ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ឡាន​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ និង​ស្ពាន​ក្នុង​ស្រុក​កងមាស

ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា​រថយន្ត​ដឹក​ឈើ​ពេលយប់​ដែល​ដឹក​លើស​ទម្ងន់​ កំពុង​ធ្វើឱ្យ​ខូច​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​រហូតដល់​ស្ទើរតែ​មិន​អាច​ធ្វើដំណើរ​បាន។

តាម​សម្តី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ទាំងនោះ​ច្រើន​ធ្វើដំណើរ​ទៀបភ្លឺ​ចន្លោះ​ម៉ោង​៣​ទៅ​ម៉ោង​៥ ដោយ​ចូល​តាម​ច្រក​ថ្នល់ទទឹង​ផ្លូវជាតិ​៦​អា​ កាត់​តាម​ពាមជីកង និង​ឃុំ​ស្តៅ ស្រុក​កងមាស រួច​ចេញ​តាម​ច្រក​ឃុំ​រកា​កោង​ស្រុក​មុខកំពូល មិន​នឹង​ចេញ​មក​ផ្លូវជាតិ​៦​អា​វិញ។

​​អ្នក​បើកឡាន​ស្ទូច​ម្នាក់​ដែលមាន​មិត្តភ័ក្ដិ​ជា​អ្នកបើក​ឡានធំ​ដឹក​លើស​ទម្ងន់​ទាំងនោះ បាន​និយាយថា​រថយន្ត​ដឹកឈើ​ទាំងនេះ​ដឹក​លើស​ទម្ងន់​រហូតដល់​ទៅ​៦០​ទៅ​៧០​តោន ហើយ​ព្យាយាម​គេច​ពី​កន្លែង​ជញ្ជីង​ថ្លឹង​ឡាន​នៅ​ថ្នល់កែង ស្រុក​បាធាយ ហើយ​លួច​បើក​ចូល​តាមផ្លូវ​ក្នុង​។


«​ពេល​គេ​គេច​តាមផ្លូវ​ក្នុង​មួយ​ជើងៗ គេ​ចំណេញ​បាន​ពី​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​ដែល​ថៅកែ​ទុកឱ្យ​បង់​កន្លែង​ថ្លឹង​ជញ្ជីង​។​» អ្នក​បើកឡាន​ស្ទូច​វ័យ​៤៥​ឆ្នាំ​រូបនោះ​បាន​និយាយ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​ដាច់​ម៉ូយ​ដែលជា​ថៅកែ​ឡានធំៗ​ទាំងនោះ​។​

​អ្នក​បើកឡាន​តាក់ស៊ី​ម្នាក់​ឈ្មោះ​ផល​បាន​និយាយថា​ឡាន​របស់គាត់ ក៏ដូចជា​អ្នកបើក​ឡាន​ដទៃទៀត តែងតែ​ខូច​ជារឿយៗ ដោយសារតែ​បើក​កាត់​តាមផ្លូវ​រលាក់ និង​គ្រលុក​ធំៗ​នេះឯង​។​

«​អ្នកមាន​ឡាន​ល្អ​មិន​ចង់​ជិះ​កាត់​តាមផ្លូវ​នេះ​ទេ ព្រោះ​ខ្លាច​ខូច​ឡាន​របស់គេ​។​» អ្នកបើក​តាក់ស៊ី​វ័យ​ប្រមាណ​៥០​ឆ្នាំ​រូបនេះ​បាន​និយាយ​។​

មាត្រា​៦០​នៃ​ច្បាប់​ផ្លូវថ្នល់​ឆ្នាំ​២០១៤​ចែងថា​៖ «​អ្នកប្រើប្រាស់​យានយន្ត​ធុន​ធ្ងន់​ដែល​ដឹកជញ្ជូន​ទំនិញ​លើផ្លូវ​ថ្នល់​ដែល​៖
១) មិន​ចូល​ថ្លឹង​នៅ​ស្ថានីយ​ជញ្ជីង​តាម​បណ្តាញ​ផ្លូវ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​៥​ម៉ឺន រៀល​។​
២) ផ្ទុក​ទម្ងន់​មិន​លើសពី​៥​ភាគរយ​នៃ​ទម្ងន់​កម្រិត​កំណត់ ត្រូវធ្វើ​ការព្រមាន​ជា​លាក​លក្ខណ៍​អក្សរ​។​
៣) ផ្ទុក​ទម្ងន់​មិន​លើសពី​៥​ភាគរយ​ទៅ​១០​ភាគរយ​នៃ​ទម្ងន់​កម្រិត​កំណត់​ត្រូវ​៖
​ក​) រើ​ទំនិញ​ចេញ និង​ឃាត់​យានជំនិះ​ទុក​ចំនួន​១០​ថ្ងៃ និង​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ក្នុង​ទម្ងន់​មួយ​តោន​។​
​ខ​) ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​១០​ថ្ងៃ​។​
៤) ផ្ទុក​ទម្ងន់​លើសពី​១០​ភាគរយ​ទៅ​២០​ភាគរយ​នៃ​ទម្ងន់​កម្រិត​កំណត់​ត្រូវ​៖
​ក​) រើ​ទំនិញ​ចេញ និង​ឃាត់​យានជំនិះ​ទុក​ចំនួន​១​ខែ និង​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​២០​ម៉ឺន រៀល ក្នុង​ទម្ងន់​មួយ​តោន​។​
​ខ​) ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​៦​ខែ​។​
៥) ផ្ទុក​ទម្ងន់​លើសពី​២០​ភាគរយ​ទៅ​២០​ភាគរយ​នៃ​ទម្ងន់​កម្រិត​កំណត់​ត្រូវ​៖
​ក​) រើ​ទំនិញ​ចេញ និង​ឃាត់​យានជំនិះ​ទុក​ចំនួន​១​ឆ្នាំ និង​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល ក្នុង​ទម្ងន់​មួយ​តោន​។​
​ខ​) ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​២​ឆ្នាំ​។​
​មាត្រា​៧៥​នៃ​ច្បាប់​ផ្លូវថ្នល់​ដដែល​ចែងថា​៖ «​អ្នកប្រើប្រាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដឹកជញ្ជូន​ទំនិញ​លើផ្លូវ​ថ្នល់ ដែល​ផ្ទុក​លើស​ទម្ងន់​ធ្វើឱ្យ​ស្រុត​ផ្លូវថ្នល់ ឬ​បែក​លូ​កាត់​ទទឹងផ្លូវ ឬ​បាក់​ស្ពាន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​។​»

ទន្ទឹមនឹងនេះ អ្នកបើកបរ​ក៏​មិនអាច​រំពឹងថា ​គេ​អាច​ផ្សំគំនិត​ជាមួយ​ប៉ូលិស​ចរាចរណ៍ ដោយ​ការ​សូកប៉ាន់​នោះបាន​ដែរ ពីព្រោះ​មាត្រា​៧៥​នៃ​ច្បាប់​ផ្លូវថ្នល់​ដដែល​ក៏​ចែងថា​៖ «​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវថ្នល់ ហើយ​បណ្តាលឱ្យ​ស្រុត​ផ្លូវថ្នល់ ឬ​បែក​លូ​កាត់​ទទឹងផ្លូវ ឬ​បាក់​ស្ពាន ត្រូវ​ផ្ដន្ទាទោស​ដូច​ចារី (​ពោលគឺ​អ្នកប្រព្រឹត្តិ​បទល្មើស​ដែរ​)​។​»