ព័ត៍មានទាន់​ហេតុការណ៏
Search

មួយ​ពាន់​ទើប​ឃើញ​មួយ ការប្រើ​លេខ​ខ្មែរនៅលើ​ផ្ទាំង​ប៉ាណូ​

​បាត់ដំបង ៖ វា​ជា​ការ​កម្រ​មួយ​ដែរ ដែល​សម័យ​បច្ចុប្បន្ននេះ នៅតាម​បណ្តា​​ប៉ាណូ​នានាស្ទើរ​គ្រប់ទីកន្លែង និង ​ស្ទើរ​គ្រប់​ស្លាក​យីហោ​ផ្សេងៗ ដែល​គេ​តែងតែ​និយម​ប្រើប្រាស់​នូវ​លេខ​រ៉ូម៉ាំង ដោយសារតែ​​ជា​ទម្លាប់​មួយ ហើយក៏​ជា​និន្នាការ​មួយដែល​ប្រជា​ពលរដ្ឋ​យើងធ្លាប់ប្រើប្រាស់​លេខរ៉ម៉ាំងមកជា​ប្រចាំ។​

​ប៉ុន្តែ​បច្ចុប្បន្ន​គេ​ស​ង្កេត​ឃើញថា នៅតាម​មន្ទីរក្រសួងនានា គឺ​មន្ត្រីរាជការ​យើងមានការ​កែប្រែ​ស្ទើរទាំងស្រុង​ទៅហើយ ពី​ការប្រើប្រាស់​លេខរ៉ូម៉ាំងទៅជា​លេខ​ខ្មែរ​វិញ ទាំង​លិខិត​រដ្ឋបាល ក៏ដូចជាលិខិត​ផ្សេងៗ ឬក៏​ថ្ងៃខែចុះហត្ថលេខា គឺ​មន្ត្រីរាជការ​ទាំងអស់​ ពិសេស​ក្នុង​ខេត្តបាត់ដំបង បាន​ងាក​មកប្រើប្រាស់​លេខ​ខ្មែរ​វិញ​ហើយ។​

​ជុំវិញ​បញ្ហា​នេះដែរ ក៏​មានមតិ​ជាច្រើន​បាន​លើកឡើងថា ហេតុដូចម្តេចបានជា​នៅតាម​ក្រុមហ៊ុនផលិត​ប៉ាណូ ឬក៏​នៅតាម​បណ្តា​រោង​ពុម្ព កន្លែង​បោះពុម្ព​ផ្សេងៗ មិន​ព្រម​ប្រើប្រាស់​លេខរបស់​ជាតិ​យើង​វិញ គឺ​គេ​នៅតែ​បន្ត​ការប្រើប្រាស់​លេខរ៉ូម៉ាំងដដែល​ ដូចជា​លេខ​ទូរស័ព្ទ តម្លៃប្រេងឥន្ធនៈ និង ​ការផ្សាយពាណិជ្ជកម្ម​ជាដើម។​ល​។ ដែល​គេ​បាន​លើក​តាំងនៅ​ខាងមុខក្រុមហ៊ុន ឬក៏​នៅតាម​ទីសាធារណៈជាដើម។​

​ប្រភព​ដដែល​បានលើកឡើង​បន្ថែមថា សូម្បីតែ​នៅ​ប្រទេសជិតខាង​យើង ក៏​គេ​មិនបាន​បោះចោល​នូវ​អត្តសញ្ញាណ​ជាតិ​របស់​គេ​ដែរ គឺ​គេ​នៅតែ​បន្ត​ការប្រើប្រាស់​ជា​រៀង​រហូត​មក។ ដោយឡែក ​កម្ពុជា​យើង​គួរតែ​ ក្រុមហ៊ុន​ផលិត​ប៉ាណូ​ធំៗ និង ​រោង​ពុម្ព​នានា​ ពិសេស​អង្គភាព​ពាក់ព័ន្ធគួរតែ​ធ្វើការ​ផ្សព្វផ្សាយ និង ​ណែនាំ​ឱ្យ​ពលរដ្ឋ​ចេះ​ប្រើប្រាស់​នូវ​លេខ​របស់​ខ្មែរ​យើង​វិញ ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​សឹងតែ​សរសេរ​លេខ​ខ្មែរ​មិនត្រូវ​ផង​ ពេលខ្លះ​ដោយសារតែ​ទម្លាប់​សរសេរ​តែ​លេខរ៉ូម៉ាំងខ្លាំងពេកភ្លេច​អត្តសញ្ញាណ​ជាតិ​ខ្លួន។​

​ថ្មីៗ​នេះ គេ​ស​ង្កេត​ឃើញថា មាន​ទីតាំង​ប្រេងឥន្ធនៈ​មួយកន្លែងយីហោ ទួល​ចារ បាន​ចាប់ផ្តើម​កែប្រែពី​លេខរ៉ូម៉ាំងទៅជា​លេខ​កម្ពុជា​វិញ​ហើយ ក្នុងចំណោម​ផ្ទាំង​ប៉ាណូ​រាប់ពាន់​ដែល​ប្រើប្រាស់លេខរ៉ូម៉ាំង ដូច្នេះ​មានន័យថា ក្នុងចំណោម​ប៉ាណូមួយ​ពាន់​គឺមាន​តែមួយ​ប៉ុណ្ណោះ ដែលចាប់ផ្តើម​កែប្រែ​មុនគេនៅក្នុង​ខេត្តបាត់ដំបង ដោយសារតែ​ទីតាំង​នេះស្ថិតនៅ​ជាប់​នឹងបណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទឹកដី​ស្រុក​សង្កែ ដូច្នេះ​គួរតែ​ពលរដ្ឋ​គ្រប់រូបចាប់ផ្តើម​ប្រើប្រាស់លេខ​ខ្មែរ​វិញ​ប្រហែលជា​ប្រសើរ​ឡើងវិញនាពេល​អនាគត​៕