ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ថ្ងៃ​ទី​១៦ តុលា​ខាងមុខនេះ​ រដ្ឋបាល​រាជធានី​ នឹង​រៀបចំ​ធ្វើ​ពិធី​ទទួលយក​ស្ពាន​លី​យ៉ុង​ផាត់​មក​គ្រប់គ្រង​ជា​សម្បត្តិ​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១៦ ខែតុលា​ខាងមុខនេះ​ រដ្ឋបាល​រាជធានី​ នឹង​រៀបចំ​ធ្វើ​ពិធី​ទទួលយក​ស្ពាន​លី​យ៉ុង​ផាត់ ពី​ក្រុមហ៊ុន​LYP Group របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ មក​គ្រប់គ្រង​ជា​សម្បត្តិ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ឲ្យ​ប្រជា​ល​រដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​មិន​យក​ប្រាក់​រហូត​តទៅ​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ច​សម្ភាស​ន៍ ជាមួយ​អ្នកយកព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​តុលា ក្រោយ​បញ្ចប់​កម្មវិធី​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​តំបន់​វិនិច្ឆ័យ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​សហគមន៍​វិមាន​ទ្រង់ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន សុខ​ជាមួយ​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍ថា ស្ពាន​លី​យ៉ុង​ផាត់ ដោយ​អនុវត្តតាម​ប្រសាសន៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្ពាន​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ធ្វើដំណើរ ដោយ​មិន​យក​ប្រាក់​នៅ​ថ្ងៃ​ទី​១៥​ម៉ោង​០០ ខែតុលា​ ឆ្នាំ​២០១៧​នេះ​តទៅ​ ហើយ​នៅ​ថ្ងៃ​ទី​១៦​ រដ្ឋបាល​រាជធានី​នឹង​រៀបចំ​ពិធី​ទទួលយក​ស្ពាន​នេះ​ មក​គ្រប់គ្រង​ជា​សម្បត្តិ​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​មិន​យក​ប្រាក់​រហូត​តទៅ​។

លោក​បន្ត​ថា នេះ​ជា​ការ​គិតគូរ​មួយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​តែងតែ​គិតគូរ​ជានិច្ច​ពី​សុខ ទុក្ខ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា ការ​ផ្តល់​ផ្លូវ​ស្ពាន​ឲ្យ​ធ្វើ​ដំណើរ​នេះ​ជា​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ មានន័យថា មាន​ផ្លូវ​មាន​ស្ពាន​គឺ​មាន​ក្តីសង្ឃឹម។

ការសម្រេច​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​នេះ គឺជា​ការ​គិតគូរ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដូចជា​ការលុបចោល​បង់​ថ្លៃ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​លេខ​២០០៤ ឬ​ផ្លូវ​ម៉ៃ​ដា កាល​ពី​ពេល​កន្លងទៅ​ផងដែរ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៥ ខែ​តុលា ជា​ការ​ផ្ដល់​កាដូ​ដ៏​ធំ​មួយ​ជូន​ដល់​ជនរួមជាតិ​ទូទាំង​ប្រទេស សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ទិញ​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ ហើយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​មិនបាច់​បង់ថ្លៃ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684