ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​អាស៊ាន​ រៀបចំ​ពិធី​លៀង​សាយភោជន៍​ជូន​ថ្នាក់ដឹកនាំ​ប្រទេស​ ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១​នៅ​ទីក្រុង​ម៉ានីល

ភ្នំពេញ ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​តាម​រថយន្ត​ចាក​ចេញពី​ទីក្រុង​បៃតង​ក្លាក ខេត្ត​ប៉ាំ​ប៉ាង​ហ្គាស ក្នុង​ដំណើរ​មកកាន់​ទីក្រុង​ម៉ានីល ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១០០​គីឡូម៉ែត្រ ដើម្បី​បន្ត​ដំណើរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន ដែល​បាន​ចាប់ផ្តើម​ឡើង​ពី​រាត្រី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នេះ ​រហូតដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​។

សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​ បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ម៉ានីល​ប្រកបដោយ​ដោយ​សុខ​សុវត្ថិភាព បន្ទាប់ពី​បាន​ចំណាយ​ពេល​នៃ​ការ​ធ្វើដំណើរ​ប្រមាណ​១​ម៉ោង បន្ទាប់ពី​ការ​ឆ្លងកាត់​តំបន់​ទេសភាព​មួយ​ចំនួន​របស់​សាធារណរដ្ឋ​ហ្វីលីពីន។

បន្ទាប់មក​នៅ​រាត្រី​ថ្ងៃ​ទី​១២​នោះ​ដែរ ឯកឧត្តម រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អ​ស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា បានរៀបចំ​ពិធី​លៀង​សាយភោជន៍​ជា​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ និង​ជូន​ព្រះករុណា​ស៊ុ​លត​ង់ សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​បណ្ដា​ប្រទេស ដែល​បាន​យាង​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​នា​ពេលនេះ។ ជាមួយ​នឹង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៥០ នៃ​ថ្ងៃ​បង្កើត​សហគមន៍​អាស៊ាន ឯកឧត្តម រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន បាន​ថ្លែង​នូវ​ការ​កត់សំគាល់​ចាប់តាំង​ពី​ការបង្កើត​អាស៊ាន​នៅ​ឆ្នាំ​១៩៦៧ ពោល​គឺ​អាស៊ាន​បាន​ប្រែក្លាយ​យ៉ាង​ឆាប់រហ័ស​ទៅជា​តំបន់​ដែល​មាន​សុខ​សន្តិភាព វិបុលភាព និង​មាន​សុខដុម​រឹងមាំ​។

ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​បន្តថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​របស់​យើង​នៅពេលនេះ ស្ថិតក្រោម​ប្រធានបទ ភាពជា​ដៃគូ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ការរួមចំណែក​ជាមួយ​ពិភពលោក ដែល​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ចក្ខុវិស័យ នៃ​ការ​ប្តេជ្ញាចិត្ត​រួម​របស់​បណ្តា​មេដឹកនាំ​ទាំងអស់​ក្នុងកា​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ការជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ាន​និង​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ទាំងមូល រស់នៅ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​រីកចម្រើន សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​សង្គម​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៃ​យើង​ទាំង​អស់​គ្នា​ដែល​រស់​នៅ​លើ​ភព​ផែនដី​ក្នុង​លោក​យើង​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិធី​លៀង​សាយភោជន៍​នា​រាត្រី​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា នោះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជួប​ចាប់ដៃ​សំណេះសំណាល​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំងអស់ ​ដែល​បាន​យាង​ និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​នា​ពេល​នេះ ពិសេស​ក៏បាន​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​មេដឹកនាំ​ប្រទេស​មហាអំណាច គឺ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684