ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Sadio Mane​ជួយ​ឲ្យ​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2018

​កីឡាករ Sadio Mane មាន​ចំណែក​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup​នា​ឆ្នាំក្រោយ​នៅក្នុង​ប្រទេស​រុស្ស៊ី ពេលដែល​ពួកគេ​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង​២-០​កាលពី​ថ្ងៃ​សុក្រ ដើម្បី​នាំមុខ​មិនអាច​តាម​ទាន់​នៅក្នុង​ពូ​ល D​នៃ​ការ​ទាត់​ជម្រុះ​ប្រចាំ​នៅ​អាហ្វ្រិក​។​

ខ្សែបម្រើ​ស្លាប​ម្នាក់នេះ បាន​ជួយ​ឲ្យ​មាន​គ្រាប់​បាល់​បើកឆាក​សម្រាប់​កីឡាករ Diafra Sakho ក្រោយ​លេង​បាន​១២​នាទី ហើយ​បន្ទាប់មក​ពេន​មួយ​ជើង​បានសម្រេច​ដោយសារ បាល់r​ត់ទៅ​ត្រូវ​ខ្សែការពារ Thamsanqa Mkhize រួច​​ប្លាត​បាល់​ចូល​ទី​ខ្លួនឯង មុនពេល​បញ្ចប់​ការប្រកួត​តង់​ទី​១។​

ជ័យជំនះ​នេះដែរ បានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​មាន​១១​ពិន្ទុ ពោលគឺ​មិនមាន​ក្រុម​ណាមួយ​អាច​តាម​ទាន់​ពួកគេ​បានឡើយ​ក្នុង​ពូ​ល ក៏ដូចជា​ធានាបាន​ការបង្ហាញ​ខ្លួន​ជា​លើក​ទី​២​របស់ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup​ក្រោយ​ពេលដែល​ពួកគេ​ធ្លាប់បាន​ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​នៅ​ការប្រកួត​ក្នុងប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០០២​។​

តាមពិតទៅ​ការប្រកួត​កាលពី​ថ្ងៃ​សុក្រ គឺជា​ការប្រកួត​លេង​ឡើងវិញ​ទេ ក្រោយ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង​បាន​បំបាក់​ក្រុម​សេ​ណេ​ហ្គា​ល់​២-១​នៅក្នុង​ទឹកដី​តែមួយ​កាលពីពេល​១​ឆ្នាំមុន ពេលដែល​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​រកឃើញថា​លទ្ធផល​មាន​ភាព​ខុសពី​ប្រក្រតី​ដោយសារតែ​អាជ្ញាកណ្តាល​សញ្ជាតិ​ណាហ្គា Joseph Lamptey ដែល​ចាប់តាំងពី​ពេលនោះ​ត្រូវបាន​គេ​ផ្តល់​បម្រាម​អស់​មួយជីវិត​។​

កីឡាករ Mane ស្ថិតក្នុង​ស្ថានភាព​ស្រពិចស្រពិល​ផងដែរ​ជុំវិញ​បញ្ហា​របួស​របស់គាត់ រហូតដល់​សប្តាហ៍​មុន ពេលដែល​គាត់​ជាសះស្បើយ​ឡើងវិញ​ពីរ​បួស​ឆ្អឹង​គន្លាក់ជើង ដោយបាន​វិលត្រឡប់​មកលេង​ជាមួយ​ក្លិប Liverpool​វិញ ពេល​ពួកគេ​ឈ្នះ​ក្រុម West Ham នៅ​ការប្រកួត Premier League​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​។​

គាត់​លេង​បាន​៩០​នាទី​ពេញ​តែម្តង​ឲ្យ​ប្រទេស​របស់គាត់​កាលពី​ថ្ងៃ​សុក្រ ដោយ​ជួយ​ឲ្យ​មាន​គ្រាប់​បាល់​បើកឆាក​ជាមួយនឹង​ការបញ្ជូន​បាល់​ចាត់​ខ្សែការពារ​របស់​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង​ឲ្យ​ទៅ​កីឡាករ Sakho រកបាន​គ្រាប់​បាល់​ទី​២​របស់គាត់​នៅ​ការ​ទាត់​ជម្រុះ ក្រោយ​រកបាន​គ្រាប់​បាល់​ដូចគ្នា​ពេល​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​កាប់​វែ​រ កាលពី​ខែ​មុន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684