ព័ត៍មានទាន់​ហេតុការណ៏
Search

រក​ឃើញ​ជ័យលាភី​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​ និង ​កំណាព្យ​រឿង​ឆ្នាំ​២០១៧

ភ្នំពេញ ៖ ការ​ប្រឡង​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ឆ្នាំ​២០១៧ ពានរង្វាន់​លោក ហង្ស ធុន​ហាក់​បាន​រក​ឃើញ ជ័យ​លាភី​ចំនួន​៦​រូប​ផ្នែក​ប្រលោមលោក​និង​២​រូប​ផ្នែក​កំណាព្យ។ ពិធី​​ ប្រកាស​ជ័យលាភី​ បាន​ធ្វើ​ឡើង​នៅ​បណ្ណាល័យ​ជាតិ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ​២០១៧។

តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​គណៈកម្មការ​មេ​ប្រយោគ​បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះ​ជា​ការ​ប្រឡង​លើកទី១៩ ការរៀបចំ​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​និង​កំណាព្យ​រឿង នាយកដ្ឋាន​សៀវភៅ​និង​ការ​អាន តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក ក្រោម​ប្រធានបទ​ផ្សេងៗ​ដែល​ទាក់ទង​និង​វិស័យ​វប្បធម៌​។ ឆ្នាំនេះ​ខុស​ពី​ឆ្នាំ​មុនៗ ប្រធានបទ​ក្នុង​ការ​តែង​និពន្ធ​មាន​លក្ខណៈ​សេរី ដែល​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នកនិពន្ធ​គ្រប់រូប​បញ្ចេញ​នូវ​ទេពកោសល្យ​ដែល​ខ្លួន​មាន​។ បេក្ខជន បេក្ខនារី​ ចូលរួម​ប្រឡង​ស្នាដៃ​ប្រលោមលោក​ចំនួន​២០ កំណាព្យ​រឿង​ចំនួន​១០​សរុប​ចំនួន​៣០​ស្នាដៃ​ ក្នុង​ចំនួន​៣០​ស្នាដៃ​នេះ អ្នកនិពន្ធ​ចាស់​៦០​ភាគរយ និង​អ្នកនិពន្ធ​ថ្មី​៤០​ភាគរយ​។

ក្នុង​ការ​វិនិច្ឆ័យ​ស​ម្រេច​លទ្ធផល​នៃ​ស្នាដៃ​តែង​និពន្ធ​ទាំងអស់ ត្រូវ​មាន​លក្ខណៈសម្បត្តិ​សំខាន់​បី​យ៉ាង​គឺ ទី​១​អត្ថរូប វិធី​តែង រចនាប័ទ្ម និង​សោភ័ណ ទី​២​អត្ថន័យ គុណធម៌ សច្ចធម៌​និង​សីលធម៌​និង​ទី​៣​អត្ថបទ តម្លៃ​អប់រំ តម្លៃ​ជាតិ និង​តម្លៃ​រីកចម្រើន។

លោក ថៃ​នរៈ សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដែល​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ប្រគល់​ជ័យលាភី​ដល់​ម្ចាស់​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​និង​កំណាព្យ​រឿង ពានរង្វាន់​លោក ហង្ស ធុន​ហាក់ បាន​មានប្រសាសន៍​កោតសរសើរ​ និង ​អបអរសាទរ ចំពោះ​លោក លោកស្រី​អ្នកនាង កញ្ញា ជា​អ្នកនិពន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក្នុង​ឆន្ទៈ​បន្ត​ថែរក្សា​គាំពារ ព្រលឹង​អក្សរសាស្ត្រ​ជាតិ​ដ៏​រុងរឿង ដោយ​ការ​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ និង ​កម្លាំង​បញ្ញា ដើម្បី​តាក់តែង​និពន្ធ​សៀវភៅ​ប្រលោមលោក កំណាព្យ​រឿង មក​ចូលរួម​ប្រឡងប្រជែង​ជ្រើសរើស​ជ័យលាភី​សម្រាប់​ឆ្នាំ​២០១៧​នេះ​។

លោក​បាន​បន្ត​ថា “​យើង​ទទួល​បាន​នូវ​ធនធានមនុស្ស​ថ្មី ក្នុង​វិស័យ​តែង​និពន្ធ​បានជា​បន្តបន្ទាប់ ថ្មី​ត្បិត​អ្វី​ដែល​យើង​ទទួល​បាន​នូវ​ក្មេងខ្ចី​ក៏​ពិតមែន ប៉ុន្តែ​វា​ជា​សកម្មភាព​មួយ​ប្រកបដោយ​អត្ថប្រយោជន៍ ដ៏​ធំធេង និង​ជា​វិភាគទាន​មួយ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​ទឹកចិត្ត​យុវជន ឲ្យ​ស្រលាញ់​ចូលចិត្ត ការអាន ការ​សរសេរ តែង​និពន្ធ​សៀវភៅ ដែល​ក្នុង​នោះ​បង្កប់​ទៅ​ដោយ​ការអប់រំ​ពី​អត្តសញ្ញាណ និង​វប្បធម៌​ជាតិ តាមរយៈ​ការ​បញ្ចេញ​នូវ​ទស្សនៈ​ថ្មី​ចំណេះដឹង​ថ្មី មធ្យោបាយ​ថ្មី ដែល​ពួកគាត់​ទទួល​បាន​ពី​សង្គម​បច្ចុប្បន្ន​”​។

ទន្ទឹម​នេះ​លោក​សូម​លើកទឹកចិត្ត និង​អបអរ​ចំពោះ​បេក្ខជន បេ​ក្ខ​នារី ដែល​ទទួល​បាន​ជ័យលាភី​ឆ្នាំ​២០១៧​នេះ​នៅតែ​បន្ត​និពន្ធ​ស្នាដៃ​ថ្មីៗ មក​ចូលរួម​បន្ថែម​ទៀត ដើម្បី​ចូលរួម​ថែរក្សា​ការពារ​អក្សរសាស្ត្រ ខ្មែរ ដែលជា​កត្តា​គន្លឹះ​ដ៏​សំខាន់​ក្នុង​វិស័យ​វប្បធម៌​ជាតិ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684