ព័ត៍មានទាន់​ហេតុការណ៏
Search

រំដួល​លិច​ទឹក ពាំនាំ​គំនិត​ច្នៃប្រឌិត តំណាង​ឲ្យ​កម្ពុជា នៅ​ប្រទេស​ឡាវ

ជា​មោទនភាព​សម្រាប់​កម្ពុជា ដែល​បាន​បង្ហាញ​នូវ​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​ខាង​ផ្នែក​រចនា​ម៉ូដ​សម្លៀកបំពាក់ បែប​ប្រពៃណី​តាមរយៈ​រំដួល​លិច​ទឹក ដែល​ជា​សិល្បករ​ដ៏​លេចធ្លោ​ម្នាក់។

រំដួល​លិច​ទឹក គឺជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន​បួន​រូប​ទៀត តំណាង​ឲ្យ​កម្ពុជា​ដែល​មាន​ឱកាស ទទួល​បាន​អាហារូបករណ៍ ដើម្បី​ទៅ​ចូលរួម​ផ្សព្វផ្សាយ ចែករំលែក​ទស្សនៈ​វប្ប​ធម៌ ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​វគ្គ​បណ្តុះបណ្តាល​សិក្សា ផ្នែក​ទស្សនៈ​វប្បធម៌​ជាតិ នៅ​តាម​តំបន់​ទន្លេមេគង្គ តាមរយៈ​អង្គការ​ខ្មែរ​អមតៈ (CLA)។

ថ្មីៗ​នេះ រំដួល​លេច​ទឹក​ទើបតែ​បាន​បង្ហាញ និង​ចែករំលែក​ពី​ភាព​ច្នៃប្រឌិត ម៉ូដ​សម្លៀកបំពាក់​វប្បធម៌​ខ្មែរ ដែល​មាន​ក្បូរ​ក្បាច់រចនា ច្នៃ​ចេញពី​ប្រាក់​រៀល​ខ្មែរ បង្ហាញ​ពី​ជា​ទស្សនីយភាព​ថ្មី​ប្លែក សម្រាប់​បេក្ខជន​មកពី​បណ្តាល​ប្រទេស តាម​ដង​ទន្លេមេគង្គ​ឲ្យ​បាន​ស្គាល់ ឲ្យ​បាន​យល់​ពី​វប្ប​ធម៌​សិល្បៈ​ខ្មែរ​។

នៅ​ក្នុង​ឱកាស​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត នៅ​ប្រទេស​ឡាវ រំដួល​បាន​ពាំនាំ​យក​នូវ ម៉ូដ​សម្លៀកបំពាក់​ចំនួន​ពីរ​ឈុត ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​សុទ្ធសាធ បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ និង​ភាព​រស់រវើក​នៃ​សិល្បៈ​ខ្មែរ។

នៅ​ក្នុង​ឈុត​ទី​មួយ សម្រាប់​ពាក់​ក្នុង​ពិធី​ធុរកិច្ច ដែលមាន​សំពត់​ពណ៌​ខៀវ និង​អាវ​ប៉ាក់​ពណ៌ស យ៉ាង​រម្យទម​របស់​នារី​ខ្មែរ ជាមួយនឹង​មួក​ផ្គុំ​ពី​ក្រដាស​ប្រាក់រៀល​ខ្មែរ បង្ហាញ​ពី​ការលើក​កម្ពស់​រូបិយប័ណ្ណ ប្រាក់រៀល​របស់​កម្ពុជា​។ ចំណែកឯ​សម្លៀកបំពាក់​ទី​ពីរ មាន​ឈ្មោះថា រ័ត្ន​រំដួល រចនា​ ឡើង​ដោយ​ក្បូរ​ក្បាច់រចនា យក​លំនាំ​តាម​ទម្រង់​សណ្ឋាន​ស្លឹកត្នោត​ខ្មែរ ភ្ជាប់​ជាមួយនឹង​ឈ្មោះ​រំដួល ដែលជា​អ្នក​ច្នៃ​ម៉ូដ​ផ្ទាល់ និង​ផ្កា​តំណាង​ឲ្យ​រុក្ខជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ជាមួយនឹង​សំពត់​ពណ៌​បៃតង តំណាង​ឲ្យ​ស្លឹក​រុក្ខជាតិ​បៃតង បាន​ធ្វើ​ឲ្យ​ឈុត​រ័ត្ន​រំដួល​មួយ​នេះ មាន​ភាព​លេចធ្លោ ស្រស់​សោភា និង​រម្យទម ហើយ​នេះ​សរ​បញ្ជាក់​ពី​ភាព​ច្នៃប្រឌិត​របស់​កូន​ខ្មែរ ក្នុង​វិស័យ​រចនា​ម៉ូដ​សម្លៀកបំពាក់ ។

​គួរបញ្ជាក់​ផងដែរ​ថា រំដួល​លិច​ទឹកបាន​ជាប់​អាហារូបករណ៍ វគ្គ​បណ្តុះបណ្តាល​នេះ តាំងពី​ដើមឆ្នាំ ២០១៧​មក​ម្ល៉េះ​ ហើយ​វគ្គ​នេះ​ដែរ ចែកចេញជា​ប្រាំ​លើក ដោយ​លើកទីមួយ ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​សៀមរាប លើក​ទី​ពីរ​នៅ​ខេត្តបាត់ដំបង វគ្គ​សិក្សា​ទី​បី​នៅ​ទីក្រុង​ភ្នំពេញ វគ្គ​ទី​បួន​នៅ​ប្រទេស​ឡាវ និង​ចុងក្រោយ​នៅ​ខេត្ត​កំពត ដោយមាន​ការណែនាំ ពី​វាគ្មិន​មកពី​បណ្តាល​ប្រទេស​ផ្សេងៗ ដូចជា ចិន វៀតណាម ឥណ្ឌា​ជាដើម​។ ដោយសារតែ​អង្គការ​ខ្មែរ​អមតៈ (CLA) សម្លឹង​ឃើញ​សមត្ថភាព​ច្នៃប្រឌិត និង​ភាព​ប៉ិនប្រសប់​របស់​រំដួល ដើម្បី​ចូលរួម​ចែករំលែក និង​ផ្សព្វផ្សាយ​វប្បធម៌​សិល្បៈ​គ្នា រវាង​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​ទន្លេមេគង្គ​៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684