាំ​មកហើយ​។

គ្រាប់បែក​គីមី​របស់​អាមេរិក ដែល​ទម្លាក់​នៅ​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​៦០ និង​៧០ បាន​បន្សល់ទុក​យ៉ាង​រាយប៉ាយ​នៅ​ក្នុង​ឃុំ​គគីរ មកដល់ពេលនេះ​មន្ត្រី​ជំនាញ​អាវុធ​គីមី និង CMAC បាន​រកឃើញ​ចំនួន ១៥​ទីតាំង​ហើយ​។ មន្ត្រី​ជំនាញ​អះអាង​ថា គ្រាប់បែក​គីមី​នេះ​មាន​ឥទ្ធិពល ខ្លាំងណាស់​សម្រាប់​សុខភាព​របស់​មនុស្ស ហើយក៏​អាច​ទារក​ក្នុង​ផ្ទៃ​មានការ​លូតលាស់​មិន​ប្រក្រតី រហូត​ជួប​ភាព​ពិការ​សរីរាង្គ​ណាមួយ​ថែម​ទៀតផង​។

​គួរ​បញ្ជាក់​ថា ​បន្ទាប់ពី​មាន​បទបញ្ជា​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​រួចមក​ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បង្កើត​ក្រុមការងារ​ពិសេស​កាលពី​ល្ងាច​ថ្ងៃទី​១១ ​តុលា​ ឆ្នាំ​២០១៧​ដោយមាន​សមាជិក​ចំនួន​០៧​នាក់​។

បើ​តាម​លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមការងារ​ពិសេស​ក្រសួងសុខាភិបាល​បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​១២ ​តុលា​ ឆ្នាំ​២០១៧​ថា​ នៅ​សប្តាហ៍​ក្រោយនេះ​ក្រុមការងារ​ពិសេស​ដែល​មាន​តំណាង​មកពី​អាជ្ញាធរ​ទប់ស្កាត់​អាវុធ​គីមី មន្ត្រី​ជំនាញ​សុខភាព​សាធារណៈ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នឹង​ចុះទៅ​ស្រាវជ្រាវ​ស្តី​ពី​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គរ​គី ​ខេត្តស្វាយរៀង​ ជាទី​កន្លែង​ដែល​អាមេរិក​ទម្លាក់​គ្រាប់បែក​គីមី​តាំងពី​ទសវត្សរ៍​៧០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684