ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ពាក់ព័ន្ធ​សារធាតុ​ញៀន​៤នាក់​ ត្រូវ​សមត្ថកិច្ច​ស្រុក​សំរោង​ចុះបង្ក្រាប

តាកែវ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​បាន ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រាស់​គ្រឿងញៀន ខុសច្បាប់​០១​ករណី​ព្រមទាំង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។

​លោក​វរសេនីយ៍ទោ មឿង សារុន អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ សំណាង ស្នងការ​នគរបាល​ខេត្ត នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជំ​រះ​ពេន និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​ត្រាញ់​ខាងជើង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​០៤នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ស្វាយ​រុន ឃុំជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​ខាងលើ​មាន ​ទី​១-​ឈ្មោះ សាន កាត់​ថា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ជា​អ្នក​ផ្តល់​ទីតាំង និង​ចែកចាយ​។ ​ទី​២-​ឈ្មោះ ឆន ភារៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​។ ទី​៣-​ឈ្មោះ អាំ សុភា​រិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​។ ទី​០៤​ឈ្មោះ ប៉ូវ សា​ខន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​របត់ ឃុំបឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ជា​អ្នកប្រើប្រាស់​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ផេង សំបូរ ជា​ប្តី​របស់​ឈ្មោះ សាន កាត់​ថា ដែល​ជា​ម្ចាស់​ផ្ទះ​កើតហេតុ បាន​រត់គេចខ្លួន​ពេល​សមត្ថ​កិច្ច​ចុះបង្ក្រាប។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​ធំ ទូរស័ព្ទ​០២​គ្រឿង និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ និង ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​សំរោង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិ​វិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684