ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Trump Jr ឆ្លើយឆ្លង​សារ​ជាមួយ WikiLeaks អំឡុង​ពេល​ និង​ក្រោយ​យុទ្ធនាការ

​កូនប្រុស​ច្បង​របស់លោក​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃ​ចន្ទ​ បាន​បញ្ចេញ​សារ​ដោយ​ផ្ទាល់​ជាច្រើន​ដែល​គាត់​បាន​ទទួល​ពី​គណនី Twitter នៅ​ពីក្រោយ​វ៉ិ​ប​សាយ WikiLeaks ដោយ​រួមទាំង​ការ​ឆ្លើយតប​របស់​គាត់​ចំពោះ​ទំនាក់ទំនង​ផងដែរ​។

ការបញ្ចេញ​សារ​របស់លោក Donald Trump Jr ក្នុង Twitter បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ទស្សនា​វ​ដ្តី The Atlantic បាន​រាយការណ៍​ជាដំបូង​អំពី​រឿងនេះ​។ ជាការ​ដោះដូរ​គ្នា WikiLeaks បានស្នើ​ឲ្យ​លោក Trump Jr ជួយ​ជំរុញ​ឲ្យ​លេច​ធ្លាយ​និង​បញ្ចេញ​ឯកសារ​បង់ពន្ធ​របស់​ឪពុក​គាត់​។​

ឯកសារ​ដែល​បញ្ចេញ​ដោយ​លោក Trump Jr បាន​បង្ហាញថា គាត់​ឆ្លើយតប​ចំនួន​បី​ដង​ហើយ​មាន​ពេល​មួយ​បាន​យល់ព្រម​នឹង​សួរ​ជុំវិញ​គណៈកម្មាធិការ​ស​កម្ម​ភាព​នយោបាយ​ដែល WikiLeaks បានលើកឡើង​។ គាត់​ក៏បាន​សួរ​គេហទំព័រ​នេះ​អំពី​ពាក្យ​ចចាមអារ៉ាម​នៃ​ការ​លេច​ធ្លាយ​នាពេលខាងមុខ​ផងដែរ​។ សារបាន​ចាប់ផ្តើម​នៅ​ខែកញ្ញា​ឆ្នាំ​២០១៦​និង​ដំណើរការ​រហូតដល់​ខែកក្កដា​។​

យ៉ាងណាក៏ដោយ លោក Trump Jr បាន​បដិសេធ​អំពី​ការដោះដូរ​នៅពេល​គាត់​បញ្ចេញ​ពួកគេ​។​
​គាត់​បានសរសេរថា “​នេះ​គឺជា​ខ្សែសង្វាក់​នៃ​សារ​ទាំងអស់​ជាមួយ @wikileaks ដែល​គណៈកម្មាធិការ​មួយ​នៃ​គណៈកម្មាធិការ​សភា​បានជ្រើសរើស​ឲ្យ​លេច​ធ្លាយ​”​។​

សារ​ដោយផ្ទាល់​ទាំងនេះ​ត្រូវបាន​បញ្ជូនទៅ​គណៈកម្មាធិការ​សភា​ដើម្បី​ស៊ើបអង្កេត​អំពី​អន្តរាគមន៍​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​និង​ថា​តើ​មាន​តំណ​ភ្ជាប់​ទៅនឹង​យុទ្ធនាការ​របស់លោក Trump ដែរ​ឬក៏​អត់​។​

ស្របពេល​ជាមួយគ្នា​នោះ លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ទៅនឹង​របាយការណ៍​នេះ​ដោយ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​តាមរយៈ​លេខាធិការ​សារព័ត៌មាន​របស់លោក​ថា លោក​មិនដឹង​អ្វី​ទាំងអស់​។​

អ្នកនាំពាក្យ​ម្នាក់​ឈ្មោះ Alyssa Farah បាន​និយាយថា “​លោក​អនុ​ប្រធានាធិបតី​មិនដែល​ដឹងថា​មាន​អ្នកណាម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នេះ​ទាក់ទង​ជាមួយ Wikileaks ឡើយ​។ គាត់​បានដឹង​ពី​ព័ត៌មាន​នេះ​ដំបូង​ពី​របាយការណ៍​ដែល​បានចេញ​ផ្សាយ​នៅ​រាត្រី​នេះ​”៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684