ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​សាទរ​កាន់តែ​ខ្លាំង ​ចំពោះ​ចំណាត់​ការ​បទល្មើស​នេសាទ​របស់​លោក​ស្នងការ​ខេត្ត​បាត់ដំបង

​បាត់ដំបង ៖ ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេសាប​ក្នុងស្រុក​ឯក​ភ្នំ​ ​កាន់​តែ​មាន​សន្ទុះ​គាំទ្រ​នឹង​សកម្មភាព​របស់​លោក ​អ៊ុច សុខុន​ ស្នងការ​ខេត្ត​បាត់ដំបង ​ខណៈ​ដែល​លោក​ស្នងការ​រូប​នេះ បាន​យកចិត្តទុកដាក់​ខ្ពស់​អំពី​ជីវភាព​របស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ដែល​ក្រុម​ឈ្មួញ​បាន​ហាមឃាត់​ និង​ វាតទី​ដែន​សេដ្ឋកិច្ច​របស់​ពួកគាត់​កន្លងមក​។​

ការ​សាទរ​ និង ​គាំទ្រ​កាន់តែ​មាន​ភាព​ផុលផុស​ពី​ប្រជាពលរដ្ឋ​នេះ ​ក្រោយពី​ប្រជា​សហគមន៍​មានក្តីកង្វល់​អំពី​មន្ទីរ​ជំនាញ​​ជល​ផល​ខេត្ត​ហាក់​មិន​ខ្វល់​អំពី​បទល្មើស ​ទុក​ឲ្យ​រីកដុះដាល​ស្ទើរ​ពេញផ្ទៃ​ទឹក​នោះ ហើយ​កាលពី​ថ្ងៃទី​០១​ ខែ​វិច្ឆិកា​ កន្លងទៅ​ កម្លាំង​ស្នងការ​បាន​ចុះបង្ក្រាប​បទល្មើស​បានជាង​១​ម៉ឺ​ន​ម៉ែត្រ​ម្តង​រួចហើយ​។

​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ប្រជា​សហគមន៍​មានការ​គាំទ្រ​លោកស្នងការ​រូបនេះ​កាន់តែ​ខ្លាំងក្លា​នោះ ​គឺ​នៅ​ព្រឹក​ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ​​ លោក​បានចេញ​បទបញ្ជា​ម្តងទៀត ​ដោយ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ចំនួន ​៤០ ​នាក់ ​ចុះបង្ក្រាប​ចំណុច ​ឃុំ​ព្រែក​នរិន្ទ ​ស្រុក​ឯក​ភ្នំ​ មួយលើក​ទៀត​។​ ការចុះ​ប្រតិបត្តិ​ការលើក​នេះ ​ក៏​មិន​ខុសពី​លើក​មុន​ដែរ​ ដោយ​ដឹកនាំ​កម្លាំង​តាមរយៈ​លោក ​កុយ ហៀង​ ស្នងការ​រង​ទទួលបន្ទុក ​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​ផង​ សរុប​មាន​ចំនួន ​១០៥​ នាក់​។​

ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​នៅ​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា ​នេះ ​គឺ​ផ្តោតទៅលើ​ចំណុច​ឃុំ​ព្រែក​នរិន្ទ​ ដែល​ឈ្មួញ​នៅតែ​បន្ត​សកម្មភាព។ ពួកគាត់​បន្ត​ថា ចំនួន​ឧបករណ៍​ល្មើស​(​បណ​រ៉ាវ​) នៅតែ​កើន​ឡើង​ដូច​លើក​មុន​ គឺ​បង្ក្រាប​បាន​ជាង​១​ម៉ឺន​ម៉ែត្រ​ទៀត ​ប្រហាក់ប្រហែល​នឹង​ការ​បង្ក្រាប​លើក​មុន​លើ​ ៤​ ចំណុច​ដែរ។ ពួកគាត់​ថា ​ឧបករណ៍​ល្មើស​ច្បាប់​កើត​ឡើង​កាន់តែ​ច្រើន​បែបនេះ សបញ្ជាក់​ថា ​មន្ទីរជំនាញ​ពិតជា​មិន​យកចិត្តទុកដាក់​ទាល់តែ​សោះ ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិនគិតដល់​ជីវភាព​របស់​ប្រជា​នេសាទ​តូចតាច​នោះទេ​។​

បើទោះបី​បែបណា ​ពួកគាត់​នៅតែ​សរសើរ​លោកស្នងការ​ទើប​មកកាន់​តំណែង​ថ្មី​រូបនេះ​មិន​ដាច់​ពីមាត់​ថា​ ជា​មន្ត្រី​ចេះ​ស្រឡាញ់​មច្ឆា​ជាតិ​ និង​ ដឹង​អំពី​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​។ សកម្មភាព​របស់លោក​ស្នងការ​ក្នុងការ​បង្ក្រាប​នេះ ​ត្រូវបាន​មតិ​មហាជន​វាយតម្លៃថា​ ជាការយកចិត្តទុកដាក់​លើ​មច្ឆជាតិ ​និង ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ ដែលមាន​មុខរបរ​រក​ត្រីជាល​ក្ខ​ណៈគ្រួសារ ​មានឱកាស​រកចំណូលបាន​ដោយ​គ្មាន​ការហាមឃាត់​ ឬ​ វាទី​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​។

​ប្រជាពលរដ្ឋ​រស់​តាម​ដង​ទន្លេសាប​ សូមថ្លែង​អំណរគុណ​ដល់​សកម្មភាព​​យកចិត្តទុកដាក់រ​បស់លោក ​អ៊ុច សុខុន​ ស្នងការ​ខេត្តបាត់ដំបង ​ចំពោះ​ពួកគាត់ ​ក៏ដូចជា​បាន​ជួយ​ថែរក្សា​មច្ឆជាតិ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ក្រុម​ឈ្មួញ​ឲ្យ​បាន​គង់វង្ស​ ត​កូនចៅ​ជំនាន់​ក្រោយៗ​ឲ្យ​កាន់តែ​សម្បូរ​បែប​បន្ត​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114