ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ ​យាង​ចូលរួម​ថ្ងៃ​ដំបូង​នៃ​ព្រះ​រាជ​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក​

ភ្នំពេញ ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប ​សំពះ​ព្រះ​ខែ​ និង អកអំបុក ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃទី​១ នៃ​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​សប្បាយ​រីករាយ​ក្រៃលែង និង ​ទឹកចិត្ត​ត្រេកអរ​របស់​ប្រជាពលរដ្ឋ ដែល​មកពី​បណ្ដា​ខេត្ត​នានា រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​បរទេសដែល​មក​ចូលរួម​ផងដែរ​។

នៅឯ​ព្រះ​ពន្លាជ័យ​ខាង​មុខ​ព្រះបរមរាជវាំង ​នា​រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជា​ទីកន្លែងដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង ​អកអំបុក។ ព្រះរាជ​ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ព្រះរាជាអធិតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​មានការ​អញ្ជើញចូលរួម​របស់ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺន​សព្វ​មុខមន្ត្រី រាជវង្សានុវង្ស ឧត្ដម​ទីប្រឹក្សា​ ព្រះមហាក្សត្រ អង្គទូត​នៃ​បណ្ដា​ប្រទេសជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត និង ​រាជធានី​យ៉ាងច្រើន​កុះករ​។

ក្នុងឆ្នាំនេះ ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះព្រះ​ខែ និង ​អកអំបុក រយៈពេល​៣​ថ្ងៃ ចាប់ពីថ្ងៃទី​០២ រហូតដល់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ទូក​មកពី​បណ្ដា​រាជធានី ខេត្ត ចំនួន ២៧០ ​ទូក​ ចូលរួម​ប្រកួត​នៅខាងមុខ​ព្រះបរមរាជវាំង ដែល​ក្នុងនោះ​ទូក​អុំ​បុរស ១៦១, ទូក​ចែវ​បុរស ២៦, ទូក​ខ្នាត​អន្តរជាតិ​បុរស ៧៧ ,ទូក​អុំ​នារី ១, ទូក​ចែវ​នារី ២ ,ទូក​ខ្នាត​អន្តរជាតិ​នារី ៣ និង ​មានកីឡាករ និង ​កីឡាការិនី​ចូលរួម​ប្រកួត​ប្រមាណ​ជិត ១៨.០០០​ នាក់​។

បន្ទាប់ពី​ការប្រកួត​ពេញ​មួយថ្ងៃ ដោយ​ធ្វើការ​ផ្លាស់ប្ដូរ​ខ្សែទឹក​ក្នុង និង​ ក្រៅ​រួចមក នៅ​រាត្រី​ថ្ងៃ​ដដែលនេះដែរ ជាមួយនឹង​ការសម្ដែង​ព្រះទ័យ​ទុកដាក់ ​អបអរសាទរ​ចំពោះ​កីឡាករ កីឡាការិនី ដែល​បាន​ចូលរួម​ក្នុងការ​ប្រណាំងទូក​ថ្ងៃទី​មួយ​នេះ​មក ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោ​ត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គបាន​សព្វព្រះរាជហឫទ័យ ស្ដេចយាង​ប្រទានភ្លើង​ទៀនជ័យលើ​ប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យ​ប្រទីប​ដែល​មកពី​ស្ថាប័ន​ចំនួន ១៣ ដែល​ក្នុ​ងនោះ​មាន ប្រទីប​​​ព្រះបរមរាជវាំង ប្រទីប​ព្រឹទ្ធសភា ប្រទីប​រដ្ឋសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីប​ក្រសួងយុត្តិធម៌ ប្រទីប​ក្រសួងការពារជាតិ ប្រទីប​ក្រសួងមហាផ្ទៃ ប្រទីបក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទីប​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម ប្រទីបក្រសួងពាណិជ្ជកម្ម ប្រទីប​ក្រសួងទេសចរណ៍ ប្រទីប​ក្រសួង​រ៉ែ ​និង​ថាមពល និង ​ប្រទីបសាលា​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ចេញដំណើរបណ្ដែត​ឡើង​តាម​ដង​ទន្លេសាប ពី​ត្បូង​ទៅ​ជើង ដែល​អមដោយ​ពិធី​អុជ​កាំជ្រួច អបអរសាទរព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះព្រះ​ខែ និង ​អកអំបុក នៅ​ថ្ងៃ​ទីមួយ​នេះ​ផងដែរ​។ ទន្ទឹមនឹង​នេះដែរ នៅ​រាត្រី​ថ្ងៃទី​មួយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះព្រះ​ខែ និង ​អកអំបុកនេះ​ដែរ ក៏មាន​ការសម្ដែង​សិល្បៈ និង​ ការ​ប្រគំតន្ត្រីរបស់ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង ​ស្ថានីយទូរទស្សន៍​មួយចំនួន ជូន​ប្រជាពលរដ្ឋទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​វត្តភ្នំ តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ កោះ​ពេជ្រ តាមសួនច្បារ និង​ តាម​ទីធ្លា​សាធារណៈមួយចំនួនទៀត​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114