ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី Hope Solo ចោទប្រកាន់​អតីត​ប្រធាន FIFA​លោក Blatter​ថា​ បាន​បៀតបៀន​ផ្លូវ​ភេទ​មកលើ​រូបនាង

អ្នក​ចាំទី​របស់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​សហរដ្ឋអាមេរិក​នាង Hope Solo បាន​ចោទប្រកាន់​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​លោក Sepp Blatter​ថា​បាន​បៀតបៀន​ផ្លូវភេទ​មកលើ​រូបនាង​។​

កីឡាការិនី​ឈ្នះ World Cup​វ័យ​៣៦​ឆ្នាំ​ម្នាក់នេះ បាន​និយាយថា ឧប្បត្តិហេតុ​ខាងលើ បានកើត​មាននៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​បាល់​មាស​Ballon d’Or ឆ្នាំ​២០១៣ មុនពេល​ដែល​នាង​ឡើងលើ​វេទិកា​ដើម្បី​បង្ហាញ​ពានរង្វាន់​ដែល​នាង​បានឈ្នះ​នោះ​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ព័រ​ទុយ​ហ្គា​ល់ Expresso កីឡាការិនី Solo ដែល​លេង​បាន​២០២​ប្រកួត​នោះ បាន​និយាយថា “​លោក Sepp Blatter បាន​ចាប់​គូថ​របស់ខ្ញុំ​”​។​

លោក Blatter វ័យ​៨១​ឆ្នាំ បានធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ឧប្បត្តិហេតុ​មួយ​នេះ ដោយ​អ្នកនាំពាក្យ​របស់​លោក​បាន​និយាយប្រាប់ BBC​ថា “​ការចោទប្រកាន់​មួយ​នេះ គឺជា​រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​ខ្លាំងណាស់​”​។​

កីឡាការិនី Solo ដែល​ត្រូវបាន​គេ​សួរថា​តើ​ហេតុអ្វី​បានជា​នាង​មិន​និយាយ​រឿង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពីមុន​នោះ បាន​បន្តទៀតថា “​នាង​ខ្ញុំ​ភ័យ​ខ្លាំងណាស់​សម្រាប់​ការធ្វើ​បទ​បង្ហាញ វា​គឺជា​ពានរង្វាន់​បាល់​មាស Ballon d’Or​ដែល​ខ្ញុំ​ត្រូវ​បង្ហាញ​អ្នក​រាល់គ្នា​”​។​

នាង​បន្តថា បន្ទាប់ពីនោះ នាង​លែងឃើញ​គាត់​ទៀតហើយៗ​វា​គឺជា​ទង្វើ​ដ៏​ថោកទាប​មួយ​។ នាង​មិនបាន​និយាយប្រាប់​គាត់​ដោយផ្ទាល់​ថា​ គាត់​បាន​ចាប់​គូថ​របស់​នាង​នោះឡើយ​។​

សូម​បញ្ចា​ក់ថា ជន​ល្បីៗ​ជាច្រើន​បាន​រង​ការចោទប្រកាន់​ពីបទ​បៀតបៀន​កេរខ្មាស​ដោយ​ស្ត្រី​ជាច្រើន កាលពី​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ក្នុងនោះ​រួមទាំង​ការចោទប្រកាន់​មកលើ​តារា​ហូលីវូដ Harvey Weinstein ផងដែរ​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684