ព័ត៍មានទាន់​ហេតុការណ៏
Search

លី​កកំពូល​កម្ពុជា ត្រឡប់មកវិញ​ចុង​សប្ដាហ៍​នេះ ​ក្រោយ​សម្រាក​ជាង​២​សប្ដាហ៍​

ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017 ឬ MCL 2017) នឹង​ត្រឡប់មកវិញ​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​សម្រាក​ជាង​២​សប្ដាហ៍​ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​កោះហៅ​កីឡាករ​ល្អៗ​ហ្វឹកហាត់​រួមគ្នា​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ចំនួន​២​ប្រកួត​ក្នុង​ខែវិច្ឆិកា​នេះ​។​

​យោងតាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ពីថ្ងៃ​ទី​២ ដល់​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​លីក​កំពូល​កម្ពុជា បន្ត​ប្រកួត​វិញ​ចាប់ពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ត្រូវ​បន្ត​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី 2019 AFC Asian Cup UAE​ជាមួយ​ក្រុម​ជម្រើសជាតិ​ជម្រើសជាតិ​ហ្សកដានី នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​វគ្គ​ជម្រុះ​ពូ​ល C​។

​សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​ក្នុង​សប្ដាហ៍​ទី​២០ នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា វិញ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនួន​៣​គូ​គឺ​ក្រុម​អគ្គីសនី​កម្ពុជា ជួប​បឹងកេត​អែ​ហ្វ​ស៊ី នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ជួប​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន​។ ចំណែក​៣​គូ​ផ្សេងទៀត​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ស៊ីម៉ាក់ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង និង​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។

សរុប​តារាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន ក្រោយ​ប្រកួត​បាន​១៩​សប្ដាហ៍​មកនេះ​មាន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​លេខ​១​មាន​៤០​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​បឹងកេត មាន​៣៩​ពិន្ទុ ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​៣ មាន​៣៩​ពិន្ទុ​ដូចគ្នា ខណៈ​ក្រុម​ក្រសួងការពារជាតិ ឡើង​មកឈរ​លេខ​៤​មាន​៣៦​ពិន្ទុ​។ ក្រុម​ភ្នំពេញ​ក្រោ​ន ធ្លាក់​ទៅ​លេខ​៥ មាន​៣៣​ពិន្ទុ ហើយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈរ​លេខ​៦ មាន​៣២​ពិន្ទុ​។ ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​៧ មាន​២៦​ពិន្ទុ ក្រុម​លេខ​៨ គឺ​វេ​ស្ទើ​ន​ភ្នំពេញ មាន​២២​ពិន្ទុ​នៅ​ពីលើ​ក្រុម​លេខ​៩​អាស៊ី​អឺរ៉ុប មាន​១៨​ពិន្ទុ និង​ក្រុម​អគ្គីសនី​កម្ពុជា មាន​១៧​ពិន្ទុ​ឈរ​លេខ​១០​។ ក្រុម​ស៊ីម៉ាក់ ឈរ​លេខ​១១ មាន​១១​ពិន្ទុ ស្របពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​១២​មាន​២​ពិន្ទុ​។​

សូម​រំលឹក​ថា ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លី​គ​កំពូល​របស់ខ្លួន​ឱ្យ​កើនឡើង​រហូតដល់​១២​ក្លិប ដោយ​ត្រូវ​ប្រកួត​គ្នា​ចំនួន​២​ជុំ និង​បន្ត​វគ្គ​Play-Off (Top4) ស្វែងរក​ជើងឯក ដោយ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រុម​ជើងឯក​លីក​កំពូល​កម្ពុជា មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club និង ពានរង្វាន់ AFC Cup ជាដើម៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684