ព័ត៍មានទាន់​ហេតុការណ៏
Search

​ព្រះមហាក្សត្រ​មានបន្ទូលថា កាតា​ឡាន​ជា​កម្មសិទ្ធិ​របស់​អេ​ស្ប៉ា​ញ​

ព្រះមហាក្សត្រ Felipe ទី​៦​របស់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​សុក្រ​បាន​រិះគន់​នូវ​អ្វីដែល​ទ្រង់​មានបន្ទូលថា​ជា “​ការប៉ុនប៉ង​បំបែក​ខ្លួន​ដែល​មិនអាច​ទទួលយកបាន​” ដោយ​កាតា​ឡាន​ខណៈពេលដែល​រដ្ឋាភិបាល​បានរៀបចំ​វិធាន​ការមិន​ធ្លាប់មាន​ពីមុន​ដើម្បី​ទាញយក​អំណាច​ពី​តំបន់​ដែល​រងគ្រោះ​ដោយ​វិបត្តិ​មួយ​នេះ​មកវិញ​។​



បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប​បានផ្តល់​ការគាំទ្រ​របស់​ពួកគេ​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ដ​ដោយ​ប្រធានសភា​អឺរ៉ុប​លោក Antonio Tajani បាន​ព្រមាន​ថា ការប៉ុនប៉ង​ដើម្បី​គូរ​ព្រំប្រទល់​អឺរ៉ុប​សាជាថ្មី​នឹង​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​។​

នៅក្នុង​សុន្ទរកថា​ដ៏​រំជើបរំជួល​ខុសប្លែក​នៅឯ​ពិធី​មួយ​ក្នុង​ទីក្រុង Oviedo, ព្រះអង្គ Felipe បាន​រៀបរាប់​តំបន់​កាតា​ឡាន​ថា​ជា “​ផ្នែក​សំខាន់​មួយ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​នា​សតវត្សរ៍​ទី​២១” និង​មានបន្ទូលថា វិបត្តិ​ដែល​បង្កឡើង​ដោយ​ការធ្វើប្រជាមតិ​ឯករាជ្យ​ថ្ងៃទី​១​ខែតុលា​ត្រូវតែ​ដោះស្រាយ​តាមរយៈ “​ស្ថាប័ន​ប្រជាធិបតេយ្យ​ស្របច្បាប់​”​។​

ព្រះអង្គ​បាន​អង្វរ​ថា “​យើង​មិន​ចង់​បោះបង់ចោល​អ្វីដែល​យើង​បាន​កសាង​រួមគ្នា​នោះទេ​”​។​
​ព្រះមហាក្សត្រ​មានបន្ទូល​បែបនេះ​ខណៈពេលដែល​គណៈរដ្ឋមន្ត្រី​របស់លោក​នាយករដ្ឋមន្ត្រី Mariano Rajoy រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ចុង​សប្ដាហ៍​នេះ​ដើម្បី​កំណត់​អំណាច​ដែល​ខ្លួន​មាន​ផែនការ​ចាប់យក​ពី​តំបន់​ភាគ​ឦសាន​មួយ​នេះ​ស្របពេល​មេដឹកនាំ​របស់ខ្លួន​គឺ​លោក Carles Puigdemont បដិសេធ​បោះបង់​ការ​គំរាម​របស់លោក​ក្នុងការ​ប្រកាស​ពីរ​ដ្ឋ​បំបែក​ខ្លួន​មួយ​។​

ស្វ័យភាព​គឺជា​បញ្ហា​ដ៏​រសើប​បំផុត​នៅក្នុង​តំបន់​កាតា​ឡាន​ដែល​អំណាច​របស់ខ្លួន​ត្រូវបាន​ដកចេញ​នៅក្រោម​របប​ផ្តាច់ការ​យោធា​របស់​ប្រទេស​អេ​ស្ប៉ា​ញ​។ ដោយមាន​ប្រជាពលរដ្ឋ​៧.៥​លាន​នាក់​, តំបន់​នេះ​បានការ​ពារ​វប្បធម៌​និង​ភាសា​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​។​

រដ្ឋាភិបាល​របស់​កាតា​ឡាន​បច្ចុប្បន្នកំពុង​គ្រប់គ្រង​ប្រព័ន្ធ​ប៉ូលិស អប់រំ​និង​ថែទាំ​សុខភាពរ​ដោយផ្ទាល់​ខ្លួន​ប៉ុន្តែ​របាយការណ៍​បាន​និយាយថា លោក Rajoy កំពុង​ត្រៀមខ្លួន​ដើម្បី​កាន់កាប់​កងកម្លាំង​ប៉ូលិស​របស់ខ្លួន​។​

វា​ក៏​អាច​បង្ខំ​ឲ្យ​មានការ​បោះឆ្នោត​ថ្មី​នៅក្នុង​សភា​កាតា​ឡាន​ផងដែរ​ដែលជា​កន្លែង​ក្រុម​បំបែក​ខ្លួន​បាន​កាន់កាប់​សំឡេង​ភាគច្រើន​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114