ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​បាល់ទាត់ ​Svay Rieng Cup 2017 ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

​ពានរង្វាន់​បាល់ទាត់​មហាជន​ធំជាងគេ​ប្រចាំខេត្ត​ស្វាយរៀង ឈ្មោះថា​«​ស្វាយរៀង ខាប់ (Svay Rieng Cup) លើក​ទី​៣ ឆ្នាំ​២០១៧ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង នឹង​ចាប់ផ្ដើម​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃព្រហស្បតិ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រោយដំណើរការ​អស់​ជាង​ ៥ ​ខែ​មក​។​

​យោងតាម​កម្មវិធី​កំណត់ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត ​ក្រុម​ ស​.​ស​.​យ​.​ក រមាសហែក ប៉ះ ក្រុមយុវជន​ស្វាយជ្រុំ នៅវេលា​ម៉ោង ​២ ​រសៀល លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​ក្រុម Panda FC ជួប​ ក្រុម​ធា​រី​លីង​តួ​យ នៅ​ម៉ោង​ ៤​ ល្ងាច ​លើ​ទីលាន​ជាមួយគ្នា​។ ក្រុម​ដែល​ឈ្នះ​នឹងទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ស្វែងរក​ជើងឯក​ប្រចាំឆ្នាំ​ផងដែរ​។

​មុន​ឡើង​មកដល់​វគ្គ​នេះ​ ស​.​ស​.​យ​.​ក ស្រុក​រមាសហែក បាន​យកឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ក្រុម ស​.ស​.​យ​.​ក ក្រុង​បាវិត ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី ​៣​ទល់​២ ក្រោយ​ប្រកួត​ស្មើគ្នា​ ២​ទល់​២ កាល​វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​ក្រុម Panha FC ឈ្នះ​ក្រុម​សាកល United ៦​ទល់​២ ក្រុម​ក្រុមយុវជនស្វាយជ្រុំ ឈ្នះ ​ក្រុម​ស​.​ស​.​យ​.​ក ស្វាយ​តឿ ៤​ទល់​២ ដោយ​បាល់​ប៉េ​ណាំង​ទី ក្រោយស្មើគ្នា ៤​ទល់​៤ និង​ ក្រុម​ធា​រី​លីង​តួ​យ ឈ្នះ ​ក្រុម Sky Svay Rieng ៣​ទល់​២​។​

​នៅ​ឆ្នាំនេះ​ពានរង្វាន់ Svay Rieng Cup មាន​ក្រុម​ចំនួន​ ៣៥​ ក្រុម​បានដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង ដោយ​បែង​ចែកជា ​៨ ​ពូ​ល​ផ្សេងគ្នា​។ ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ​ចំនួន​ ២ ​ក្រុម​ មានឈ្មោះ​ឡើងទៅលេង​ក្នុង​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយជា​បន្ត ​ក្រោយ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​រួចរាល់​។

ចំណែក​លក្ខន្តិកៈ​នៃ​ការប្រកួត​សម្រាប់​រដូវ​កាល​ ២០១៧ ​នេះ បាន​កែប្រែ​នូវ​រូបមន្ត​ប្រកួត​ខ្លះ​ ដោយ​អនុញ្ញាត​ឱ្យ​ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​មកពី​ខេត្ត​ផ្សេង​ចូលរួមបាន​ចំនួន​៣​នាក់ និង​ កីឡាករ​អាជីព​នៅក្នុង​លី​គ​កំពូល​កម្ពុជា ដាច់ខាត​ត្រូវបាន​បញ្ចប់​អាជីព​មុន​ឆ្នាំ​ ២០១៥​។ គោលបំណង​ក្នុងការ​រៀបចំ​ពានរង្វាន់​នេះ​ឡើង ​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត ព្រមទាំង​ផ្តល់ភាពសប្បាយ​រីករាយ​ដល់​ប្រជាជន​ក្នុង​ខេត្ត និង ​ជំរុញ​ឲ្យ​យុវជនយក​ពេលវេលាមក​ចូលរួម​លេងកីឡា ជៀសវាង​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​។​

​ការប្រកួត​ធ្វើឡើង​នៅលើ​ទីលាន​ស្មៅ​ធម្មជាតិ នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​នេះ​ជា​លើក​ទី​៣ បន្ទាប់ពី​បង្កើត​ចាប់តាំងពី​ឆ្នាំ​ ២០១៥​ ដោយបាន​ផ្តួចផ្តើម​បង្កើតឡើងដោយ​សហភាព​សហព័ន្ធយុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែលមាន​ឯកឧត្តម ឌី វិជ្ជា ជា​ប្រធាន ស្របពេល​២​លើកន្លងទៅ ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក​ទាំង​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114