ព័ត៍មានទាន់​ហេតុការណ៏
Search

ព្យាយាម​គេចវេះ​មិន​ចង់​ជួប​មុខ​ប្ដី​ សុខចិត្ត​នាំ​ប្រុស​ស្នេហ៍​មក​ដេក​ដល់​ក្នុង​បន្ទប់

ភ្នំពេញ​ ៖ ​ស្ត្រី​វ័យក្មេង​ មាន​ប្ដី​និង​កូន​១​ទៅ​ហើយ ​បាន​ណាត់​ហៅ​ប្រុស​ស្នេហ៍​មក​ដេក​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ ដោយសារតែ​បែបនេះ​ហើយ​ ទើប​នាង​ព្យាយាម​គេចវេះ​មិន​ចង់​ជួប​មុខ​ប្ដី​និង​មិន​ឲ្យ​ប្ដី​ស្គាល់​កន្លែង​ស្នាក់នៅ។ ប៉ុន្តែ​បុរស​ជា​ប្ដី​​ មាន​ការសង្ស័យ​​ សុខចិត្ត​តាម​រក​ ហើយ​ក៏​ឃើញ​គេ​ដេក​ឱប​គ្នា​យ៉ាង​ត្រេកត្រអាល​ ទើប​ខ្ទាស់​គន្លឹះទ្វារ​ខំ​រត់​ទៅប្ដឹង​នគរបាល​មកវិញ​គេ​ដោះ​គន្លឹះទ្វារ​ឲ្យ​ប្រុស​ស្នេហ៍​រត់​គេច​ខ្លួន​បាត់។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល​ជាន់​ទី​១ ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ ឌិន ដា​នី អាយុ ២១​ឆ្នាំ ​មុខរបរ​កម្ម​ការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៤៨ ជាន់​ទី​១ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​វាល​របង ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង។ ចំណែក​ភាគី​ខាង​ប្តី មានឈ្មោះ ហាស់ សារ៉ូ​ត អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ ការដ្ឋាន​សំណង់​ឯ​ខេត្តកោះកុង មាន​ស្រុកកំណើត នៅ​ភូមិ ឃុំ ជាមួយគ្នា។ គ្រួសារ​នេះ​មាន​កូន​ប្រុស​ម្នាក់ អាយុ​ជិត​២​ខួប ជា​ចំណង​អាពាហ៍ពិពាហ៍ រស់នៅ​ជាមួយ​ជីដូន​ឯ​ស្រុកកំណើត។

តាម​សម្តី​ភាគី​ខាង​ប្តី​បាន​ឲ្យ​ដឹងថា ខ្លួន​ត្រូវបាន​ឪពុក​ម្តាយ ចាស់ទុំ​ផ្សំផ្គុំ ឲ្យ​មាន​គូ​ស្រករ រៀបការ​ជាមួយ​ស្ត្រី​ខាងលើ ដោយមាន​ការទទួលស្គាល់​ពី​លោក​មេបា ចាស់ទុំ​សងខាង ក្នុងអំឡុង​ឆ្នាំ​២០១៥ កន្លងមក រហូតមកដល់​ពេលនេះ មានកូន​ប្រុស​ម្នាក់ អាយុ​ជិត​២​ខួប​ទៅហើយ។ បុរស​ជា​ប្តី​បន្តទៀតថា ក្រោយពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ចាត់ទុកថា​ជា​គ្រួសារ​ថ្មី​មួយ តែ​រស់នៅក្នុង​ស្ថានភាព​ជីវភាព បែប​ជា​អ្នកស្រែ​ជនបទ មិនមាន​របរ​អ្វី​ក្រៅពី​ស្រែចម្ការ ដើម្បី​ចង់​កែប្រែ​ជីវភាព​គ្រួសារ ឲ្យ​បាន​សមរម្យ​នឹង​គេ ខ្លួន​សម្រេចចិត្ត ចាក​ចេញពី​ស្រុកកំណើត ស៊ូ​ឃ្លាតឆ្ងាយ​ពី​ភរិយា ចាកចេញ​ទៅធ្វើ​ការងារ ជាជាង​ដែក ជាមួយ​សាច់ញាតិ​នៅឯ​ខេត្តកោះកុង សន្សំ​បាន​លុយកាក់ បាន​បន្តិចបន្តួច ទើបបាន​មកលេង ប្រពន្ធ ស្រុកកំណើត​ម្ដងម្កាល រស់នៅ​ឆ្ងាយ​ពីគ្នា រហូតមកដល់​ខែឧសភា ឆ្នាំ២០១៧ ស្ត្រី​ជា​ប្រពន្ធ ក្រោយពី​កូនខ្ចី​រួច បែកគំនិត​អផ្សុក ចង់រក​ការងារ​ធ្វើ​ដែរ ក៏​សុំ​ប្តី មករក​ការងារ​ធ្វើ នៅ​ទីក្រុង​ភ្នំពេញ តែ​មិន​ប្រាប់ ទីតាំង​ឲ្យ​ស្គាល់​ឡើយ ចង់​ជួប​មុខ​គ្នា មានតែ​ណាត់​តាម​ទូរស័ព្ទ ធ្វើដំណើរ​ទៅ​ជួបគ្នា​ឯ​ស្រុក។

ប្រភព​បន្ដ​ថា ​ភរិយា​មិន​ប្រាប់​ទីតាំង​កន្លែង​ស្នាក់នៅ​ឲ្យ​ប្តី​ស្គាល់​បែបនេះ ជា​រឿង​អាថ៌កំបាំង​មួយ ធ្វើ​ឲ្យ​ប្តី​ងឿងឆ្ងល់ ថ្វីបើ​ខ្លួន​នៅ​ធ្វើការ​ឯនាយ​ក៏ដោយ ក្តី​មន្ទិលសង្ស័យ ដាក់​ជាប់​ក្នុង​បេះដូង ​ ក្លាយទៅជា​ប្រេះស្រាំ រង្គោះរង្គើ រកាំរកូស​ក្នុង​សង្គម​គ្រួសារ ទីបំផុត​នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្មករ កម្ម​ការិនី​រោងចក្រ ត្រូវ​បាន​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ថ្ងៃ​បុ​ណ្យ​អុំទូក ហេតុអ្វី​បានជា​ប្រពន្ធ​ខ្លួន ប្រាប់​ថា​ជាប់រវល់ មិនបាន​ទៅ​ផ្តល់​ភាពកក់ក្តៅ ឲ្យ​កូនប្រុស​នៅឯ​ស្រុក ទៅវិញ រួម​នឹង​មន្ទិលសង្ស័យ​ផង​នោះ ក៏​សម្រេច​ចេញ​មក​ពី​កន្លែងធ្វើការ​ងារ មក​តាម​ស៊ើប​សួរ តាមរយៈ​មិត្តភ័ក្ដិ អ្នក​ធ្លាប់​ស្គាល់ ដើរ​ស្វែងរក​បន្ទប់​ជួល​របស់ ប្រពន្ធ​ខ្លួន​មិនបាន​មួយថ្ងៃ​ផង នួនល្អង លាក់បាំង​លែង​ជិត រក​ឃើញ​បន្ទប់​ជួល​នៅ​ខាងក្រោយ​ផ្សារ​ព្រៃទា សង្កាត់​ចោមចៅ​៣។ លុះ​ នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិកា នេះ ហេតុតែ​ចង់ដឹង​ច្បាស់ សុខចិត្ត សំកុក អង្គុយ​រង់ចាំ​ឃ្លាំមើល ហើយ​អ្វី​ដែល​ឃើញ​ផ្ទាល់​ភ្នែក បន្ទប់​ជួល​ឃើញ​បុរស​ម្នាក់ ដើរចូល ទៅ​ដេក ជាមួយ សង្ស័យ ឡើងទៅ​តាមមើល ប្រទះឃើញ ពួកគេ​ដេក​ឱប​គ្នា ស្អិត​ដូច​ស្ករ​តាំង​ម៉ែ ទ្រាំ​មិនបាន កិប​សោ​ជាប់​ពី​ក្រៅ រត់​ទៅ​ប្តឹង​ប៉ូលិស សុំ​ការ​អន្តរាគមន៍ ប្រពន្ធ​ខ្លួន​នាំ​សហាយ មក​អុំទូក​ដល់​ក្នុង​បន្ទប់​ជួល។ លុះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​៣​ចុះ​ទៅដល់​កន្លែងកើតហេតុ ត្រូវបាន បុរស​​ជា​សហាយ​របស់​ប្រពន្ធ​ខ្លួន​នោះ ត្រូវ​បាន សាច់ញាតិ ខាង​ប្រពន្ធ លួច​ចាក់សោ​ទ្វារ​ឲ្យ​រត់គេច​ចេញទៅ​បាត់​ហើយ ទើប​កើតជា​ទំនាស់​សម្តី​រវាង​ប្តី​និង​ប្រពន្ធ​មួយ​ប្រាវ ​​​រហូត​ប៉ូលិស​ហៅ​នាំ​ភាគី​សងខាង ទៅ​និយាយ​គ្នា​នៅ​ប៉ុស្តិ៍នគរបាល​វិញ។

បើ​តាម ភាគី​ខាង ស្ត្រី​ជា​ប្រពន្ធ​វិញ បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា បុរស​ដែល ចូល​មក​ដេក​លេង​ក្នុង​បន្ទប់​ជួល​នោះ ត្រូវជា​មិត្តភ័ក្ដិ ស្គាល់​គ្នា ក្នុង​កម្មវិធី​មង្គលការ មិត្ត​រួមការ​ងារ នៅឯ​ខេត្តកំពង់ស្ពឺ ស្គាល់គ្នា​ជាង​១​ខែ​ទៅ​ហើយ ចំពោះ​ឈ្មោះ អត្តសញ្ញាណ នាង​ឆ្លើយ​ថា​មិន​ស្គាល់​ទេ។ ស្ត្រី​ដដែល​បន្តទៀត​ថា កន្លងមក ពេល​ដែល រកាំរកូស​ក្នុង​គ្រួសារ ខ្លួន​ទាមទារ​ឲ្យ​ផ្តិតមេដៃ​លែងលះគ្នា​តែ​ខាង​ប្តី​មិន​ព្រម ហើយ​ក្រោយពី​ឈប់សម្រាក​ពី​ការងារ នា​ថ្ងៃ​បុណ្យអុំទូក​ខ្លួន​មិនបាន​ទៅ​ស្រុក​នោះទេ ដោយ​សំអាងថា ទើបតែ​ទៅ​សោះ អត់​មាន​លុយ​ទៅ​ស្រុក​មើល​កូន​ទើប​សំងំ​នៅផ្ទះ​ជួល លុះ​នៅ​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិកា នេះ មិត្ត​ប្រុស​មកលេង ចូលដេក​សម្រាក​ក្នុង​បន្ទប់ ហើយ​ខ្លួន​បាន ដាក់​គន្លឹះទ្វារ នៅ​ដេក​ខាងក្នុង​តែ​២​នាក់​មែន តែ​មិន​បាន រួមរ័ក​គ្នា​អី​ដូចដែល​ប្តី​ចោទប្រកាន់​នោះទេ បុរស​ម្នាក់​នោះ​គ្រាន់តែ​ដេក​លេង ឲ្យ​ស្រួលខ្លួន មុននឹង​វិលត្រឡប់​ទៅវិញ គាប់​ជួន​ប្តី​ខ្លួន​មកដល់ ឃើញ​ចោទប្រកាន់​តែម្តង។

តែ​ទោះជា​យ៉ាងណាក្តី ខាង​ប្តី​នៅតែ​ចោទប្រកាន់​ថា ប្រពន្ធ​ខ្លួន​នាំសា​ហាយ មក​អុំទូក​ក្នុង​បន្ទប់​ជួល​ទើប​គេចវេះ​ពី​ប្តី មិន​រវល់​ទៅ​ផ្តល់​ភាពកក់ក្តៅ​ឲ្យ​កូន​នៅឯ​ស្រុក​កំណើត​សំកុក​​យក​សើយ​សុខ​ជាមួយ​ប្រុស​ថ្មី​យ៉ាង​ត្រេកត្រអាល​ទៅវិញ។

ក្នុង​ការ​សម្របសម្រួល​គ្នា នៅ​ប៉ុស្តិ៍​ប៉ុស្តិ៍ ក្រោម​វត្តមាន​នគរបាល​យុត្តិធម៌ បាន​ត្រឹម​សម្របសម្រួល​ជៀសវាង កើតមាន​ហិង្សា​ដាក់គ្នា ចំពោះ រឿង​លែងលះ​យ៉ាងណា​នោះ មានតែ​ផ្លូវច្បាប់ តុលាការ​ទេ​ជា​អ្នក​សម្រេច អស់​រយៈពេល​ជាង​១​ម៉ោង ភាគី​ទាំងសងខាង ឯកភាព​គ្នា ដោយ​ស្ម័គ្រចិត្ត ធ្វើ​កិច្ចសន្យា​ផ្ទាល់ខ្លួន​មួយ​ជា​បណ្តោះអាសន្ន ហើយ​រង់ចាំ​នាំគ្នា​ទៅ​ស្រុកកំណើត ដើម្បី​និយាយ​គ្នា​ឲ្យ​ដាច់​ស្រឡះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114