ព័ត៍មានទាន់​ហេតុការណ៏
Search

Patrice Evra ​ បាត់បង់​ទាំង​ការងារ ​និង​កេរ្តិ៍ឈ្មោះ​ ដោយសារ​ចេញ​ក្បាច់​កា​រ៉ា​តេ​ដាក់​អ្នក​គាំទ្រ​ខ្លួនឯង

ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​កីឡាករ Patrice Evra បាន​បាត់បង់​ទាំង​កេរ្តិ៍ឈ្មោះ​ និង​ការងារ ក្រោយ​ត្រូវ​បាន​គេ​ហាមប្រាម​ពី​ការ​លេង​ជាមួយ​ក្លិប​បាល់ទាត់​អឺរ៉ុប​រហូតដល់​ខែ​មិថុនា​ ឆ្នាំ​២០១៨​ខាងមុខ​ សម្រាប់​ការប៉ុនប៉ង​ទាត់​អ្នកគាំទ្រ​ក្លិប​របស់​ខ្លួនឯង។

កុងត្រា​របស់​អតីត​ខ្សែ​ការពារ​​ក្លិប​ Man Utd​ម្នាក់​នេះ​ ជាមួយ​ក្លិ Marseille ត្រូវបាន​គេ​លុប​ចោល​ផង​ដែរ ក្រោយ​ពួកគេ​យល់ព្រម​ទាំងសងខាង​ដើម្បី​បញ្ចប់​ទំនាក់ទំនង​ការងារ​របស់​ពួកគេ​ស្របពេល​ដែល​មាន​បម្រាម​រយៈពេល​៧​ខែ​របស់​សមាគម​បាល់ទាត់​អឺរ៉ុប UEFA។

​កីឡាករ​វ័យ​៣៦​ឆ្នាំ ម្នាក់នេះ ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត​មុនពេល​ចាប់ផ្តើម​ការប្រកួត Europa League នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​កាលពី​ដើមខែ​នេះ សម្រាប់​ការប៉ុនប៉ង​ទាត់​អ្នកគាំទ្រ​ក្លិប Marseille ដែល​ទំនងជា​បាន​បំពាន​ដោយ​ពាក្យសម្តី​មកលើ​រូបលោក​នោះ​។​

កីឡាករ Evra ដែល​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​បម្រុង​របស់​ក្រុម Marseille សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Vitoria Guimaraes បាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​ក្រុម​អ្នកគាំទ្រ​ខ្លួនឯង ពេលដែល​គាត់​ដើរ​តាម​ខ្សែបន្ទាត់​ទីលាន​ប្រកួត ជាមួយ​មិត្ត​រួម​ក្រុម​របស់គាត់​មុនពេល​ការប្រកួត​ចាប់ផ្តើម​។​

នៅក្នុង​វីដេអូ​បានឃើញ​គាត់​ទំនងជា​បាន​ទាត់​អ្នកគាំទ្រ​ម្នាក់​ក្នុងចំណោម​អ្នកគាំទ្រ​ជាច្រើន​នាក់​ទៀត​របស់​ក្រុម Marseille ដែល​ព្យាយាម​ឆ្លងកាត់​រនាំង​ការពារ​នោះ​។​

សមាគម​បាល់ទាត់ UEFA បាន​បម្រាម​ខ្សែការពារ​ម្នាក់នេះ ពី​ក្លិប​បាល់ទាត់​អឺរ៉ុប​ទាំងអស់​រហូតដល់​ថ្ងៃទី​៣០​ខែមិថុនា និង​បាន​ផាកពិន័យ​គាត់​ជា​ទឹកប្រាក់​១​ម៉ឺន​អឺរ៉ូ​(​ស្មើនឹង​១១.៦៥០​ដុល្លារ​)​។​

ខណៈនោះ​ដែរ ក្លិប Marseille ដែល​ត្រូវបាន​ផាកពិន័យ​ជា​ទឹកប្រាក់​២៥.០០០​អឺរ៉ូ​សម្រាប់​ការ​ឈ្លានពាន​​របស់​ក្រុម​អ្នកគាំទ្រ​នោះ​ បាន​និយាយ​រិះគន់​មក​លើ​កីឡាករ និង​អ្នក​គាំទ្រ​ដែល​គេ​បាន​អះអាងថា បាន​និយាយ​ប្រមាថ​មើល​ងាយ​កីឡាករ​ Evra ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684