ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធានព្រឹទ្ធសភា ផ្តល់​អនុសាសន៍​ឲ្យ​ក្មួយៗ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ត្រូវ​ចេះ​ប្រើប្រាស់​ឱកាស​មាស ឱកាស​ពេជ្រ ដែល​កម្ពុ​ជាមាន​សព្វថ្ងៃ

ភ្នំពេញ ​៖ ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​ដំបូន្មាន​ដល់​ក្មួយៗ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា មុន​ពេល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤ ឆ្នាំ​២០១៧ ត្រូវ​ចេះ​ប្រើប្រាស់​ឱកាស​មាស ឱកាស​ពេជ្រ ដែល​កម្ពុ​ជា​មាន​សព្វថ្ងៃ​នេះ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ខ្លួនឯង សម្រាប់​ក្រុមគ្រួសារ សម្រាប់​សហគមន៍ និង​សម្រាប់​ជាតិ​របស់​យើង។

នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន ៣៣​នាក់ ចូល​ជួប​សម្តែង​ការគួរសម និង​ផ្តល់​អនុសាសន៍​មុន​ពេល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤ ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា​នេះ​នៅ​វិមាន​ព្រឹទ្ធសភា សម្តេច​ប្រធានព្រឹទ្ធសភា​បានបញ្ជាក់​បន្ថែម​ថា ប្រទេសជាតិ​យើង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​រឹងមាំ​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​។ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ដើម្បី​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឲ្យ​បាន​គត់មត់​ដូចដែល​រដ្ឋធម្មនុញ្ញ​បាន​កំណត់​។ ដូច​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ មាន​កំណើន​ជា​មធ្យម ៧​ភាគរយ​ក្នុង​មួយឆ្នាំ ហើយ ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់​ទទួល​បាន​ជាង ១.៣០០​ដុល្លារ​អាមេរិក អតិផរណា​ស្ថិត​នៅ​ក្នុង​កម្រិត​ក្រោម ៥​ភាគរយ តម្លៃ​ប្រាក់​រៀល​មាន​ស្ថិរភាព អត្រា​នៃ​ភាព​ក្រីក្រ​របស់​ប្រជាជន​ត្រូវ​កាត់បន្ថយ​មកក្រោម ១៣,៥​ភាគរយ​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​ចាកចេញ​ផុត​ពី​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។ រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ច្បាស់​ណាស់​សម្រាប់​ពេលអនាគត គឺ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ សម្តេច​ភក្តី​មាន​ជំនឿ​ជឿជាក់​ថា ​ប្រតិភូ​យុវជន​នៃ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​នេះ សុទ្ធតែ​ជា​ធនធាន​ដ៏​មានតម្លៃ មាន​សមត្ថភាព​ពិតប្រាកដ និង​ជា​តំណាង​យុវជន​គំរូ​របស់​កម្ពុជា ដែល​តាមរយៈ​កម្មវិធី​នេះ​យុវជន​ត្រូវ​មាន​ភារកិច្ច​បំពេញ​តួនាទី​ជា​អគ្គរាជទូត​ល្អ តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ពាំនាំ​នូវ​សារ​ដ៏​ល្អ​ពី​កម្ពុជា​ទៅកាន់​ពិភពលោក​ឲ្យ​បាន​ដឹង​អំពី​សន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា។

ទន្ទឹម​នេះ​ សម្តេច​ភក្តី​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​ជា​ប្រតិភូ​យុវជន​ទាំងអស់ បន្ត​នូវ​ការ​ប្តេជ្ញាចិត្ត និង​ឆន្ទៈ​មុតមាំ ចូលរួម​ចំណែក​ឲ្យ​បាន​កាន់តែ​សកម្ម​បន្ថែម​ទៀត ដើម្បី​បុព្វហេតុ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​ភាព​សុខសាន្ត​សម្បូរ​រុងរឿង​របស់​ប្រទេស​កម្ពុជា​។ ជាពិសេស ប្រតិភូ​យុវជន​ទាំងអស់​ត្រូវ​ចេះ​ស្រឡាញ់​យោគយល់ អធ្យាស្រ័យ សាមគ្គី​គ្នា និង​ធ្វើ​ការងារ​ជា​ក្រុម​ឲ្យ​បាន​ល្អ ដើម្បី​នាំ​នូវ​កិត្តិយស​ជូន​ប្រទេសជាតិ​កម្ពុជា ដូច​សុភាសិត​ថា នៅផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែមួយ និង​ជូនពរ​ដល់​ប្រតិភូ​យុវជន​ទាំងអស់​ទទួលបាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន ប្រកបដោយ​ជោគជ័យ​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​គណៈប្រតិភូ​យុវជន​ទាំងអស់ ដែល​ត្រូវបាន​ជ្រើសរើស​តាមរយៈ​កម្មវិធី​ប្រឡង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធ្វើជា​តំណាង​របស់​យុវជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤ ឆ្នាំ​២០១៧​នេះ​។ សម្តេច​ភក្តី​ប្រធានព្រឹទ្ធសភា បានការ​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏ដូចជា​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដែល​បាន​ខិតខំ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា បាន​ពង្រីក​នូវ​ចំណេះដឹង​របស់​ខ្លួន និង​ស្វែងយល់​អំពី​តួនាទី​ដ៏​សំខាន់ នៃ​ការចូលរួម​របស់​យុវជន​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ជាពិសេស​ផ្តល់​នូវ​ការ​ចែករំលែក​បទពិសោធន៍​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការចូលរួម​ក្នុង​សកម្មភាព​របស់​សង្គម​ជា​មួយ​នឹង​បណ្តា​យុវជន​នៃ​ប្រទេស​ជប៉ុន និង​យុវជន​មកពី​ប្រទេស​អាស៊ាន​ផ្សេងទៀត​។

សម្តេច​ភក្តី​បន្ថែម​ថា ក្រុម​យុវជន​ទាំងអស់​ដែល​កើត​ក្នុង​សម័យនេះ ពិតជា​មាន​សំណាង​ខ្លាំង​ណាស់ ដែល​បាន​រស់​នៅ និង​សិក្សា​រៀន​សូត្រ​ពេញលេញ​ក្នុងសង្គម​មួយ​ប្រកបដោយ​សុខសន្តិភាព និង​ការរីកចម្រើន ជាពិសេស​មានការ​គាំទ្រ ការ​ផ្តល់ឱកាស និង​ការផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ដល់​យុវជន ដែលជា​សសរទ្រូង​រប​ស់​ជាតិ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ពី​សំណាក់​រាជរដ្ឋាភិបាល និង​សង្គមជាតិ​ទាំងមូល។

លោក ផាន់ សុភា ប្រធាន​គណៈប្រតិភូ​យុវជន​នៃ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​យុវជន នៃ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ចូល​ជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​នា​ឱកាស​នេះ​។ លោក​ប្រធាន​គណៈប្រតិភូ​បាន​ជម្រាប​ជូន​សម្តេច​ភក្តី​ប្រធាន​ព្រឹទ្ធសភា​អំពី​ប្រវត្តិ​សង្ខេប​នៃ​សមាគម​នេះ និង​បាន​បញ្ជាក់​អំពី​កម្មវិធី​នេះ​មាន​គោលបំណង​ធំ​៣​គឺ ទី​១-​បង្កើន​មិត្តភាព សាមគ្គីភាព និង​យោគយល់​គ្នា​រវាង​យុវជន​ក្នុង​តំបន់​អាស៊ាន និង​ជប៉ុន ទី​២-​លើកកម្ពស់​ស្មារតី និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ទី​-៣​ពង្រីក​ទស្សនទាន​រប​ស់​ក្រុមយុវជន និង​កិច្ចការ​តំបន់​ក៏ដូចជា​ពិភពលោក​។ លោក​បាន​បន្តថា តាមរយៈ​កម្មវិធី​នេះ​យុវជន​ទាំងអស់គ្នា នឹង​អាច​ពង្រីក​សក្តានុពលរ​បស់​ខ្លួន និង​ពង្រឹង​ភាពជា​អ្នកដឹកនាំ ដើម្បី​ចូល​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម ហើយ​យុវជន​ទាំងអស់​នឹង​រស់នៅ​ជាមួយគ្នា ជាមួយនឹង​យុវជន​ដទៃទៀត សរុប​ចំនួន ៣៣០​នាក់ ដែល​មកពី​១១​ប្រទេស ដោយ​ស្នាក់​នៅលើ​នាវា​ដែល​ធ្វើដំណើរ​ឆ្លងកាត់ សមុទ្រ​ប៉ាស៊ីហ្វិក​។ ក្នុង​ដំណើរ​នេះ ក្រុម​យុវជន​នីមួយៗ ត្រូវ​ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី​របស់​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ជប៉ុន ហើយនឹង​ចូលរួម​កិច្ចពិភាក្សា​តាម​ស្ថាប័ន​ផ្សេងៗ និង​ចូល​ជួប​សម្តែង​ការគួរសម​ជា​មួយនឹង​ថ្នាក់ដឹកនាំ​នៅ​តាម​បណ្តា​ប្រទេស​ដែល​នាវា​ចូល​សុំ​ចត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684