ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​បាន​រថយន្ត​ដឹក​ឈ្លើង​សមុទ្រ​ចំនួន​៥០​បាវ​ ស្មើ​នឹង​ ១៥០០ គីឡូក្រាម​

ព្រះសីហនុ​ ៖ ឈ្លើងសមុទ្រ​ចំនួន​ ៥០​ បាវ មាន​ទម្ងន់ ១៥០០ ​គីឡូក្រាម ដែល​គ្មាន​ច្បាប់​អនុញ្ញាត ដឹក​តាម​រថយន្ត​មួយគ្រឿង​បម្រុង​នាំ​ចេញទៅ​ប្រទេសជិតខាង ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​ឃាត់​ និង នាំ​យក​មកកាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

ករណី​ឆ្មក់​ចុះបង្ក្រាប​រថយន្ត​ដឹក​ផល​នេសាទ​សមុទ្រ​ដោយ​ខុសច្បាប់​នេះ ​បាន​ធ្វើឡើង​នៅ​ម៉ោង​ ២២ និង​ ១៥​នាទី ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ​ក្នុងភូមិបត់​គគី ឃុំអូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។​

យោងតាម​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​សកម្មភាព​​ល្មើសច្បាប់​ផ្នែក​ជលផល​ភាគ​ច្រើន ក្រុម​ឈ្មួញតែងតែ​លួច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​នេសាទនៅពេល​យប់​ ក្នុងនោះ​មានដូចជា​ កូន​ក្រែង​ឈាម កូន​ក្តាម រួម​នឹង​ផល​នេសាទ​សមុទ្រជាច្រើន​ទៀត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​រថយន្ត​កូរ៉េ​ដែល​ចាប់​នេះ​ ម៉ាក​តួ​រី​ស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ​2AD 6416 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុខ ខឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ចេញដំណើរ​ពី​​ទីតាំងខាងលើ​ឆ្ពោះទៅ​ខេត្តកំពត។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​បន្ទាប់ពី​ចាប់បាន​ភ្លាម​ កម្លាំង​ជំនាញ​បាន​នាំ​រថយន្ត វត្ថុតាង​ល្មើស ​និង អ្នកបើកបរ ​មកកាន់​ស្នងកា​រ​នគរបាល​ខេត្ត​។​ បច្ចុប្បន្ន​ ជនល្មើស រថយន្ត​ និង ​វត្ថុតាង​ពាក់ព័ន្ធ បានប្រគល់​ជូនទៅ​មន្ត្រី​ជំនាញ​ជលផល​ ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114