ព័ត៍មានទាន់​ហេតុការណ៏
Search

​មហាមិត្ត​ចិន​សន្យា​ថា នឹង​ជួយ​ឱ្យអស់​លទ្ធភាព​ដើម្បី​បោសសម្អាត​គ្រាប់មីន​ និង ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​នៅ​កម្ពុជា​ឱ្យបាន​ឆាប់រហ័ស

​ទីក្រុង​ម៉ានីល ៖ ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​សន្យាថា ​នឹង​ជួយឱ្យអស់​លទ្ធភាព​ដើម្បី​បោសសម្អាត​គ្រាប់មីន​ និង ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ឱ្យបានឆាប់រហ័ស ​និង​ ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ​ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាពជាក់ស្តែង និង ​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ ​និង ​សម្រេច​ឱ្យបាន​មុនពេល​ទស្សនកិច្ចផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​ នាពេល​ខ្លី​ខាងមុខ​។

​លោក លី កឺ​ជាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង ​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានានៅ​ទីក្រុង​ម៉ានីល ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ហើយ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រលប់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ក្នុង​បរិយាកាស​រីករាយ​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​។

​ក្នុងឱកាស​នោះ លោក លី កឺ​ជាង បាន​សម្តែង​សេចក្តី​រីករាយ ដោយបាន​ជួប​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តងទៀត ក្នុងនាម​ជា​មិត្ត​ចាស់​របស់​ចិន ដែល​នេះ​ជាការ​បង្ហាញ​ពីទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​រវាង​ប្រទេស​កម្ពុជា និង​ ប្រទេស​ចិន និង ជាពិសេស​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​។

​លោកនាយក​រដ្ឋមន្ត្រី​ចិន បានបញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញា​រួមគ្នា​ និង​ ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ឱ្យដល់​កម្រិត​ខ្ពស់​មួយ​ថែមទៀត​។ ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការរីករាយ និង ​សូម​ថ្លែងអំណរគុណ​ដែល​បានទទួល​ស្គាល់​ពី​មិត្ត​ចិន​ថា ជា​មិត្តចាស់​ដែល​ប្រកបដោយ​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​។

​នៅក្នុង​ជំនួប​នេះដែរ ដោយ​កម្ពុជា​នឹងត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ នៅរាជធានី​ភ្នំពេញ នា​ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានអញ្ជើញលោក​នាយករដ្ឋមន្ត្រី លី កឺ​ជាង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ​និង​ បំពេញ​ទស្សនកិច្ចផ្លូវការ​នៅ​កម្ពុជា ដើម្បី​បើក​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក្នុង​ខួបអនុស្សាវរីយ៍​ទី៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​។ ជាការ​ឆ្លើយតប លោក លី កឺ​ជាង បានទទួល​ការអញ្ជើញ​របស់​សម្តេច​តេ​ជោ ដោយ​រីករាយ ​និង ​សន្យា​រួមចំណែក​ធ្វើឱ្យ​កិច្ចប្រជុំ​កំពូលមេគង្គ​-​ឡាន​ឆាង​បានទទួល​ជោគជ័យ​។

​នៅក្នុង​ឱកាស​នោះដែរ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ការជំរុញ​ការអនុវត្ត​ន៍គម្រោង​ការកសាង​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ព្រះរាជាណាចក្រកម្ពុជា​។​ ភាគី​ចិន​បាន​សន្យាថា ​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការជួយ​ជំរុញ​ឱ្យ​ការកសាង​ផ្លូវ​ល្បឿន​លឿន​នេះ បា​នស​ម្រេ​ច​ទៅ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ចូលរួមវិភាគទាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង ​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

​ទន្ទឹមនេះដែរ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​អំពី​ការជំរុញ​ការដោះមីន​ និង ​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ​នៅកម្ពុជា ដែលជា​មរតក​នៃ​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា​ រាប់​ទសវត្ស​កន្លងទៅ​។​ ភាគី​មិត្ត​ចិន​បានជម្រាបជូន​សម្តេច​តេ​ជោ​ថា ការដោះមីន ​និង ​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ​ជា​សកម្មភាព​អាទិភាព​មួយរបស់​រដ្ឋាភិបាល​ចិន​ ក្នុង​ការជួយ​ប្រទេស​នានា​ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​នេះ​។​

ក្នុង​បរិការណ៍​នេះ មិត្ត​ចិន​សន្យាថា ​នឹង​ជួយ​ឱ្យអស់​លទ្ធភាព​ដើម្បី​បោសសម្អាត​មីន​ និង ​យុទ្ធ​ភ​ណ្ឌមិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់រហ័ស ​និង ​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ពិភាក្សា​លើទិដ្ឋភាព​ជាក់ស្តែង និង ​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ​ និង​ សម្រេច​ឱ្យបាន​មុនពេលទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​ នាពេល​ខ្លី​ខាងមុខ​។

មុននឹង​បញ្ចប់​កិច្ចពិភាក្សា លោកនាយក​រដ្ឋមន្ត្រី លី កឺ​ជាង បានបញ្ជាក់​សាជាថ្មី​នូវ​ការគាំទ្រ​ និង​ ជួយ​ដល់​កម្ពុជា​ ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​ ការ អភិវឌ្ឍ​របស់​កម្ពុ​ជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684