ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​រិះគន់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​កិច្ចប្រជុំ​របស់ UN ដែល​រុស្ស៊ី​និង​ចិន​ធ្វើ​ពហិការ

ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Nikki Haley កាលពី​ថ្ងៃ​ចន្ទ​ បាន​រិះគន់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ថា​ជា “​រដ្ឋ​ដែល​មាន​អំពើហិង្សា​កាន់តែខ្លាំង​ឡើង​” ដែល​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក​។

លោកស្រី​បានលើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​អង្គការសហប្រជាជាតិ​ដែល​ធ្វើពហិការ​ដោយ​ប្រទេស​រុស្ស៊ី​និង​ចិន​។​

លោកស្រី Haley បាន​ថ្លែងថា កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ផ្លូវការ​គឺ​ដើម្បី​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​អន្តរជាតិ​ចំពោះ​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា។​

ប៉ុន្តែ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​សំខាន់ៗ​ដូចជា​រុស្ស៊ី​និង​ចិន​គឺ​បាន​បដិសេធ​ចូលរួម​ដូច​អេ​ហ្ស៊ី​ប​និង​បូ​លី​វី​ដែរ​ដែលជា​សមាជិក​ក្រុមប្រឹក្សា​មិន​អចិន្ត្រៃយ៍​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់លោក Nicolas Maduro ។​

ថ្លែង​ទៅកាន់​កិច្ចប្រជុំ​នេះ លោកស្រី Haley បាន​និយាយថា “​ស្ថានភាព​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺ​ខ្លាំង​ជាង​សោកនាដកម្ម​មនុស្ស​ទៅទៀត​”​។ លោកស្រី​បន្ថែមថា “​វិបត្តិ​នេះ​បាន​បង្ក​ការគំរាមកំហែង​ដោយផ្ទាល់​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​”​។​

លោកស្រី​បាន​បន្តថា “​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺជា​រដ្ឋ​ដែលមាន​អំពើ​ហឹ​ង្សា​កាន់តែខ្លាំង​ឡើង​ដែល​គំរាមកំហែង​ដល់​តំបន់​និង​ពិភពលោក​”​។​

ដោយឡែក ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​សាលប្រជុំ​នោះ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ចិន​និង​បូ​លី​វី​បាន​ចូលរួម​ជាមួយ​បេសកជន​អង្គការសហប្រជាជាតិរ​បស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែល​បានប្រកាសថា ការប្រជុំ​នេះ​ថា “​ខុសច្បាប់​” និង​ជាការ​រំលោភ​លើ​ធម្មនុញ្ញ​របស់ UN​។​

លោក Rafael Ramirez ឯកអគ្គរដ្ឋទូត​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​និយាយថា “​នេះ​គឺជា​សកម្មភាព​បង្ករឿង​មួយ​របស់​សហរដ្ឋអាមេរិក​ហើយ​ពិតជា​សកម្មភាព​នៃ​ការជ្រៀតជ្រែក​”​។​

ចំណែក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Vassily Nebenzia បាន​និយាយថា កិច្ចពិភាក្សា​ដែល​ដឹកនាំ​ដោយ​អាមេរិក​នេះ​បាន​បង្កើន​ការជ្រៀតជ្រែក​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​បានប្រកាសថា ក្រុមប្រឹក្សាសន្តិសុខ​មិនគួរ​ចូលរួម​ឡើយ​។​

ការបដិសេធ​របស់​រុស្ស៊ី​និង​ចិន​ក្នុង​ការចូលរួម​កិច្ចប្រជុំ​នេះ​មានន័យថា សហរដ្ឋអាមេរិក​នឹង​ប្រឈម​នឹង​ការជំទាស់​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ឲ្យ​មាន​វិធានការ​របស់​ក្រុមប្រឹក្សា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ស្ថិតនៅក្នុង​ភាពច្របូកច្របល់​ចាប់តាំងពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែមេសា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​ស្លាប់​ខណៈ​ប្រទេស​នេះ​ជួបប្រទះ​ការខ្វះខាត​ម្ហូបអាហារ​និង​ឱសថ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684