ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ជនបរទេស​៧៤​នាក់​ ចេញពី​កម្ពុជា​ពាក់ព័ន្ធ​ករណី គំរាម​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ( VIOP)

ភ្នំពេញ​ ៖ ​ជនបរទេស​ប្រុស ស្រី ប្រមាណ៧៤​នាក់ ក្នុង​នោះ​ស្រី១៤​នាក់ ពាក់ព័ន្ធ​ទៅ​នឹង ករណី​គំរាម​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ( VIOP) និង​អន​ឡាញ ត្រូវ​បាន​នគរបាល នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការ​បញ្ជូន​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​ព្រលាន​យន្តហោះ អន្តរជាតិ ភ្នំពេញ ដោយ​អនុវត្ត​តាម​សេចក្តី​ប្រកាស​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៧ សហការ​ពី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន យក​យន្តហោះ​ពិសេស ចំនួន ០២​គ្រឿង មក​ទទួល​ដោយ​ផ្ទាល់។

ការ​បញ្ជូន​ជនបរទេស​ប្រុស ស្រី ប្រមាណ ៧៤​នាក់ ចេញពី ព្រះរាជាណាចក្រ​កម្ពុជា នេះ ប្រព្រឹត្តឡើង កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ក្រោម​វត្តមាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រាប់ ឲ្យ​ដឹង​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយមាន​ការ​សម្របសម្រួល​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ សមត្ថកិច្ច​ដែនដី និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​ករណី​គំរាម​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​អន​ឡាញ នៅ​គោលដៅ ក្នុង​រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ មាន ចំនួន ៩​ទីតាំង កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​បទល្មើស ខុសច្បាប់។

ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​មាន​ជនបរទេស ចំនួន ៩៣​នាក់ ( ស្រី ១៧ នាក់ ) មាន​២ សញ្ជាតិ គឺ​ជនជាតិ​ឥណ្ឌូនេ​ស៊ី និង​ជនជាតិ​ចិន ប្រព្រឹត្ត​បទល្មើស ករណី​គំរាម​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​អន​ឡាញ។

សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រាប់ បញ្ជាក់​ឲ្យ​ដឹង​ថា សម្ភារៈ​ជា​វត្ថុ​តាង ដែល​ត្រូវ​បាន​ដកហូត រួមមាន កុំព្យូទ័រ​យួរ​ដៃ ចំនួន ១៣២ គ្រឿង កុំព្យូទ័រ​លើ​តុ ចំនួន ៣៤ គ្រឿង ទូរស័ព្ទដៃ ចំនួន ២០៩ គ្រឿង​ដុំ​វ៉ា​យ​ហ្វា​យ ចំនួន១៤​គ្រឿង និង​សម្ភារៈ​បណ្តាញ​ណែ​ត​វឺ​ក​មួយ​ចំនួន​ធំ​ទៀត។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ រួមទាំង​វត្ថុ​តាង ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​បញ្ជូនទៅ កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី។

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​សួរនាំ រក​ឃើញ​ជនបរទេស ចំនួន៧៤នាក់ ក្នុង​នោះ​ស្រី១៤​នាក់ ប៉ុណ្ណោះ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី គំរាម​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណែ​ត ( VIOP)។

ជា​មួយ​គ្នា​នេះ ​សមត្ថកិច្ច​សូម​សំណូមពរ​ប្រជាពលរដ្ឋ មានការ​សហការ រាយការណ៍​ជូន​សមត្ថកិច្ច អំពី​វត្តមាន​របស់​ជនបរទេស ដែល​ប្រមូល​ផ្តំ គ្នា​ជួល​លំនៅឋាន​ស្នាក់នៅ ហើយ​ប្រសិនបើ មានការ​សង្ស័យ ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ សូម​រាយការណ៍​ជាបន្ទាន់ ដើម្បី​ចាត់វិធានការ​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684