ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​អាយ​ហ្វូ​ន​ដេញ​ចាប់​ចោរ​មិនបាន មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាប់​ព្រោះ​ស្គាល់មុខ

តាកែវ ៖ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​និង​១០​នាទី ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ​បាន​ទទួល​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ពី​ឈ្មោះ លឹម ខឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ​រស់នៅ​ភូមិ​ចុង​អាង ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ដែល​បាន​ប្តឹង​ឈ្មោះ កែម រិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ពី​បទ​លួច។

តាម​ពាក្យបណ្តឹង​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​ វេលា​ម៉ោង​២​ទៀបភ្លឺ​ ជនសង្ស័យ​ឈ្មោះ កែម រិ​ទ្ធ បាន​ចូល​ទៅ​លួច​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន ស៊ិ​ច​ផ្លើស ដែល​ជា​របស់​កូន​ប្រសា​គាត់​ឈ្មោះ សេង វណ្ណឌី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ អស់​ចំនួន​១​គ្រឿង ខណៈ​ពេល​ម្ចាស់​លង់លក់​ក្នុង​ដំណេក​មិនបាន បិទ​គន្លឹះទ្វារ​។ ពេល​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​ហើយ ក៏​បើក​ទ្វារ​ចេញ​ តែ​ត្រូវ​ម្ចាស់ផ្ទះ​ដើម​បណ្តឹង ឃើញ​ដេញ​តាម​ចាប់​តែ​ត្រូវ​ជនសង្ស័យ​រត់​គេចខ្លួន​បាត់​។

ចំណែក​សមត្ថកិច្ច​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រាន់តែ​ទទួល​បាន​បណ្តឹង​ភ្លាម​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​លាយ​បូរ ​​ចុះ​ទៅដល់​មូលដ្ឋាន​ជនសង្ស័យ​និង បាន​ហៅ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ នៅ​ចំ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ទូរស័ព្ទ​នោះ ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនជាប់សង្ស័យ​ក្នុង​ករណី​លួច​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រុក​ត្រាំកក់​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684