ព័ត៍មានទាន់​ហេតុការណ៏
Search

សេង ស្រឿ​ន ជួប Keomorakkod ឯ អ៊ូច ធា​រិ​ទ្ធ​ ជួប​ Samkor ​នៅ​សង្វៀន​បឹង​ស្នោ

អ្នក​ប្រដាល់​កម្ពុជា​ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃឈ្មោះ Keomorakkod Petchchinda នា​រសៀល​ថ្ងៃអាទិត្យ​ ទី​១២​ វិច្ឆិកា​ ២០១៧ នេះ នៅលើ​សង្វៀនបាយ័ន​បឹង​ស្នោ។ សេង ស្រឿ​ន និង Keomorakkod នេះមិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ពួកគេពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម។

​សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គ​.​ក្រ។​ អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំងកណ្តាប់ដៃ ជង្គង់ និង កែង ។ សេង ស្រឿ​ន ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​១៦​ លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១២​លើក ​និង ​ចាញ់​០៤​លើក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phet Chhayden នៅក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​២៨ ​តុលា​ ២០១៧ ។ ចាំមើល សេង ស្រឿ​ន អាច​យកឈ្នះ Keomorakkod បាន​ឬ​អត់​នេះ ? ។

​អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​រូបនេះ តាំងពី​ដូរ​របៀប​វ៉ៃ ដោយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះទេ គឺ​គេ​ចូលវាយ​មុន​តែម្តង ។ ដោយសារ​ការប្តូរ​យុទ្ធវិធី​ប្រកួត​បែបនេះ ធ្វើឱ្យ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ។ តែ​លើក​នេះ សេង ស្រឿ​ន ​ត្រូវ​ជួបជើង​ខ្លាំង​លើស​គូប្រកួត​លើក​មុន​ទៅទៀត ហេតុនេះ​មិនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយ ។ Keomorakkod គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​បឹង​ស្នោ​នេះ​ទេ​កន្លងមក។​ បើតាម​អ្នក​ផ្គូផ្គងឱ្យដឹងនោះ​ថា Keomorakkod​ នេះ គេ​វាយ​ខ្លាំង​ និង ​មាន​ស្នៀត​ប្រដាល់​ល្អ ដែល ​សេង ស្រឿ​ន មិនអាច​មើលស្រាល​គេ​បានទេ។

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​៧៣​លើក ឈ្នះ​៦០​លើក ចាញ់​១២​លើក​ និង ​ស្មើ​០១​លើក ខណៈដែល ​សេង ស្រឿ​ន មាន​កំណត់​ត្រា​ប្រកួត​៩១​លើក ឈ្នះ​៧២​លើក ចាញ់​១៦​លើក និង ស្មើ០៣​លើក ព្រមទាំង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន​១៦​លើក។​ ទោះជា​យ៉ាងណា សេង ស្រឿ​ន គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ចំនួន​ជាង​ដប់​នាក់​ហើយ ដោយ​វាយ​ចាញ់​តែ​០៤​នាក់​ប៉ុណ្ណោះ ក្រៅពីហ្នឹង​គេ​ឈ្នះ​ទាំងអស់ ។ ចាំមើល ការប្រកួត​លើក​នេះ​ជាមួយ ​Keomorakkod នេះ សេង ស្រឿន​ អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនោះបាន​ឬ​អត់ ?​។

​ចំណែកអ្នក​ប្រដាល់​ អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Sarmkor Sor. Bunyeam។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៥៧​ គីឡូក្រាម​។ Sarmkor គេ​ក៏​មិនធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ដែរ​កន្លងមក​។ ​អ្នក​ផ្គូផ្គង​ឱ្យដឹងថា Sarmkor គេ​មិនជា​ខ្លាំង​ណាស់ណា​ទេ។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ប្រៀប​ជាមួយ ​អ៊ូច ធា​រិ​ទ្ធ គឺ​មិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា​ អ៊ូច ធា​រិ​ទ្ធ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ​និង ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តងណា​ឡើយ។ យ៉ាងណា Sarmkor ប៉ះ​ជាមួយ ​អ៊ូច ធា​រិ​ទ្ធ ក៏​ប្រហែលជា​ជួប​ការលំបាក​ដែរ ព្រោះថា ​ធា​រិ​ទ្ធ ថ្វីត្បិតតែ​ល្អ​ និង ​ខ្លាំងក្តី ក៏ត្រូវ​ប្រយ័ត្ន​ដែរសម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង ​អ៊ូជ ធា​រិ​ទ្ធ និង Sarmkor នេះ?។

​ចំពោះ​ការប្រកួត​គូ​មិត្តភាព​ធម្មតា​វិញ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​ផ្គងឱ្យ​ជួបប្រកួត​ជាមួយ ​សូ ស៊ីន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​ ដូច្នេះ ការជួបគ្នា​លើក​នេះ គឺជាការជួប​លើក​ទី​១ របស់​ពួកគេ​ទាំងពីរ ដែល ចាន់ វ៉ា​រិ​ទ្ធ​ ជា​អ្នក​ប្រដាល់​ចាស់វស្សា ហើយ ​ចាន់ វ៉ា​រិទ្ធ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​នោះ។ ប៉ុន្តែ​យ៉ាងណា សូ ស៊ីន ​ប្រហែលជា​យ៉ាប់​ជាមួយ ​ចាន់ ​វ៉ា​រិ​ទ្ធ ហើយ។

​ទោះជា​យ៉ាងនេះ​ក្តី ចាន់ វ៉ា​រិ​ទ្ធ ​មិនអាច​មើលស្រាល​ សូ ស៊ីន បានឡើយ ព្រោះថា​អ្នក​ប្រដាល់​ជើង​ថ្មីម្នាក់នេះ មានចិត្ត​ប្រដាល់​ធំ​ណាស់ មិន​ងាយ​ចុះចាញ់​ងាយៗ​នោះទេ៕​