ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ថា កម្ពុជា​បាន​រក​ឃើញ​ទីតាំង​អាវុធ​គីមី​ចំនួន​៣៤​កន្លែង

ភ្នំពេញ​ ៖ នេះ​ជា​ការ​លើកឡើង​នៅ​លើ​លិខិត​របស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ដែល​បាន​ផ្ញើ​ទៅ​លោក Ahmet Üzümcü អគ្គនាយក​នៃ​អង្គការ​ហាមឃាត់​អាវុធ​គីមី (Organization for the Prohibition of Chemical Weapons – OPCW) ដែលមាន​ទីស្នាក់ការ នៅ​ទី​ក្រុងឡាអេ (The Hague) នៅ​ប្រទេស​ហូ​ឡង់ ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កាល​ពីថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​មួយច្បាប់​កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៧ ផ្ញើ​ជូន​ឯកឧត្តម Ahmet Üzümcü អគ្គនាយក​នៃ​អង្គការ​ហាមឃាត់​អាវុធ​គីមី (Organization for the Prohibition of Chemical Weapons – OPCW) ដែលមាន​ទីស្នាក់ការ នៅ​ទី​ក្រុងឡាអេ (The Hague) ប្រទេស​ហូ​ឡង់ ដើម្បី​ជម្រាប​ជូន​ពី​ការរកឃើញ​អាវុធ​គីមី​នៅ​កម្ពុជា និង​ស្វែងរក​ជំនួយ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ក្នុង​បញ្ហា​នេះ។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​ក្នុង​លិខិត​របស់​ខ្លួន​ថា “​ខ្ញុំ​សូម​ជម្រាប​ឯកឧត្តម​ថា នៅក្នុង​ប្រតិបត្តិការ​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​ដែលមាន​ផលប៉ះពាល់​តំបន់​ជាច្រើន​នៃ​ផ្ទៃ​ប្រទេស កម្ពុជា​បាន​ប្រទះឃើញ​អាវុធ​គីមី​មួយ​ចំនួន​។ កាលពី​ខែមីនា និង​មេសា ឆ្នាំ​២០១២ អ្នកជំនាញ​មកពី​អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​ពិនិត្យ និង​បញ្ជាក់​វត្តមាន​នៃ​អាវុធ​គីមី ដែល​ត្រូវបាន​រកឃើញ​នៅ​ខេត្ត​មណ្ឌល​គី​រី​។ នៅ​ដើមខែ​តុលា ឆ្នាំ​២០១៧​ថ្មីៗ​នេះ យើង​បាន​យកចេញ​កាកសំណល់​អាវុធ​មួយ​ចំនួន ពី​សាលាបឋមសិក្សា​គគី​រ និង​វត្ត ក្នុង​ឃុំ​គគីរ ខេត្តស្វាយរៀង ដែល​ក្រោយមក​ត្រូវបាន​បញ្ជា​ក់ដោយ​អ្នកជំនាញ​ពី​អាជ្ញាធរ​ជាតិ​អាវុធ​គីមី (NACW) និង​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា (CMAC) ថា​សារធាតុ​ដែល​រកឃើញ​នៅក្នុង​អាវុធ​ទាំងនោះ ស៊ីគ្នា​ទៅនឹង​និយមន័យ​អាវុធ​គីមី ចែង​ក្នុង​មាត្រា II កថាខណ្ឌ​១ (១) និង (b) នៃ​អនុសញ្ញា​ស្តីពី​អាវុធ​គីមី​។ នៅក្នុង​ឃុំ គេ​ពិនិត្យ​ឃើញ​មាន​ជនរងគ្រោះ​មួយចំនួន​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ដែរ​ថា មកដល់​សព្វថ្ងៃ មាន​ទីតាំង​ចំនួន​៣៤​កន្លែង ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​អាវុធ​ប្រភេទ​ដូច​គ្នា​នេះ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ អនុលោម​តាម​មាត្រា​III កថាខណ្ឌ​១ (b) នៃ​អនុសញ្ញា​ស្តីពី​ការ​ហាមឃាត់ ការអភិវឌ្ឍន៍ ការផលិត ការរក្សា​ទុក ការប្រើប្រាស់ និង​ការ​បំផ្លាញ​ចោល​អាវុធ​គីមី (Convention on the Prohibition of Development, Production, Stockpiling and Use of Chemical Weapons and their Destruction – CWC) ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ថា កម្ពុជា​រង​ផល​ប៉ះពាល់​ដោយ​សំណល់​អាវុធ​គីមី​ពី​សង្គ្រាម ប្រើប្រាស់​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៦០ និង​១៩៧០​។

ជា​មួយ​គ្នា​នេះ ដូចដែល​ឯកឧត្តម បាន​ជ្រាប​ហើយ អនុសញ្ញា ក៏​តម្រូវ​ឲ្យ​រដ្ឋ ដែល​បាន​ប្រើប្រាស់ និង​បន្សល់ទុក​អាវុធ​គីមី ធ្វើការ​ប្រកាស​ផងដែរ​។ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ដែរ​ថា ប្រឈមមុខ​នឹង​មហន្តរាយ​នេះ ដើម្បី​ធានា​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា អនុលោម​តាម​ផ្នែក IV (B) កថាខណ្ឌ​៨ នៃ​អនុសញ្ញា ស្នើសុំ​ជំនួយ​ពី​អង្គការ​ហាមឃាត់​អាវុធ​គីមី ក្នុង​ដំណើរការ​ពិនិត្យ​ផ្ទៀងផ្ទាត់ គ្រឿងផ្ទុះ​ទាំងអស់​នៅ​តាម​ទីតាំង​ដែល​បាន​ស្គាល់​រួចហើយ និង​ជំនួយ​ដើម្បី​គាំទ្រ​ដល់​ការស្រាវជ្រាវ​បន្ថែមទៀត​អំពី​ផល​ប៉ះពាល់​នៃ​អាវុធ​គីមី ព្រមទាំង​ការ​បោសសំអាត និង​ការបំផ្លាញ​អាវុធ​ទាំងនេះ នៅ​ថ្ងៃ​អនាគត​។

ក្នុង​ឋានៈ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា រាជរដ្ឋាភិបាល​កម្ពុជា សូមបញ្ជាក់​ជាថ្មី​ពី​ការបន្ត​ប្តេជ្ញាចិត្ត និង​គាំទ្រ​ដល់​កិច្ច​ការងារ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​បំពេញ​ភារៈកិច្ច និង​កាតព្វកិច្ច តាម​ការកំណត់​របស់​អនុសញ្ញា​នេះ។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះ កម្លាំង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី និង​កម្លាំង​មជ្ឈមណ្ឌល​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​រក​ឃើញ​វត្តមាន​គ្រាប់បែក​គីមី​បន្សល់​ពី​សម័យ​សង្គ្រាម​រហូត​ដល់​១៥​ទីតាំង​ហើយ​នៅ​ក្នុង​ឃុំ​គគី ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម ហើយ​តាម​ការ​ប៉ាន់ស្មាន​អាច​នឹង​មាន​គ្រាប់បែក​ជាច្រើន​ទៀត បន្សល់​នៅ​ក្នុង​ឃុំ​នេះ ដែល​មិនទាន់​រក​ឃើញ​នៅឡើយ​។ ជាមួយគ្នា​ក្រសួងសុខាភិបាល ក៏បាន​រក​ឃើញ​កុមារ​តូចៗ​៣​នាក់​ផងដែរ បាន​រង​ឥទ្ធិពល​គ្រាប់បែក​គីមី​របស់​អាមេរិក រហូត​ធ្វើ​ឲ្យ​ពួកគេ​កើត មក​មាន​ភាពមិនប្រក្រតី​ដូចជា​មាត់​វៀច ក្បាល​ធំ និង​រមាស់​ពេញ​ខ្លួន​ជាដើម​។ កុមារ​ទាំង​៣​នេះ នឹងត្រូវ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការ​តាមដាន​ពិនិត្យ​ផ្ទាល់​ពី​ក្រសួងសុខាភិបាល​។ ទន្ទឹម​ជាមួយ​ការ​រកឃើញ​កុមារ​កើតមក​មាន​ភាព​មិនប្រក្រតី​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​បង្កើត​មណ្ឌល​សុខភាព​មួយ​ នៅ​លើ​តំបន់​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក​គីមីនេះ ដើម្បី​ផ្តល់​សេវា​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៧ មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​បាន​អះអាង​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ចំនួន​៣៦​នាក់​ទៀត រស់នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង បាននឹងកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​នៅឡើយ ក្រោយ​រក​ឃើញ​មាន​បញ្ហា​សុខភាព​រមាស់​លើ​រាងកាយ សង្ស័យ​ប៉ះពាល់​ដោយសារ​សារធាតុ​គីមី​របស់​គ្រាប់បែក​អាមេរិក ហើយ​រាប់ទាំង​ប្រជាពលរដ្ឋ​ចំនួន​៣៦​នាក់​នេះ​ផង ពលរដ្ឋ​ឃុំ​គគីរ​ដែល​មាន​បញ្ហា​សុខភាព​បាន​កើន​ឡើង​ដល់​១១៧​នាក់​ហើយ ភាគច្រើន​មាន​បញ្ហា​រមាស់​លើ​រាងកាយ និង​រោគ​ផ្សេងៗ​។

ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម គឺជា​ទីតាំង​ទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​ក្លា​មួយ​នៅ​ក្នុងសម័យ​សង្គ្រាម​វៀតណាម​។ គ្រាប់បែក​ជាច្រើន​ប្រភេទ រួមទាំង​គ្រាប់បែក​គីមី​ផង បាន​បន្សល់​មកដល់​ពេល​បច្ចុប្បន្ន​នេះ​។ កងកម្លាំង​អាជ្ញាធរ​ជាតិ​គីមី និង​កងកម្លាំង​មជ្ឈមណ្ឌល​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ បាន​បើក​ប្រតិបត្តិការ​បោសសំអាត​គ្រាប់បែក​គីមី​របស់​អាមេរិក នៅ​ក្នុង​ឃុំ​គគីរ ចាប់តាំងពី​ដើមខែ​តុលា នេះ​មក​ម្ល៉េះ ហើយ​មកដល់ពេលនេះ មាន​គ្រាប់បែក​គីមី​មួយ​ចំនួន​ហើយ ត្រូវ​បាន​យកចេញ​ពី​ក្នុង​ដី ទៅ​រក្សា​នៅ​កន្លែង​សុវត្ថិភាព ហើយ​កងកម្លាំង​ជំនាញ នឹង​បន្ត​បោសសំអាត​គ្រាប់បែក​គីមី​នេះ រហូតដល់​អស់ពី​ក្នុង​ភូមិ​របស់​ប្រជាពលរដ្ឋ។

ទាក់ទង​បញ្ហា​នេះ​ដែរ អាជ្ញាធរ​មីន​កម្ពុជា​ធ្លាប់​បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ច្រានចោល​ការចោទប្រកាន់​នានា​របស់​ស្ថានទូត​អាមេរិក ទាក់ទង​គ្រាប់បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង​នេះ ហើយ​បើតាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា មាន​កាកសំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​មាន​ចំនួន​ច្រើន ឥត​គណនា​បាន​បន្ត​សម្លាប់​កូនចៅ​ខ្មែរ​ទាំង​ក្នុង និង​ក្រោយ​សង្គ្រាម​បាន​បញ្ចប់​។

ក្នុង​នោះ​សហរដ្ឋអាមេរិក បាន​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា តាម​ទិន្នន័យ​មិនទាន់​ពេញលេញ គឺ​មាន​ចំនួន​១១៥.២៧៥​ទីតាំង (​ឬ​កំណត់ត្រា​) មានការ​ហោះហើរ​ទម្លាក់​ចំនួន ២៣០.៥៤៤​លើក មាន​ចំនួន​គ្រាប់​ទម្លាក់​ចំនួន​ជាង​២​លាន​៥៩​ម៉ឺន​គ្រាប់ មាន​ទម្ងន់​ជាង​២​លាន​៨​សែន​តោន (២,៨០៣,៨៦៨,១៥២​គីឡូក្រាម​) ក្នុង​នោះ​មាន​គ្រាប់បែក​ចង្កោម គិត​ជា​កូន​គ្រាប់បែក​ចង្កោម​ចំនួន​ជាង​២៧​លាន​៩​សែន​គ្រាប់​។ ដោយឡែក​គ្រាប់បែក​ជា​អាវុធ​គីមី ប្រភេទ​ពណ៌​ទឹកក្រូច និង​ប្រភេទ​អាវុធ​គីមី​មួយចំនួនទៀត មិន​សិ្ថត​ក្នុង​ទិន្នន័យ​នេះ​នៅឡើយ​ទេ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114