ព័ត៍មានទាន់​ហេតុការណ៏
Search

នី មុនីនាថ​ ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ លើ​ករណី​បណ្ដឹង​របស់​អតីត​គូ​ដណ្ដឹង​ពី​បទ​ឆបោក

ភ្នំពេញ​ ៖ ​ ​តារា​សម្តែង​ធ្លាប់ ​មាន​ប្រជាប្រិយភាព​ពូកែ​ខាង​សម្រក់​ទឹកភ្នែក​កញ្ញា នី មុនីនាថ ត្រូវ​បាន​តុលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​លើ​ករណី​បណ្តឹង​របស់​លោក អ៊ឹង សូ​ឡាង អតីត​គូ​ដណ្ដឹង​ ពី​បទ​ឆបោក​ និង ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត។

បើ​ផ្អែក​តាម​ដីកា​កោះហៅ​របស់​ចៅក្រម​ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ បាន​បញ្ជាក់​ថា​ តារា​ស្រី​កញ្ញា នី មុនីនាថ ត្រូវ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​២​និង​​៣០​នាទី​រសៀល ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ នៅ​បន្ទប់ គ​១ ជាន់​ទី​៣។ កញ្ញា នី មុនីនាថ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក អ៊ឹង សូ​ឡាង ដែល​ប្តឹង​កញ្ញា នី មុនីនាថ កាលពី​ថ្ងៃទី២៨ ខែ​កញ្ញា ​ឆ្នាំ​២០១៧​ គឺ​បាន​លើក​ហេតុផល​សំអាង​មាន​ចំនួន​២​ចំណុច​ គឺ​ប្ដឹង​ពី​បទ​ឆបោក​លុយ និង​ រំលោភ​លើ​សេចក្ដី​ទុកចិត្ត​ ​ ខណៈ​កញ្ញា នី មុនីនាថ តែង​ឆ្លើយ​បដិសេធ​មិន​ព្រម​រៀបការ​ស្របច្បាប់ ​ចេញទៅ​រស់នៅ​ក្រៅ​ប្រទេស​ជាមួយ និង​​ថែមទាំង​លុបចោល​ការ​ភ្ជាប់​ពាក្យ​ដោយ​សំអាង​លើ​ហេតុផល​ថា​ លោក អ៊ឹង សូ​ឡាង មិន​ចេះ​ប្រើ​សម្តី​ផ្អែមល្ហែម​ជាមួយ​នាង។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ អ៊ឹម សូ​ឡាង ដដែល​នោះ ​ក៏បាន​ប្តឹង​ទាមទារ​សំណង​សរុប​មាន​ចំនួន ១២​ ម៉ឺន​ដុល្លារ​ ​ដោយ​ក្នុង​នោះ​លោក​បាន​ធ្វើ​ការ​ទាមទារ​ឲ្យ នី មុនីនាថ សង​ប្រាក់​ចំនួន​៧០ ០០០ ​ដុល្លារ​ និង​ សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥០ ០០០ ​ដុល្លារ​ ផង​ដែរ​។​ រហូត​មក​ទល់​រសៀល​ថ្ងៃទី១៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​នេះ ​កម្ពុ​ជាថ្មី​នៅ​មិន​អាច​សុំ​ការ​សួរនាំ​បន្ថែម​ពី​កញ្ញា នី មុនីនាថ បាននៅឡើយ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684