ព័ត៍មានទាន់​ហេតុការណ៏
Search

វិស័យ​ទឹកស្អាត​នៅ​កម្ពុជា នឹង​ទទួលបាន​ផល​ពី​គំនិត​ផ្តួចផ្តើម​ហិរញ្ញប្បទាន​ថ្មី​របស់​ទីភ្នាក់ងារ USAID

ភ្នំពេញ​ ៖ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ បាន​ប្រកាស​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ដែលមាន​ទឹកប្រាក់​ចំនួន​៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​លុបបំបាត់​គម្លាត​ហិរញ្ញប្បទាន​សម្រាប់​ការ​ផ្តល់សេវា​អនាម័យ និង​ការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក​បាន​បញ្ជាក់​ថា គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ទឹក​ស្អាត និង​អនាម័យ (WASH-FIN) នឹង​ជួយ​ដល់​វិស័យ​ឯកជន​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​អ្នក​ដែលមាន​តម្រូវការ​ប្រើប្រាស់​។ គោលបំណង​ចម្បង​របស់​គម្រោង WASH-FIN ក្នុង​ប្រទេស​កម្ពុជា គឺ​ផ្តល់​ការគាំទ្រ​ដល់​ប្រតិបត្តិ​ករ​ឯកជន ដែល​ផ្គត់ផ្គង់​ទឹក​ស្អាត​អាច​ទទួល​បាន​នូវ​ប្រាក់ ដែល​ពួកគេ​ត្រូវការ ដើម្បី​ពង្រីក និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវ​ទឹកស្អាត និង​អនាម័យ​។

គម្រោង WASH-FIN នឹង​ផ្តល់ជំនួយ​បច្ចេកទេស និង​ជួយ​ពង្រឹង​សមត្ថភាព​ប្រតិបត្តិ​ករ ដែល​ផ្គត់ផ្គង់​ទឹក​នៅតាម​បណ្តា​ខេត្ត ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​តួអង្គ​ដទៃ​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទឹកស្អាត និង​អនាម័យ​។ គម្រោង​នេះ​នឹង​គាំទ្រ​ដល់​ការប្រើប្រាស់​ឥណទាន​ឲ្យ​កាន់តែ​ប្រសើរឡើង​ដូចជា អាជ្ញាធរ​ឥណទាន​អភិវឌ្ឍន៍​USAID ដើម្បី​បន្ត​បង្កើន​កាលានុវត្តនភាព​សម្រាប់​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម។

ការប្រកាស​នូវ​គម្រោង WASH-FIN របស់​ទីភ្នាក់ងារ USAID បាន​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​នូវ​សេវា​ទឹក​ស្អាត​ក្នុងប្រទេស​កម្ពុជា​។ ហិរញ្ញវត្ថុ គឺជា​សមាសធាតុ​មួយ​ដ៏​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ប្រទេស​។ គម្រោង​នេះ​កំពុង​ចាប់​ដៃគូ​ជាមួយ​អាជ្ញាធរ​ផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា (CWA) ដើម្បី​ទាញយក​ប្រយោជន៍​ពី​ប្រព័ន្ធ និង​ចំណេះដឹង​ក្នុងស្រុក​ដែលមាន​ស្រាប់​។

​គម្រោង WASH-FIN រំពឹង​ថា កម្ចី​ធនាគារ​ក្នុងស្រុក ដែល​កើត​ចេញពី​លទ្ធផល​នៃ​គម្រោង​នេះ​នឹង​ជួយ​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ទឹកស្អាត និង​អនាម័យ ព្រមទាំង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ និង​ប្រជាជន​មាន​សុខភាព​កាន់តែ​ប្រសើរឡើង​។

លោកស្រី ផលី ដាន់​ហ្វ៊​ត នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ USAID បាន​មានប្រសាសន៍ថា “​ទីភ្នាក់ងារ USAID មាន​មោទនភាព​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​ដែល​ប្រតិបត្តិការ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្នុង​ប្រទេស​កម្ពុជា​”​។ លោកស្រី​បាន​បន្ថែមថា “​ទឹកស្អាត និង​អនាម័យ គឺ​សំខាន់​ចំពោះ​សហគមន៍​ទាំងអស់ ហើយ​យើង​មានការ​ជឿជាក់​ថា ​គម្រោង​នេះ​នឹង​គាំទ្រ​យ៉ាង​សម្បើម​ចំពោះ​កំណើន​សេដ្ឋកិច្ច ក៏ដូចជា​សុខភាព​របស់​ប្រជាជន​កម្ពុជា​ផងដែរ​”​។

ក្រៅពី​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា គម្រោង​WASH-FIN ក៏​បំពេញការងារ​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី និង​អាហ្វ្រិក​ផង​ដែរ​។ ជាស​កល គម្រោង​WASH-FIN ដែលមាន​រយៈពេល​៥​ឆ្នាំ និង​មាន​ទឹកប្រាក់​ចំនួន​៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន Tetra Tech ដោយមាន​ការគាំទ្រ​ពី Open Capital Advisors, Segura Consulting and Global Credit Rating៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684