ព័ត៍មានទាន់​ហេតុការណ៏
Search

សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ​សួនច្បារ​ និង​ ទីសាធារណៈ​ខូច​ខា​តតិចតួច ដោយសារប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​

​ភ្នំពេញ ​៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​ សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៧​នេះ សួនច្បារ និង​ ទីសាធារណៈ​ទាំងអស់​មិនសូវ​ខូចខាត​ច្រើន​ទេ ពោល គឺ​ទទួលរង​ការ​ខូច​តិចតួច​បំផុត ​ទាំងនេះដោយសារ​ប្រជាពលរដ្ឋ​មក​កម្សាន្តក្នុងពិធី​បុណ្យ​នេះ ​ពួកគាត់​មានការ​យល់ដឹង​ច្រើន​ និង ចូលរួម​ថែរក្សា ដោយ​មិន​ដើរ​ជាន់​លើ​ស្មៅ មិន​អង្គុយ​លើ​ស្មៅ​ដូច​មុន​ទៀត​។​

មន្ត្រី​គ្រប់គ្រង​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ ​២០១៧​ នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​សប្បាយរីករាយ និង​ ប្រកបដោយ​សុខដុមរមនា​ក្រៃលែង​។ ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​បាន​ចូលរួម​ទស្សនា និង ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​យ៉ាងឱឡារិក ​ក្នុង​មួយថ្ងៃៗ​ជិត​ ១​ លាន​នាក់ ​សរុប​បីថ្ងៃ​ជាង ​៣ ​លាន​នាក់ ក្រោមការយកចិត្តទុកដាក់ និង ​បង្ក​ភាពសប្បាយ​រីករាយ ភាពកក់ក្តៅ និង ​សុខ​សុវត្ថិភាព ពី​សំណាក់រាជរដ្ឋាភិបាល​ ​និង ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ក៏ដូចជា​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​។

លោក ​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ដែរ​ថា បុណ្យអុំទូក​ឆ្នាំនេះ ​សួនច្បារ​របស់​រាជធានី​ភ្នំពេញ​ មានការ​ខូចខាត​តិចតួច​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៦​។​ តាម​សួនច្បារ​នានា​អង្គភាព​សួនច្បារ​បាន​ចងខ្សែ​ព័ទ្ធ​ហាម​មិនឱ្យ​មានការ​លក់ដូរ​លើ​សួន ឬ ដើរ​ជាន់​ស្មៅ ផ្កា ជាពិសេស​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី សួន​វិមានឯករាជ្យ នាគ​បាញ់​ទឹក សួន​មុខព្រះបរមរាជវាំង សួន​សម្តេច​តេ​ជោ ​ហ៊ុន សែន និង ​សួន​មាត់ទន្លេ​ជាដើម​ ដើម្បី​លើក​កម្ពស់​សោភ​ណភាព​តាម​សួនច្បារ ទី​រមណីយដ្ឋាន​នានា​ឡើងវិញ​ ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ៣​ ថ្ងៃ​។

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​បី​ថ្ងៃនេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានដាក់​ធុងសំរាម ​និង​ កញ្ឆេរ​ចំនួន ២៤៤២ ធុង ត្រូវ​បាននិងកំពុង​ពង្រាយ សម្រាប់​ថ្ងៃទី​៣ ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​ សំពះព្រះ​ខែ អកអំបុក ​ដោយ​សរសេ​រថា​ សូម​បោះ​សំរាម​ចូល​ធុងសំរាម​ទាំងអស់គ្នា​។

អ្នកវិភាគ​គេ​នាំគ្នា​និយាយ​ដែរ​ថា គេ​មិនអាច​បន្ទោស​អ្នករៀបចំ​កម្មវិធី​ ដោយ​មើលទៅលើបញ្ហាខ្វះខាត​ខ្លះ​ ដោយសារតែ​ការ​ចោល​សំរាម​ក្រោយ​ចប់​កម្មវិធី​ឡើយ​ ដោយ​បិទ​ភ្នែកមើលមិនឃើញ​ចំណុច​ល្អៗ​រាប់មិនអស់​នោះទេ​។ មនុស្ស​រាប់លាន​អ្នកចូលរួម​ព្រះរាជ​ពិធីបុណ្យអុំទូក​នេះ មិនអាច​គ្រប់គ្រង​ការ​ចោល​សំរាម​បាន​ទាំងស្រុង​ទេ​ ​ក៏ប៉ុន្តែ​អ្វីដែល​គួរឱ្យ​មោទនៈនោះ​ គឺ​ព្រឹក​ឡើង​រាល់ថ្ងៃ​ពិធី​បញ្ចប់ ​គឺ​ស្អាត​គ្មាន​សំរាម​ទេ​។ ​អ្នក​ត្រូវ​យល់ថា សំខាន់​ទីក្រុងមួយ​នេះជាទី​ក្រុង​យើងទាំងអស់គ្នា ហេតុនេះក្រោយ​កម្មវិធីយើង​នាំគ្នា​សំអាតមួយ​ដៃ​មួយ​ជើងជាការ​ស្រេច​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114