ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Freeport ឥណ្ឌូនេស៊ី​ បើកផ្លូវ​ទៅ​អណ្តូងរ៉ែ​វិញ ​បន្ទាប់ពី​ការបាញ់ប្រហារ​

ក្រុមហ៊ុន​ឥណ្ឌូនេស៊ី Freeport-McMoRan Inc បាន​បើកផ្លូវ​ផ្គត់ផ្គង់​ជាថ្មី​ទៅកាន់​អណ្តូងរ៉ែ​ទង់ដែង​ដ៏​ធំ​របស់ខ្លួន​នៅក្នុង​ខេត្ត Papua បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវបាន​បិទ​កាលពី​ថ្ងៃអាទិត្យ​ក្រោយ​ឧបទ្ទវហេតុ​បាញ់ប្រហារ​នៅ​តំបន់​នោះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ពី​ក្រុមហ៊ុន​នេះ​។​

គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​រងរបួស​ទេ​នៅពេល​មានការ​បាញ់ប្រហារ​មួយ​លើ​រថយន្ត​អម​ការពារ​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​ចេញពី​តំបន់​ទំនាប​នោះ​ ប៉ុន្តែ​ក្រុមហ៊ុន Freeport បាន​លុបចោល​ក្បួន​រថយន្ត​ទាំងអស់​នៅតាម​ផ្លូវ​នៅពេល​រសៀល​ថ្ងៃអាទិត្យ​ខណៈដែល​ស្ថានភាព​សន្តិសុខ​ត្រូវបាន​វាយតម្លៃ​។​

អ្នកនាំពាក្យ​ក្រុមហ៊ុន Freeport Indonesia លោក Riza Pratama បាន​ថ្លែង​នៅពេល​សួរ​អំពី​ស្ថានភាព​ផ្លូវ​ថា “​វា​បាន​បើក​ដំណើរការ​រួចហើយ​នៅ​ព្រឹក​នេះ​”​។ លោក Pratama បាន​និយាយទៀតថា ការបិទជា​បណ្តោះអាសន្ន​គឺ​មិនមាន​ផលប៉ះពាល់​ដល់​ផលិតកម្ម​នៅ​អណ្តូងរ៉ែ​ទង់ដែង​ធំ​បំផុត​លំដាប់​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​ទេ​។​

នេះ​គឺជា​ឧបទ្ទវហេតុ​ចុងក្រោយបង្អស់​នៅក្នុង​ការបាញ់ប្រហារ​ជិត​អណ្តូងរ៉ែ​នេះ​ចាប់តាំងពី​ពាក់កណ្តាល​ខែសីហា​មក​ដែល​បានសម្លាប់​មន្ត្រីប៉ូលិស​ម្នាក់​និង​រងរបួស​យ៉ាងតិច​៦​នាក់​ទៀត​។​

អាជ្ញាធរ​បានប្រកាស​ពី​ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​មួយ​និង​បាន​បង្កើន​សន្តិសុខ​នៅក្នុង​តំបន់​ជុំវិញ​ភូមិ Tembagapura ដែលមាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​អណ្តូងរ៉ែ​។​

កងទ័ព​រំដោះជាតិ West Papua (TPN-OPM) ដែលជា​ក្រុម​មួយ​មាន​ទំនាក់ទំនង​ទៅនឹង​ចលនា Free Papua Movement បាន​និយាយថា ខ្លួន​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ប៉ូលិស យោធា​និង​ក្រុមហ៊ុន Freeport ។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ TPN-OPM នៅ​ពីក្រោយ​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​ដែរ​ឬក៏​អត់​។​

ប៉ូលិស​នៅ​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ពួកគេ​នឹង​ចេញ​សេចក្តីជូនដំណឹង​មួយ​ដើម្បី​ទាមទារ​ឲ្យ​ពួក​ឧទ្ទាម​ទម្លាក់អាវុធ​របស់​ពួកគេ​ចុះ​ហើយ​ប្រគល់​ខ្លួន​របស់​ពួកគេ​។​

មន្ត្រីប៉ូលិស​បាន​និយាយថា មន្ត្រី​ប្រហែល​២០០​នាក់​បាន​ឈរជើង​ដើម្បី​ការពារ​តំបន់​នេះហើយ​នឹង​ប្រើ​កម្លាំង​បើសិន​ចាំបាច់​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684