ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន ត្រូវបាន​បើក​ជា​ផ្លូវការ

ទីក្រុង​ម៉ានីល ​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា របស់​អាស៊ាន ក្រោម​ពាក្យស្លោក ភាពជា ដៃគូ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ការរួមចំណែក​ជាមួយ​ពិភពលោក បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​ហើយ នៅ​មជ្ឈមណ្ឌល​សន្និសីទ​វប្បធម៌​ម៉ានីល ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន។

ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ី​បូព៌ា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អគ្គលេខាធិការ​អាស៊ាន រដ្ឋមន្ត្រី​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​សង្គម វប្បធម៌​អាស៊ាន រួម​ទាំង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត របស់​អាស៊ាន បាន​យាង​និង​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន ក្រោម​វត្ត​មាននៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ា​សង​កក់ក្តៅ​បំផុត ពី​ឯកឧត្តម រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង លោកជំទាវ​។ នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នោះ ក៏បាន​ការអញ្ជើញ​ចូលរួម​ពី​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ជាច្រើនរូប​ផង ដែរ។

នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​បូព៌ា ប្រទេស​អាស៊ាន បាន​យាង​និង​អញ្ជើញ​គោរព​ភ្លេងជាតិ​អាស៊ាន និង​អញ្ជើញ​ទស្សនា​នូវ​ការសំដែង​សិល្បៈ​អាស៊ាន នៅមុន​ពិធី​ថតរូប​ផ្លូវការ​របស់​បណ្តា មេដឹកនាំ​អាស៊ាន និង​ប្រទេស​អាស៊ី​បូព៌ា​។

ថ្លែង​ទៅកាន់​បណ្តា​មេដឹកនាំ​ទាំងអស់ ដែល​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង ពិធី​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន ឯកឧត្តម រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ បាន​ថ្លែង​នូវ​ការវាយតម្លៃ​ខ្ពស់​ជូន ចំពោះ​បណ្តា​បេ​ដឹកនាំ នៃ​ប្រទេស​អាស៊ាន និង​ប្រទេស​អាស៊ី​បូព៌ា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​យាង​និង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។

ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​កំពូល​របស់​យើង​នៅពេល នេះ មាន​សភាព​ល្អប្រសើរ​ខ្លាំង​ណាស់ ពោលគឺ​យើង​មាន​រយៈពេល​២​ថ្ងៃ បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​រួមគ្នា​ប្រាស្រ័យ​ទាក់ទង​គ្នា​ភាពជា​ដៃគូ ទាំង​ក្នុង​តំបន់ និង​ពិភពលោក។

ប្រធានាធិបតី​ហ្វីលីពីន​បាន​មាន​ប្រសា​ស​ន៍​ផង​ដែរ ទាក់ទិន​ទៅ​នឹង​ការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ភារ​វក​ម្ម ការ​កសាង​សង្គម ការ​តភ្ជាប់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ដោយ​ភាព​សាមគ្គី​គ្នា​។

ជា​មួយ​គ្នា​នេះ​ ក្រៅពី​ការ​លើកឡើង​ពី​បញ្ហា​តំបន់ និង​ពិភពលោក ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​លើកឡើង​ពី​សារៈសំខាន់ នៃ​វិស័យ​ឯកជន​ដែល​មាន​ការជំរុញ​ឲ្យ​មានការ​រីកចម្រើន​សេដ្ឋកិច្ច​ជាតិ រួមគ្នា សំដៅ​បន្ត​ការអភិវឌ្ឍ​។ ក្នុង​ន័យ​នេះ ឯកឧត្តម​ប្រធានាធិបតី​ក៏បាន លើកឡើង​ពី​ការ​ជំរុញ​រួមគ្នា​ផ្នែក​សេដ្ឋកិច្ច វិនិយោគ កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​រួមគ្នា ដើម្បី​ឈានទៅ​សម្រេច​បាន​លើ​ចក្ខុវិស័យ​នានា​របស់​អាស៊ាន ដែល​ជា​បំណង​ប្រាថ្នា​របស់​ប្រជាជន​អាស៊ាន​ទាំងអស់​ជាង ៦២០​លាន​នាក់​រស់នៅ​ប្រកបដោយ​សុខសន្តិភាព ស្ថេរភាព វិបុលភាព និង​ការរីកចម្រើន​គ្រប់​ក្រុមគ្រួសារ ជាពិសេស​ការរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា។

បន្ទាប់មក​បណ្តា​មេដឹកនាំ​អាស៊ាន បាន​យាង​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពេញអង្គ​អាស៊ាន​លើក​ទី​៣១ ដែល​ផ្តោត​លើ​របៀបវារៈ ស្តីពី​ការអនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​មាគ៌ា​ឆ្ពោះទៅមុខ​។ នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួន មេដឹកនាំ​អាស៊ាន​បាន​គូសបញ្ជាក់​សាជាថ្មី​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​កសាង​សហ គម​ន៍​អាស៊ាន តាមរយៈ​ការ​លើ​កម្ពស់​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច ការទូត និង​សង្គម វប្បធម៌ ព្រមទាំង​ការ​លើកកម្ពស់​កិត្យានុភាព​អាស៊ាន យន្តការ​ពិគ្រោះ​យោបល់ ដោយ​សាមគ្គី​ផ្ទៃក្នុង គោលការណ៍​គ្រឹះ​នៃ​ការ មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ការ​លើ​កម្ពស់​តួនាទី​ស្នូល​របស់​អាស៊ាន ក្នុង​និម្មាបនកម្ម តំបន​។ ជាមួយគ្នា មេដឹកនាំ​អាស៊ាន បានធ្វើការ​គូសបញ្ជាក់​ដែរ​ថា អាស៊ាន​ត្រូវ​រក្សា​តុល្យភាព និង​បុ​រេ​សកម្ម​របស់ខ្លួន ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ ដោយ​មិនត្រូវ​ចូលរួម​ជាមួយ​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ រវាង​អាស៊ាន​ជាមួយ​ដៃគូ​ណាមួយ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព​តំបន់ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការ​ងើប​ឡើងវិញ នៃ​ការប្រកួតប្រជែង​របស់​មហាអំណាច និង​ភាពមិនប្រាកដប្រជា​នៃ​ស្ថានភាព​នយោបាយ ភូមិសាស្ត្រ​តំបន់ ដែល​អាច​នាំ​ដល់​ការខ្វែងគំនិត​គ្នា ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​។

ជាមួយគ្នានេះ អាស៊ាន​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​គោលការណ៍​កុងសង់ស៊ីស ដើម្បី​ធានាថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ កំពុង​ស្ថិតនៅ​លើផ្លូវ​តែមួយ ជាពិសេស​ដើម្បី​ធានាថា តួនាទី​ស្នូល​របស់​អាស៊ាន​ត្រូវ​ទទួលបាន​ការ​គាំទ្រ​ពេញលេញ​ពី​ប្រទេស​ដៃគូ​សន្ទនា​របស់ខ្លួន នៅក្នុង​យន្តការ​នានា​ដូចជា អាស៊ាន​បូក​បី កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា វេទិកា​តំបន់​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​។ មេដឹកនាំ​អាស៊ាន​ក៏បាន​ចាត់ទុក​ដែរ​ថា ការគ្រប់គ្រង​តួនាទី​ស្នូល​នេះ​បានល្អ នឹងធ្វើ​ឲ្យ​អាស៊ាន​មាន​ឥទ្ធិពល​លើ​វេទិកា​អន្តរជាតិ ហើយ​អាស៊ាន​ក៏​នឹង​អាច​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​តួនាទី​នោះ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់ និង​បញ្ហា​ប្រឈម​ជាស​កល​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពេញអង្គ​នោះដែរ មេដឹកនាំ​អាស៊ាន​ក៏បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​បញ្ហា​ប្រឈម​នានា​ដូចជា បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​អំពើ​ហិង្សា​ជ្រុលនិយម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ បញ្ហា​រដ្ឋ​រ៉ា​ខា​ញ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត ដូចជា​បម្រែបម្រួល​អាកាសធាតុ​ជាដើម។

ថ្លែង​ក្នុង​បទ​អន្តរាគមន៍​ទៅកាន់​បណ្តា​មេដឹកនាំ​អា ស៊ាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១ នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​បញ្ហា​គន្លឹះ មួយចំនួន​ដែល​ទាក់ទិន​ទៅ​និង​កត្តា​សន្តិសុខ​និង​សន្តិភាព ដែល​នឹង​បន្ត​ស្ថិតនៅ​ជា​អាទិភាព​ខ្ពស់បំផុត​មួយ​របស់​តំបន់ ដោយសារតែ​ការគំរាមកំហែង​នៃ​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស គ្រឿងញៀន ការ​កើន​កំដៅ​សកល និង​គ្រោះមហន្តរាយធម្មជាតិ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង ពី​បញ្ហា​ជាមួយ​អន្តរជាតិ​មួយចំនួន ដែល​ទាក់ទិន​ទៅ​និង​ស្ថេរភាព និង​ការអភិវឌ្ឍ​របស់​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​។

បន្ទាប់មក​បណ្តា​មេដឹកនាំ​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន ជាមួយនឹង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន ដើម្បី​ពិនិត្យ​និង​ស្តាប់​នូវ​ការលើកឡើង​របស់​ផ្នែក​ឯកជន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​តំបន់​អាស៊ាន​មួយ​កាន់​តែ​មាន​ភាព​រឹងមាំ​និង​រីកចម្រើន​។ មេដឹកនាំ​អាស៊ាន​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការប្តេជ្ញាចិត្ត​ពី​ផ្នែក​ធុរកិច្ច ក្នុងការ​ចូលរួម​លើកស្ទួយ​សហគ្រិន​មីក្រូ​តូច​និង​មធ្យម តាមរយៈ​ការផ្តល់​អនុសាសន៍​នានា និង​ការបង្កើត​កម្មវិធី​អប់រំ​ណែនាំ​សម្រាប់​បណ្តា​សហគ្រិន​អាស៊ាន ដើម្បី​ចូលរួម៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684