ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​ជូន​ដល់​កីឡាករ​អុំទូក ក្នុង​ទូក​មួយ​សម្រាប់​ការ​ហូបចុកក្នុង​មួយ​ថ្ងៃ ជា​មធ្យមត្រូវ​ចំណាយ​អស់​ថវិកា​ជាង​១​លាន​រៀល​

​ភ្នំពេញ ​៖ អ្នកគ្រប់គ្រង​ទូក​ខាង​ផ្នែក​ផ្គត់ផ្គង់​ម្ហូបអាហារ​ ជូន​ដល់​កីឡាករអុំទូកមកពី​ខេត្ដ​កណ្ដាល បាន​អះអាងថា ក្នុង​មួយថ្ងៃ កីឡាករ កីឡាការិនី ត្រូវការ​ហូបចុក​បី​ពេល គឺ​ពេលព្រឹក ពេល​ថ្ងៃ និង ពេល​ល្ងាច​ សម្រាប់​ទូក​មួយ ដែល​សរុប​លើ​ការចំណាយ​ចំពោះ​ការហូបចុក និង ​ការផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​កីឡាករ​នេះ អស់​ថវិកា​ប្រមាណ​ជាង ​១.០០០.០០០​ រៀល​។

លោក ថា​ន គឹម​សួរ អ្នកធ្វើ​ម្ហូប និង​ ជា​អ្នកគ្រប់គ្រង​ផ្នែក​ម្ហូបអាហារ​ជូន​ដល់​កីឡាករទូក​ឈ្មោះ​ ព្រែកដំបង​សែន​ជ័យ​សិរី​ពលៈ ដែល​ស្ថិតនៅក្នុង​វត្ដ​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ដែល​កំពុង​ធ្វើ​ម្ហូបអាហារ​នៅ​កន្លែង​ស្នាក់​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្នុងការរៀបចំ​ម្ហូបអាហារ និង​ បាយ​ដល់​កីឡាករ​អុំទូក គឺមាន​បី​ពេល​ក្នុង​មួយថ្ងៃ គឺពេលព្រឹក​ត្រូវ​បបរ​ចំនួន​ពីរ​ខ្ទះ ពេល​ថ្ងៃដាំបាយ​ពីរ​ខ្ទះ និង​ ពេល​ល្ងាច​បាយ​ចំនួន​ពីរ​ខ្ទះ​ទៀត ក្នុងនោះត្រូវការ​សាច់​ប្រមាណ​ជាង​ ៧០ គីឡូក្រាម និង ​អង្ករ​ ១​បេ​កន្លះ ស្មើនឹង ​៧៥ ​គីឡូក្រាម ហើយ​គិត​ជា​ទឹកប្រាក់​ជា​មធ្យម​អស់​ប្រមាណ​ ១២.០០.០០០ រៀល​។

លោក​បាន​បន្ដថា ការចំណាយ​អស់​ថវិកា​ក្នុង​មួយថ្ងៃ​ប្រមាណជាង ​១ ​លាន​រៀល​នេះ គិតតែម្ហូបអាហារតែប៉ុណ្ណោះ មិន​គិត​បញ្ចូល​ទឹក​សុទ្ធ ឬ ​ភេសជ្ជៈ​នោះទេ គឺ​ត្រូវ​ការចំណាយផ្សេងទៀត​ក្រៅពី​ម្ហូបអាហារ​។ លោក​បាន​លើកឡើងថា ការផ្គត់ផ្គង់​ម្ហូបអាហារ និង ការចំណាយ​សរុប​ក្នុង​មួយថ្ងៃ​នេះ គឺ​រាប់បញ្ចូល​ទាំងកីឡាករ​អុំទូក​ក្នុង​ចំណុះ​ទូក​ ដែលមាន​ចំនួន​ ៦៣​ នាក់ បូករួម​ទាំង​អ្នក​គ្រប់គ្រង​ទូក គណៈកម្មការ​ទូក អ្នករៀបចំ ​អ្នកផ្គត់ផ្គង់​ម្ហូបអាហារ និង ​ចុងភៅ ដែល​សរុបទាំងអស់​ចំនួន​ជាង​ ១០០​ នាក់ក្នុង​មួយ​ទូក​នេះ​។

លោក​បាន​ពន្យល់ថា ការដាំ​បាយ និង ​ដាំ​ស្ល ក្នុង​មួយពេល​ត្រូវធ្វើ​ចំនួន​ពីរ​មុខម្ហូប ដោយធ្វើ​ការប្ដូរមុខម្ហូបជា​រៀង​រាល់ពេលក្នុង​មួយថ្ងៃ ដើម្បីឱ្យ​កីឡាករ​អុំទូកកាន់​តែមាន​កម្លាំងខ្លាំងក្លា​ក្នុងការអុំទូក​ដណ្ដើមយកជ័យ​ជម្នះ​ក្នុង​ការប្រកួត​។ លោក​បាន​បន្ថែម​ថា “​ខ្ញុំ​មានការហត់​ដែរក្នុងការធ្វើ​ម្ហូបអាហារ​ជូន​ពួកគាត់​ហូប តែ​ខ្ញុំ​នៅតែមាន​កម្លាំងចិ​ត្ដ​ធ្វើ​ម្ហូបរៀបចំ​បាយទឹក​ជូនកីឡាករ ដោយសារតែ​ពួកគាត់​បាន​ប្រណាំង​ថ្ងៃទី​១ ទទួលបាន​ជ័យជម្នះ​។ មួយផ្នែក​ទៀត​នេះ គឺជា​ទូក​មកពី​ស្រុកកំណើត ដើម្បី​ជួយ​លើកមុខ​មាត់​ទូក​នៅក្នុង​ភូមិ​ស្រុក​របស់​យើង ជាពិសេស​នេះគឺជា​បុណ្យអុំទូក​ប្រពៃណីជាតិ​របស់​យើង​ទៀត ដូច្នេះ​យើង​ត្រូវ​ពង្រឹង​នូវ​ស្មារតីរបស់​យើង ក៏ដូចជា​ការពារ​នូវ​ប្រពៃណី​ពី​ដូនតា​ ដែលបាន​បន្សល់ទុក​ពីមុនមក និង​ រក្សា​កុំឱ្យ​បាត់បង់​”​។

​លោក ស្រេង ស្រ៊ាង ជា​ចុងភៅធ្វើ​ម្ហូបអាហារ​ជូន​ទូក​ឈ្មោះ បុប្ផា​ពេជ្រមានជ័យ ដែលជា​ទូកប្រណាំង​ខ្នាត​អន្ដរជាតិ មកពី​ភូមិ​ពោធិ៍​ឫស្សី ឃុំ​ពោធិ៍​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល បានឱ្យដឹង​ដែរ​ថា ការផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​កីឡាករ​អុំទូក​ ក្នុងមួយថ្ងៃត្រូវ​ចំណាយ​អស់សាច់ប្រមាណ ​៤០ ​គីឡូក្រាម និង​ អង្ករ​ ១​បេ ស្មើនឹង ​៥០​ គីឡូក្រាម ដោយ​រៀបចំ​ចំនួន​ ៤​ ពេល គឺពេល​ព្រឹក​បបរ​មួយ​ពេល ហើយ​ពេល​ថ្ងៃ​បាយ​ពីរ​ពេល និង ​ពេលល្ងាច​បបរ​មួយពេល​ទៀត ដើម្បីឱ្យ​កីឡាករ​ហូបគ្រប់គ្រាន់មាន​កម្លាំង​ក្នុងការ​អុំទូក និង ប្រណាំង​យកជ័យ​ជម្នះ​។

លោក​បាន​បន្ដថា ការផ្គត់ផ្គង់​ម្ហូបអាហារ​ក្នុង​មួយថ្ងៃ​ ៤ ​ពេលនេះ គឺ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៧៥០.០០០ ​រៀល ក្នុង​មួយថ្ងៃ ក្នុងនោះ​កីឡាករ​ចំណុះ​ទូកមាន​ចំនួន​ ៤៤ ​នាក់ បូករួម​ជាមួយអ្នកគ្រប់គ្រង និង​ គណៈកម្មការ​ទូក ​សរុប​ទាំងអស់​មាន​ជាង ៦០​ នាក់​។ លោក​បានឱ្យដឹងទៀតថា “​បើទោះបីជា​មានការ​ហត់​នឿយ​បន្ដិច​មែនក្នុង​ការធ្វើ​ម្ហូបអាហារ​ជូន​អ្នកអុំទូក ប៉ុន្ដែ​ខ្ញុំ​សប្បាយ​ចិ​ត្ដ​ខ្លាំងណាស់ ដែល​អ្នកអុំទូក​បានឈ្នះ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ហើយ​ចុងភៅ​មិន​ខ្លាច​ហត់នោះទេ​”​។

លោក​បាន​អះអាង​ទៀតថា ឆ្លងកាត់​តាម​ការប្រកួត​រយៈពេល​ ២ ​ថ្ងៃ​មកនេះ បុប្ផាពេជ្រមានជ័យ ដែលជា​ទូកប្រណាំង​ខ្នាត​អន្ដរជាតិ បានទទួល​ជ័យជម្នះ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ហើយសង្ឃឹមថា នឹង​បន្ដយកជ័យ​ជម្នះនៅ​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ជា​បន្ដទៀត​។

​សូមបញ្ជាក់ថា ទូក​ឈ្មោះ បុប្ផាពេជ្រ​មានជ័យ ត្រូវបាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេស​​រដ្ឋមន្ដ្រី និង ​ជា​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឧបត្ថម្ភ​ថវិកា​សម្រាប់ការហូបចុក​ក្នុងរយៈពេល ៣ ​ថ្ងៃ ដោយ​ក្នុង​មួយថ្ងៃ​ផ្ដល់​ថវិកា​ចំនួន​ ៦០០.០០០​ រៀល ដើម្បី​ជួយសម្រួល​ដល់ការហូបចុក និង​ ការ​ស្នាក់នៅ​របស់​កីឡាករ​អុំទូកនៅ​រាជធានី​ភ្នំពេញ​ ​ក្នុងរយៈពេល​ ៣ ​ថ្ងៃនេះ​៕