ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​កាត់ទោស​ដ៏​ធំ​នៃ​មេដឹកនាំ​រដ្ឋប្រហារ​ទួរគី​ បានចាប់ផ្តើម​ឡើងវិញ​

ការកាត់ទោស​ដ៏​ធំ​មួយ​ក្នុងប្រទេស​ទួរគី​បានចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នៃ​ជនសង្ស័យ​ជាង​២២០​នាក់​រួមទាំង​អតីត​ឧ​ត្ត​ម​សេនីយ៍​ផងដែរ​ ដែល​ត្រូវបាន​ចោទប្រកាន់ថា​ស្ថិតក្នុង​ចំណោម​មេដឹកនាំ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំមុន​ ដែល​ប៉ុនប៉ង​ទម្លាក់​លោក​ប្រធានាធិបតី Recep Tayyip Erdogan។​

ជនសង្ស័យ​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​មួយជីវិត​ប្រសិនបើ​ត្រូវបាន​កាត់ទោស​ពីបទ​ប្រើប្រាស់​អំពើហិង្សា​ដើម្បី​ព្យាយាម​ផ្តួលរំលំ​រដ្ឋាភិបាល​និង​សភា​ដែល​សម្លាប់​មនុស្ស​ជិត​២៥០ នាក់​។​

ប្រទេស​ទួរគី​បាន​បន្ទោស​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៦​ទៅលើ​បព្វជិត​មូស្លីម Fethullah Gulen ដែល​ការអះអាង​នេះ​ត្រូវបាន​គាត់​បដិសេធ​។​

លោក Gulen ដែល​រស់នៅ​ក្នុងការ​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ចំនួន​២២១​នាក់​ដែលមាន​ឈ្មោះ​នៅក្នុង​ដីកា​ប៉ុន្តែ​កំពុង​រត់គេច​ហើយ​ចំណែកឯ​អ្នក​នៅសល់​ផ្សេងទៀត​ត្រូវ​បង្ហាញខ្លួន​នៅក្នុង​តុលាការ​។​

ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២៤៩​នាក់​ស្លាប់​ដោយ​មិន​រាប់បញ្ចូល​អ្នក​រៀប​ផែន​ការធ្វើ​រដ្ឋប្រហារ​២៤​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ​យប់​នៃ​ការប៉ុនប៉ង​ឈ្លានពាន​នេះ​។​

នៅក្នុង​សវនាការ​កាត់ក្តី​កាលពី​ខែឧសភា អ្នកគាំទ្រ​រដ្ឋប្រហា​រដែ​ល​ត្រូវបាន​ចោទប្រកាន់​គឺ​ត្រូវបាន​ស្រែក​ដាក់​ដោយ​ក្រុមអ្នកតវ៉ា​នៅពេល​ពួកគេ​ចូល​បន្ទប់​សវនាការ​ដោយមាន​អ្នកខ្លះ​ស្រែក​ពាក្យស្លោក​គាំទ្រ​ការកាត់ទោស​ប្រហារជីវិត​ដល់​ជនសង្ស័យ​។​

ការកាត់ទោស​នេះ​គឺជា​ផ្នែក​មួយ​ក្នុងចំណោម​ការកាត់ទោស​ជាច្រើន​ដែល​កំពុងដំណើរការ​នៅ​ទូទាំងប្រទេស​ដើម្បី​វិនិច្ឆ័យ​ជនសង្ស័យ​រដ្ឋប្រហារ​នៅក្នុង​អ្វី​ដែលជា​ដំណើរការ​ច្បាប់​ដ៏​ធំ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ប្រទេស​ទួរគី​។​

រដ្ឋាភិបាល​បានចាប់ផ្តើម​ការបង្ក្រាប​ដ៏​ធំ​មួយ​នៅក្រោម​ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដែល​បាន​ដាក់ចេញ​ក្រោយ​រដ្ឋប្រហារ​បរាជ័យ​ដែល​ត្រូវបាន​ពន្យារពេល​ជាច្រើន​ដង​។​

មនុស្ស​ជាង​១៤០,០០០​នាក់​រួមទាំង​បុគ្គលិក​សាធារណៈ​ផងដែរ​គឺ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ឬ​ត្រូវបាន​ផ្អាក​ដោយសារ​ជាប់ទាក់ទង​ទៅនឹង​រដ្ឋប្រហារ​ខណៈដែល​មនុស្ស​៥០,០០០​នាក់​ត្រូវបាន​ចាប់ខ្លួន​តាំងពី​ខែកក្កដា​ឆ្នាំ​២០១៦​មកម្ល៉េះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114