ព័ត៍មានទាន់​ហេតុការណ៏
Search

២​ថ្ងៃ ​​ទុស្សេ​ខ្សែភ្លើង​តូប​ និង​ផ្ទះ​២​កន្លែង​ផ្សេងគ្នា ​គិត​ជា​ទឹកប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ

ពោធិ៍សាត់ ​៖​ ២​ថ្ងៃ​ជាប់​គ្នា​អគ្គិភ័យ ​ដោយ​​​ទុស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ​១​ខ្នង ​តូប​លក់​ចាប់ហួយ​១​ខ្នង ​នៅ​២​កន្លែង​ផ្សេងគ្នា​ ដោយ​គិត​ជា​ទឹកប្រាក់​អស់​ជាង ១​ម៉ឺន​ដុល្លារ។

ហេតុការណ៍​ គ្រោះ​អគ្គិភ័យ​នេះ​ បាន​កើតឡើង​២​ថ្ងៃ​ជាប់​គ្នា​នៅ​ស្រុក​ក្រគរ​១​កន្លែង​ និង​ ១​កន្លែង​ទៀត​ក្រុង​ពោធិ៍សាត់។

តាម​មន្ត្រី​រដ្ឋបាល​ប៉ុស្តិ៍​ឈើ​តុំ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ ក្នុង​ភូមិ​ការ​ប៉ះ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​​ ផ្ទះ​១​ខ្នង​របស់​ម្ចាស់ផ្ទះ​ឈ្មោះ​គីង អឿន អាយុ៥៨​ឆ្នាំ​ ភេទ​ប្រុស ​ជនជាតិ​ខ្មែរ និង​ប្រពន្ធ​ ឈ្មោះ​ប៉ែន សុ​គុន្ធ អាយុ​៥៨​ឆ្នាំ​មានកូន​ម្នាក់​ប្រុស​នៅ​ភូមិ​ខាងលើ​ ត្រូវ​ទុស្សេ​ខ្សែភ្លើង ក្លាយ​ជា​អគ្គិភ័យ ឆាបឆេះ​ផ្ទះ អស់​មួយ​ខ្នង ​ដែល​មាន​ទំហំ ៥x៦ ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី ព្រមទាំង​សម្ភារៈ ខូចខាត រួមមាន តុ ទូ​ សា​ឡុង​ គ្រែ​ គិត​ជា​ទឹកប្រាក់​ចំនួន​៤.០០០$ ( បួន​ពាន់​ដុល្លារ ) ដោយហេតុ​ការណ៍​នេះ ត្រូវ​បាន​កម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើ​តុំ​និង​ប្រជាពលរដ្ឋ ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​សង្គ្រោះ​ម្ចាស់ផ្ទះ និង​មិន​ឲ្យ​រាលដាល​ឆ្លង​ឆេះ​ផ្ទះ​អ្នក​ផ្សេង​ឡើយ​។

ដោយឡែក​មួយ​ករណី​ទៀត​បើ​តាម លោក​អធិការ​ក្រុង​ពោធិ៍សាត់ យឹម ឈាង​ហៃ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​ស្រះស្រង់​សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​ តូប​លក់ដូរ​ចាប់ហួយ​មួយ​ខ្នង​មាន​ទំហំ ៤​គុណ​៥ ប្រក់​ស័ង្ក​សី និង​ក្រាល​ក្ដារ ដែល​ម្ចាស់​តូប​នោះ​ឈ្មោះ រ៉​ម រួម ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មក​ស្នាក់នៅ​លក់ដូរ​ខាងលើ ត្រូវ​បាន​ទុស្សេ​ខ្សែភ្លើង បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​តូប​ និង ​សម្ភារៈ​ចាប់ហួយ​ទាំងស្រុង​តែម្ដង ក្នុង​នោះ​លុយ​ខ្មែរ ១៦​លាន​រៀល មាស​៥​ជី និង​លុយ​សម្ភារៈ ទាំងអស់​គិត​ជា​ទឹកប្រាក់​១.៥០០$។

លោក​អធិការ​បន្ត​ថា ក្រោយ​ពេល​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ​ភ្លាម កម្លាំង​រដ្ឋបាល​មូលដ្ឋាន​ប៉ុ​ស្តិ៍​នគរបាល​ជាមួយ​ប្រជា​ការពារ ប្រជាពលរដ្ឋ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​២​គ្រឿង​និង​កម្លាំង​នគរបាល​ក្រុង​បាន​មក ជួយ​អន្តរាគមន៍ ទប់ស្កាត់​ពន្លត់ មិន​ឲ្យ​រាលដាល​ឆេះ​ឆ្លង​ទៅ​ផ្ទះ​អ្នក​ដទៃទៀត និង​ជួយសង្គ្រោះ​ម្ចាស់ផ្ទះ កុំ​ឲ្យ​មាន​គ្រោះថ្នាក់។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ មាន​ហេតុ​ការណ៍​គ្រោះ​អគ្គិភ័យ​ដល់​ទៅ​២​លើក​ជាប់ៗ​គ្នា ដោយសារតែ​​​ទុស្សេ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ផ្ទះ​និង​តូប​លក់ដូរ​របស់​ជនរ​ង​គ្រោះ​ត្រូវ​ភ្លើង​ឆេះ​អស់​ ដែល​គិត​ជា​លុយ​ជាង​១០.០០០$ តែ​សំណាង​ណាស់​ដោយ​គ្មាន​មនុស្ស​គ្រោះថ្នាក់​និង​រាលដាល​ឆេះ​ផ្ទះ​អ្នក​ផ្សេង ដោយសារ​តែ​មាន​ការ​សហការ​គ្នា​រវាង​សមត្ថកិច្ច​និង​ពលរដ្ឋ​អន្តរាគមន៍ ស្រុះគ្នា​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684