ព័ត៍មានទាន់​ហេតុការណ៏
Search

ភស្តុតាង​ក្នុង​សំណុំរឿង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រឹងមាំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

ភ្នំពេញ​ ៖ លោក គី តិច មេធាវី​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា រហូតមកដល់​ពេលនេះ ភស្តុតាង​ដែល​បាន​ដាក់​ជូន​តុលាការ​កំពូល ក្នុង​សំណុំរឿង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ឡើង​ដល់​២៦​កញ្ចប់​ហើយ ដែល​អាច​និយាយបាន​ថា ជា​ភស្តុតាង​រឹងមាំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ការប្តឹង​រលាយ​គណបក្ស​។

លោក​មេធាវី គី តិច បញ្ជាក់​បែបនេះ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺ​បន្ទាប់ពី​លោក និង​សហការី​បាន​យក​ភស្តុតាង​បន្ថែម​ដាក់ជូន​តុលាការ​កំពូល​។

លោក គី តិច បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​របង​តុលាការ​ថា មាន​ឯកសារ​ចំនួន​៣​ទៀត ដែល​លោក​បាន​យកទៅ​ដាក់​ជូន​តុលាការ គឺ​ឯកសារ​ទី​១ គឺ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​មេធាវី​ដែលមាន​ចំនួន​៦២​ទំព័រ​។ ឯកសារ​ទី​២ គឺជា​បញ្ជី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ផ្អាក​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ដែលមាន​ចំនួន​១១៧​រូប​។ ឯកសារ​ទី​៣ គឺជា​ភស្តុតាង​ចំនួន​៤​កញ្ចប់​បន្ថែមទៀត ដែល​រហូត​មក​ដល់​ពេលនេះ មាន​ចំនួន​រហូត​២៦​កញ្ចប់​។ លោក គី តិច បាន​បញ្ជាក់​ថា ភស្តុតាង​ដែល​មាន​និង​បានដាក់​ជូនទៅ​តុលាការ​ក្នុង​រឿង​ក្តី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មាន​ច្រើន​សន្ធឹកសន្ធាប់ និង​រឹងមាំ ដែលមាន​រហូត​ទៅដល់​២៦ ភស្តុតាង ហើយ​នៅក្នុង​ភស្តុតាង​មួយៗ បំបែកចេញ​ជា​ភស្តុតាង​តូចៗ​ទៀត​។ ដែល​នេះ​ជា​ភស្តុតាង​មួយ​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ការប្តឹង​រំលាយ​គណបក្ស។

ចំណែក​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប ដែល​យក​មក​ដាក់​ជូន​តុលាការ​នា​ពេល​នេះ លោក គី តិច អះអាង​ថា គឺជា​បញ្ជី​ចុងក្រោយ​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រសួងមហាផ្ទៃ ហើយ​នៅ​ក្នុង​បណ្តឹង គឺ​ស្នើ​ឲ្យ​តុលា​ការ​ផ្អាក​សកម្មភាព​នយោបាយ​តាមច្បាប់​ដែល​មាន​រយៈពេល​៥​ឆ្នាំ។

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ទាក់ទង​ទៅ​នឹង​ក្តី​សង្ឃឹម​ក្នុងការ​ឈ្នះក្តី លោក​គី តិច បាន​អះអាងថា “​បើ​និយាយ​ពី​សង្ឃឹម​របស់​ក្រុម​មេធាវី​របស់​យើងខ្ញុំ ដូច​ខ្ញុំ​បាន​បញ្ជាក់​មិញ​ហើយ គឺ​មាន​ភស្តុតាង​ច្បាស់លាស់​រឹងមាំ ច្រើន​សន្ធឹក​សន្ធាប់ ដូច្នេះ​បើ​គិត​ជា​ភាគរយ ក្រុម​មេធាវី​អាច​វាយ​តម្លៃ​ថា សឹង​១០០​ភាគរយ ក្នុង​ការ​ឈ្នះក្តី​”​។ លោក​បន្តថា ភស្តុតាង​ទាំងអស់នេះ គឺ​ក្រុម​មេធាវី​មាន​តាំងពីដើម​មក​ដែល​ទទួល​បាន​ពី​ក្រសួងមហាផ្ទៃ និង​ការប្រមូល​បន្ថែម​ពី​គណបក្ស​ចំនួន​២​ដែល​ជា​ម្ចាស់​បណ្តឹង​គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា។

លោក​គី តិច​បាន​អះអាង​ថា ភស្តុតាង​ដែល​បាន​ដាក់​នៅ​ពេល​នេះ អាច​និយាយ​បាន​ថា ជា​ភស្តុតាង​ចុងក្រោយ ពីព្រោះ​នៅសល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​សវនាការ ប៉ុន្តែ​នីតិវិធី​ច្បាប់ គឺ​ភស្តុតាង​អាចដាក់​បាន​រហូតដល់​ថ្ងៃ​សវនាការ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ តាមរយៈ​ក្រុម​មេធាវី​ចំនួន​៥​រូប បាន​យកពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​តុលាការ​កំពូល ដើម្បី​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពាក្យ​បណ្តឹង​នេះ គឺ​ផ្អែកលើ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាននឹងកំពុង​អនុវត្ត​ផែនការ ដោយ​ឃុបឃិត​គ្នា ជា​សម្ងាត់​ជាមួយ​បរទេស ក្នុងការ​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​នៃ​បដិវត្ត​ពណ៌ ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏ដូចជា​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា ហើយ​បណ្តឹង​នេះ បាន​យោងទៅលើ​វីដេអូ​ឃ្លី​ប និង​ភស្តុតាង​ជាច្រើន​ទៀត។

ក្រោយពី​ទទួល​បណ្តឹងសុំ​រំលាយ​គណបក្ស​នេះ តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឯកសារ​ត្រៀម ដើម្បី​ឆ្លើយតប នឹង​បណ្តឹង​រំលាយ​គណបក្ស​នេះ ក្នុងអំឡុងពេល​២០​ថ្ងៃ ចាប់​ពីថ្ងៃ​ទទួលបាន​ដីកា​បង្គាប់ ហើយ​តុលាការ​បាន​កំណត់​យក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​បើក​ស​សវនាការ​លើ​សំណុំ​រឿងក្តី​រំលាយ​គណបក្ស​នេះ។

តាម​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​ជូន​តុលាការ​កំពូល​បាន​លើកឡើងថា ពាក្យ​បណ្តឹង​ដែល​បានដាក់​នៅ​តុលាការ​កំពូល គឺ​មាន​កម្មវត្ថុ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពាក្យ​បណ្តឹង​នេះ គឺ​ផ្អែកលើ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​អនុវត្ត​ផែនការ​ដោយ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ជាមួយ​បរទេស ក្នុង​ការ​ផ្តួលរំលំ​រដ្ឋ​អំណាច​ស្របច្បាប់​នៅ​កម្ពុជា​ក្រោម​ទម្រង់​នៃ​បដិវត្ត​ពណ៌ ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួន​នៅ​មជ្ឈិមបូព៌ា​។ យើង​បាន​រកឃើញ​វីដេ​អូ​ឃ្លី​ប​ចំនួន​៣ ក្នុងចំណោម​វីដេអូ​ឃ្លី​ប​ជាច្រើន និង​ភស្តុតាង ជាច្រើន​ទៀត​ដែល​ដាក់ជូន​តុលាការ​ថ្ងៃនេះ និង​ខ្លះ​ទៀត ដែល​យើង​មាន​ក្នុង​ដៃ​របស់​យើង​រួចហើយ។

តាម​ពាក្យ​បណ្តឹង​ដដែល​នោះ សំដី​ផ្ទាល់ខ្លួន​របស់លោក កឹម សុខា ក្នុង​ឋានៈ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​វីដេអូ​ឃ្លី​ប​ទាំង​៣ ដែល​យើង​រក​ឃើញ​នេះ គឺជា​ភស្តុតាង​ដ៏​រឹងមាំ​ផង និង​ជា​សក្ខីកម្ម​ដ៏​ច្បាស់លាស់ ដែល​មិន​អាច​ប្រកែក​បាន អំពី​ផែនការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ជាមួយ​បរទេស ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​បដិវត្ត​ពណ៌ ដែល​បាននិងកំពុង​អនុវត្ត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ រួម​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បរទេស​មួយចំនួន ជ្រក​ក្រោម​ទិស​ស្លោក​នយោបាយ​ភូតកុហក​បោកប្រាស់ គឺ “​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​” ការ​ញុះញង់​បំផ្លើស ដើម្បី​បំផុស​ចលនា​ប្រជាជន​ក្រោម​ស្លាក​សិទ្ធិមនុស្ស និង​ស្លាក​ប្រជាធិបតេយ្យ ព្រមទាំង​ការចោទប្រកាន់ ដោយ​មិន​ត្រឹមត្រូវ​ខុស​ពី​ការពិត​ជាក់​ស្តែង​គ្រប់ពេលវេលា​ថា រដ្ឋអំណាច​បច្ចុប្បន្ន ជា​រដ្ឋអំណាច​ផ្តាច់​ការ ដើម្បី​បង្កើត​ជា​លេស​សម្រាប់​ការ​ធ្វើបដិវត្ត​ពណ៌ ក្នុង​ខណៈ​ពេល​ដែល​រដ្ឋ​អំណាច​ស្របច្បាប់​បច្ចុប្បន្ន កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាមរយៈ​ការចាត់តាំង ឲ្យ​មានការ​បោះឆ្នោត​យ៉ាង​ទៀងទាត់ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​ក​កម្ពុជា ក្រោម​សុខសន្តិភាព​ពេញ បរិបូរណ៍ និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

តាម​ពាក្យ​បណ្តឹង​លើកឡើង​ទៀត​ថា សកម្មភាព​ខុសច្បាប់​ជាច្រើន​ដែល​បាន​និង​កំពុង​អនុវត្ត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ភាព ស៊ីចង្វាក់​គ្នា​ទៅនឹង​ផែនការ​សម្ងាត់​នៃ​ការ​ធ្វើបដិវត្ត​ពណ៌ ដូច​សំដី​របស់​លោក​កឹម សុខា នៅក្នុង​វីដេអូ​ឃ្លី​ប ជា​សក្ខីកម្ម​មិន​អាច​ប្រកែក​បាន ក្នុងនោះ​រួមមាន​ទាំង​ការបញ្ជូន​មនុស្ស​ទៅ​ហ្វឹកហាត់ និង​ទទួល​ការបណ្តុះបណ្តាល​ជាប្រចាំ​នៅ​បរទេស អំពី​របៀប​នៃ​ការធ្វើបដិវត្ត​ពណ៌ ដើម្បី​ផ្តួលរំលំ​រដ្ឋអំណាច​ស្រប​ច្បាស់​របស់​កម្ពុជា​។ បន្ថែម​លើ​វីដេអូ​ឃ្លី​ប​ទាំង​៣​ខាងលើ នៅមាន​ភស្តុតាង​ជាច្រើន​ទៀត ដែល​បង្ហាញថា គណបក្ស​សង្គ្រោះ ជាតិ​ក្រៅពី​ផែនការ​ឃុបឃិត​គ្នា​ជាសម្ងាត់​ជាមួយ​បរទេស​ក្នុង​ការធ្វើបដិវត្ត​ពណ៌ ផ្តួលរំលំ​រដ្ឋអំណាច ស្របច្បាប់​គណបក្ស​នេះ ក៏មាន​ចំណង​ចំណុះ​ឲ្យ​បរទេស និង​ក្រោម​ការបង្គាប់បញ្ជា​របស់​បរទេស​ផងដែរ ដែលជា​ការបំពានច្បាប់​ស្តីពី​គណបក្សនយោបាយ​។

តាម​ពាក្យបណ្តឹង​រៀបរាប់​ទៀតថា អង្គហេតុ​នៃ​សកម្មភាព​ខុសច្បាប់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​បំពាន​ទៅនឹង​មាត្រា​៦​ថ្មី (​ពីរ​) និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ មាត្រា​៦ ថ្មី (​ពីរ​) នៃ​ច្បាប់​ស្តីពី​គណបក្ស​ន​យោ បាយ​ចែងថា “​គ្រប់​គណបក្សនយោបាយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ដូចខាងក្រោម​៖ ១-​ធ្វើ​ឲ្យ​មាន​អបគមន៍ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់ ឯកភាព​ជាតិ និង​បូរណភាព​ដែនដី​។ ២-​ធ្វើ​វិទ្ធង្សនា ប្រឆាំងនឹង​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ ៣-​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។ ៤-​បង្កើត​កងកម្លាំងប្រដាប់អាវុធ​។ ៥-​ធ្វើការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មានការ​បែក បាក់​ជាតិ​។ ៦-​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រ យោជន៍​នយោបាយ​សម្រាប់​គណបក្សនយោបាយ របស់ខ្លួន​។ ៧-​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ ពីបទ​មជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ​ដើម្បី​ជា​ផល ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្សនយោបាយ របស់ខ្លួន​។ ៨-​គាំទ្រ ឬ​រៀបចំ​ផែនការ ឬ​ឃុបឃិត​ជាមួយ​រាល់ បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង នឹង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​ក​កម្ពុជា ដូច​មានចែង​ពី​ចំណុច​ទី​១ ដល់​ចំណុច​ទី​៥​ខាងលើ​។ អំពើ និង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​បង្ហាញ​ខាងលើ គឺជា​ទង្វើ​បំពាន​មាត្រា​៦​ថ្មី (​ពីរ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រង់ចំណុច​ទី​២ ចំណុច​ទី​៣ ចំណុច​ទី​៥ និង​ចំណុច​ទី​៨​។

ចំណែក​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា “​គ្រប់​គណបក្ស​នយោបាយ​មិនត្រូវ​ស្ថិត នៅក្រោម​ចំណុះ ឬ​ការបង្គាប់បញ្ជា​របស់​គណបក្ស នយោបាយ​បរទេស ឬ​របស់​រដ្ឋាភិបាល​ប​រទេស​”​។ អំពើ​និង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​បំពាន​មាត្រា​៧​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ មាត្រា ៤៤​ថ្មី (​ពីរ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចែងថា ៖ “​ដោយ​មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ​ដែល បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៦​ថ្មី (​ពីរ​) នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ តុលាការ​អាច​សម្រេច ទី​១-​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ មិន​លើសពី​៥​ឆ្នាំ​។ ទី​២- រំលាយ​គណបក្សនយោបាយ​នោះ​។

ដោយសារ​អំពើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ ជា​អំពើ​ល្មើសច្បាប់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា សំណុំ​ពរ ទី​១-​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បញ្ញត្តិ​មាត្រា​៤៤ ថ្មី (​ពីរ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ទី​២- ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បញ្ញត្តិ មាត្រា​៤៥​ថ្មី កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684