ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នុក កើតមាន​ពេញបន្ទុក​នៅ​ឃុំអន្លង់​សំណរ សង្ស័យ​សមត្ថកិច្ច​ជំនាញ​ត្រូវ​ថ្នាំ​សណ្តំ

សៀមរាប ​៖ ​បើ​យើង​ក្រឡែត​មក​មើល​តំបន់​ទន្លេសាប​ក្នុង​ភូមិ​សាស្ត្រ ​ឃុំ​អន្លង់​សំណរ​ ស្រុកជីក្រែង ​នៅ​ពេល​រាត្រី​គឺ​ហាក់បីដូចជា​ភ្លើងពណ៌​ក្នុង​រង្គសាល​អញ្ចឹង​។

តាម​ពិត​ទៅ​វា​គឺជា​បទល្មើស​នេសាទ​ប្រភេទ​ឆ្នុក ​ដែល​គេ​ដាក់​អំពូល​ភ្លើង​ដើម្បី​ឲ្យ​សត្វល្អិត​ឲ្យ​ធ្លាក់​ចូល​ក្នុង​ទឹក​រួច​ហ៊ុមចាប់​យក​ត្រី​តែប៉ុណ្ណោះ​។ ចំពោះ​ផ្លូវច្បាប់​ត្រូវ​បាន​ហាមប្រាម​យ៉ាងខ្លាំង​។ ប៉ុន្តែ​នៅ​តំបន់​ខាងលើ​នេះ​អាច​ដាក់​បែបនេះ​បាន​នោះ​ គឺ​គេ​សង្ស័យ​ថា​ ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​ខាងលើ​ ​ទទួល​សំណែន​ពី​អ្នក​ល្មើសច្បាប់។

​តាម​ការអះអាង​របស់​ប្រជា នេសាទ បាន​ឲ្យ​ដឹង​ថា​ បទល្មើស​នេសាទ​ប្រភេទ​ឆ្នុក​នេះ​កំពុង​ធ្វើ​ឲ្យ​ហិនហោច​ពូជ​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាងខ្លាំង​ ព្រោះ​ពួកគេ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​បែប​ទំនើប​ដោយមាន​ដាក់​ម៉​ង​ក្រឡា​ញឹក​និង​ភ្លើង​អំពូល​ដើម្បី​ឲ្យ​ធ្លាក់​សត្វល្អិត​មក​ត្រី​ចោមរោម​ស៊ី​ហើយក៏​ចូល​ក្នុង​សាច់​ម៉​ង​យ៉ាង​ស្រួល​និង​មាន​ទាំង​ប្រដាប់​ឆក់​ត្រី​ថែម​ទៀត​ផង​។

ពលរដ្ឋ​បន្ត​ថា មានការ​សង្ស័យ​ថា ​រដ្ឋ​បាល​ជល​ខេត្តសៀមរាប​ និង ​កូនចៅ​តាម​សង្កាត់​ជា​អ្នកទទួល​ផលប្រយោជន៍​ច្រើន​ជាង​គេ​ទាក់ទង​ទៅ​នឹង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​ខាងលើ​ជាពិសេស​ឧបករណ៍​ឆ្នុក​ប្រើ​ភ្លើងពណ៌​នេះ​តែម្តង។

ប្រភព​ពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​បាន​បន្ត​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​គ្រប់​លំដាប់ថ្នាក់ ​មិន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។ សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹង​ថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ជីក្រែង​និង​ស្រុក​សូទ្រនិគម​បាន​ទទួល​លុយ​ពី​ក្រុម​ជនល្មើស​ទើប​បណ្ដោយ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​គឃ្លើន​។

អ្នកឃ្លាំមើល​បទល្មើស​នេសាទ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​មេខ្យល់​សម្រាប់​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​បែប​នេះ​ហើយ ​ទើប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆ្នុក​នៅ​ស្រុក​ខាងលើ​កាន់​តែខ្លាំង​ឡើងៗ​ដូច​ទឹកបាក់​ទំនប់។
ទាក់ទិន​ករណី​នេះ​ដែរ​ លោក​យឹម ស៊ីវ័ន​ នាយសង្កាត់រដ្ឋបាល​ជលផល​អន្លង់​សំណរ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា​នេះ​ ដោយសារ​ហៅ​ទូរស័ព្ទ​មិន​ចូល​គឺ​នៅក្រៅ​តំបន់​សេវា​។

ចំណែក​លោក​ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ​ដោយសារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក​។ ទោះជា​យ៉ាងនេះ​ក្តី ​លោក​ទា គឹម សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២៨​ ខែតុលា ​នេះ​ថា​ បញ្ហា​ហ្នឹង​លោក​និង​ឲ្យ​ខាង​ជំនាញ​រដ្ឋបាល​ជល​ចុះទៅ​មើល​សិន​។ លោក​បន្ត​ថា ​កន្លង​ទៅ​ខាង​ជំនាញ​ធ្លាប់​ចុះ​បង្ក្រាប​ជា​ញឹកញាប់​ដែរ​តែ​ដូច​វែកចក​អញ្ចឹង​។ លោក​បញ្ជាក់​ថា ​ទោះជា​យ៉ាង​ណា​លោក​នឹង​ឲ្យ​មន្ត្រី​ចុះបង្ក្រាប​បន្ថែម​ទៀត​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114