ព័ត៍មានទាន់​ហេតុការណ៏
Search

របួស​ស្មងជើង​ស្តាំ​របស់ សុក សំណាង នៅតែ​មិនទាន់​អាច​វិលត្រឡប់​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ​បាន​នោះទេ

ខ្សែប្រយុទ្ធ សុក សំណាង របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​រងរបួស​ស្មងជើង​ស្ដាំ​កាលពី​ខែកក្កដា កន្លងទៅ​នៅ​មិនទាន់​អាចជា​សះស្បើយ​នៅឡើយ​នោះទេ ខណៈ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង នេះ​ ត្រូវ​ប្រជែង​រក្សា​កៅអី​ក្នុង​តំបន់​កំពូល​តារាង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017)​។

កីឡាករ​រូប​នេះ​ បាន​រង​របួស​ពេល​ជួយ​ក្រុម​របស់​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​គូប្រជែង​ក្រសួងការពារជាតិ កាលពី​ខែកក្កដា ពោល​គឺ​ក្នុង​សប្ដាហ៍​ទី​១៤​នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ក្រុម U23 កម្ពុជា ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី​AFC U23 Campionship 2018​។ កីឡាករ​ប្អូនប្រុស​បង្កើត​កីឡាករ សុក ចាន់​រស្មី អតីត​កីឡាករ​ក្នុង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែរ​នេះ​បាន​អះអាង​ថា ​រូបគេ​ត្រូវការ​ពេលវេលា​យ៉ាងតិច ៣​ឬ​៤​សប្ដាហ៍​ទៀត​ទើប​អាច​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​វិញ​បាន។

​អវត្តមាន​កីឡាករ សុក សំណាង ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​លោក សំ វ៉ាន់​ដេ​ត ដែលជា​គ្រូ​បង្វឹក​រង​សម្ពាធ​កាន់​តែខ្លាំង​ដែរ​នៅ​តំបន់​ប្រយុទ្ធ ព្រោះថា​លោក​នៅសល់​អម្រែក​២​ក្នុង​ដៃ​ទៀត ​គឺ​ប្រជែង​យក​ជើងឯក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ និង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧ ផងដែរ​។ ចំពោះ​នៅ​ក្នុង​លីក​លោក​អាច​ប្រើប្រាស់​កីឡាករ​បរទេស​ក្នុង​ក្លិប​មួយ​ចំនួន​បណ្តោះអាសន្ន​សិន​ដូចជា Bisan Goerge, Obi, Chigozie Nwaokorie, Kim Nam Gun, Nwankwo Chika Junior ផងដែរ។

ប្រកួត​បន្ទាប់​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែតុលា ឆ្នាំ​២០១៧ ចុង​សប្ដាហ៍​នេះ​គឺ​ត្រូវ​ប៉ះ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ប្រចាំ​សប្ដាហ៍​ទី​១៧​ក្នុង​លីក​កំពូល​កម្ពុជា វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​។ ១៦​ប្រកួត​មកនេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១​កំពូល​តារាង​ក្រោយ​ប្រកួត​ឈ្នះ​រហូតដល់​១១​លើក ស្មើ​៤​លើក និង​ចាញ់​១​លើក​មាន​៣៧​ពិន្ទុ​ក្នុង​ដៃ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684