ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Xi ​ប្រាប់​ទាហាន​នៅ​មូលដ្ឋាន​ក្រៅ​ប្រទេស​ដំបូង​បង្អស់​ឲ្យ​ជំរុញ​សន្តិភាព

កងទ័ព​ ដែល​កំពុង​បម្រើ​នៅ​ឯ​មូលដ្ឋាន​យោធា​បរទេស​ដំបូងបង្អស់​របស់​ប្រទេស​ចិន​គឺ​នៅក្នុង​ប្រទេស​អាហ្វ្រិក ជី​ប៊ូ​ទី គួរតែ​ជួយ​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​។ នេះ​បើ​តាម​សម្តី​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ប្រាប់​ពួកគេ​តាម video chat មួយ​ដោយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​លើកកម្ពស់​រូបភាព​ល្អ​។​

ប្រទេស​ចិន​បាន​បើក​មូលដ្ឋាន​ជា​ផ្លូវការ​នៅថ្ងៃនេះ​កាលពី​ខែសីហា​ខណៈដែល​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ប្រារព្ធ​ខួបកំណើត​លើក​ទី​៩០​ឆ្នាំ​របស់​ខ្លួន​។ វា​គឺជា​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ក្រៅ​ប្រទេស​ដំបូង​របស់​ចិន​បើ​ទោះ​បីជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ពិពណ៌នា​ជា​ផ្លូវការ​ថា វា​ជា​មូលដ្ឋាន​ភស្តុភារ​ក៏ដោយ​។​

ទីតាំងនៅ​ជី​ប៊ូ​ទី​នៅ​ព្រំប្រទល់​ភាគ​ពាយ័ព្យ​នៃ​មហាសមុទ្រ​ឥណ្ឌា​គឺ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​ឥណ្ឌា​ថា​វា​នឹង​ក្លាយជា​សម្ព័ន្ធភាព​និង​ទ្រព្យសម្បត្តិ​យោធា​មួយ​ផ្សេងទៀត​របស់​ប្រទេស​ចិន​នៅ​ជុំវិញ​ឥណ្ឌា​ដោយ​រួមទាំង​បង់​ក្លា​ដែ​ស មី​យ៉ាន់​ម៉ា​និង​ស្រីលង្កា​ផងដែរ​។​

ក្រសួងការពារជាតិ​ចិន​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា ថ្លែង​ទៅកាន់​កងកម្លាំង​ដែលមាន​មូលដ្ឋាន​នៅ​ជី​ប៊ូ​ទី​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​បញ្ជាការដ្ឋាន​ប្រយុទ្ធ​រួមមួយ​ក្នុង​ក្រុង​ប៉េកាំង​, លោក Xi បាន​យល់​យ៉ាងច្បាស់​ពី​ប្រតិបត្តិការ​របស់​មូលដ្ឋាន​នេះ​និង​ជីវិត​របស់​ទាហាន​នៅ​ទីនោះ​។ ក្រសួង​បាន​បន្តថា លោក Xi បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បង្កើត​រូបភាព​ល្អ​សម្រាប់​យោធា​របស់​ប្រទេស​ចិន​និង​លើកកម្ពស់​សន្តិភាព​និង​ស្ថេរភាព​ជា​អន្តរជាតិ​និង​ក្នុង​តំបន់​។​

ក្រសួង​បន្ថែមថា ទាហាន​បាន​ឆ្លើយតប​វិញ​ថា ពួកគេ​នឹងមិន​ធ្វើ​ឲ្យ​លោក Xi ឬ​ចិន​ខកចិត្ត​ទេ​។​
​ក្រសួង​បាន​និយាយទៀតថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មជ្ឈមណ្ឌល​បញ្ជាការដ្ឋាន​, លោក Xi ក៏បាន​ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​និង​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ផងដែរ​។​

ប្រទេស​ចិន​បានចាប់ផ្តើម​សាងសង់​មូលដ្ឋាន​នៅ​ជី​ប៊ូ​ទី​កាលពី​ឆ្នាំមុន​។ វា​នឹង​ត្រូវបាន​ប្រើ​ដើម្បី​ផ្គត់ផ្គង់​ដល់​នាវាចម្បាំង​ដែល​កំពុង​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​និង​មនុស្សធម៌​នៅឯ​ឆ្នេរសមុទ្រ​យេ​មែន​និង​សូ​ម៉ាលី​៕ REUTERS