ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់ TMCC ប្រកាស​បន្ត​រៀបចំ​នៅ​ឆ្នាំនេះ ដោយមាន​ក្រុម​ពី​ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម ចូលរួម

ពានរង្វាន់​ជើងឯក​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ Toyota Mekong Club Championship 2017 (TMCC) បាន​ប្រកាស​ជា​ផ្លូវការ​ថា​នឹង​រៀបចំ​នៅ​ឆ្នាំនេះ​បន្ថែម​ទៀត ដោយមាន​ការប្រែប្រួល​បន្តិច​ក្រោយ​ក្រុម​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា សម្រេច​ដក​ខ្លួន ខណៈដែល​ក្រុម​នៅមាន​សិទ្ធិ​ចូលរួម​មាន​៤​ប្រទេស​ប៉ុណ្ណោះ គឺ​ក្រុម​តំណាង​របស់​លី​គ​កំពូល​កម្ពុជា លី​គប្រ​ទេស​វៀតណាម លី​គ​កំពូល​ឡាវ និង​ក្រុម​ជើងឯក​ពានរង្វាន់ Thia League Cup។

យ៉ាង​ហោច​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១៧៣,០០០ ដុល្លារ​អាមេរិក នឹង​ត្រូវ​ត្រៀម​រៀបចំ​ពានរង្វាន់​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ​នេះ ខណៈ​ក្រុម​ដែល​ឈ្នះ​ជើងឯក​នឹង​ទទួលបាន​ចំនួន​៧៥,០០០​ដុល្លារ​អាមេរិក​ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ បាន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ បាន​៥​ពាន់​ដុល្លារ​អាមេរិក ខណៈ​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ (MVP) ទទួល​បាន​៣​ពាន់​ដុល្លារ​អាមេរិក​ផងដែរ។

តាម​គម្រោង​ពានរង្វាន់ TMCC 2017 ត្រូវ​រៀបចំឡើង​ពីថ្ងៃ​ទី​៩ ខែធ្នូ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៧ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨​។ ការប្រកួត​នេះ​បែង​ចែកជា​៣​វគ្គ ដោយ​វគ្គ​ទី​១ ក្រុម​មកពី​លី​គ​កំពូល​របស់​ប្រទេស វៀតណាម និង​កម្ពុជា ត្រូវ​ប្រកួត​ជម្រុះ​គ្នា​ចំនួន​២​លើក​ពោលគឺ​ប្តូរ​ទឹកដី​គ្នា​សិន​ហើយ​ក្រុម​ដែល​ឈ្នះ​ត្រូវ​ឡើងទៅ​ជួប​ក្រុម​មកពី​លី​គ​កំពូល​ឡាវ​គឺ Lao Toyota FC ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​ជា​វគ្គ​ទី​២ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍​។ វគ្គ​ទី​៣ ក្រុម​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ជើងឯក​ពានរង្វាន់ 2017 Thia League Cup របស់​ថៃ​ដែល​អង្គុយចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​មាន​២​លើក ដើម្បី​ដណ្ដើម​ជើងឯក​។ យ៉ាង​ណាក្តី​ភាគី​ក្រុម​មី​យ៉ាន់​ម៉ា បានសម្រេច​មិន​ចូលរួម​ប្រកួត​នោះទេ​នៅ​ឆ្នាំនេះ។

គិត​ត្រឹម​ពេលនេះ​មានតែ​ឡាវ ប៉ុណ្ណោះ រក​ឃើញ​ក្រុម​ជា​បេក្ខភាព​ក្នុង​ពានរង្វាន់​នេះ​នោះ​គឺ​ក្រុម Lao Toyota FC ក្រោយ​ឈ្នះ​ជើងឯក​នៅ​ប្រទេស​នេះ​។ ចំណែក​លី​គ​កម្ពុជា ទើប​ធ្វើបាន​ត្រឹម​១៩​សប្ដាហ៍​នៅឡើយ​នោះ​ទេ ប៉ុន្តែ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើន​ជាង​គេ​ទាំង​វគ្គ​សន្សំ​ពិន្ទុ​២​ជើង នឹង​មាន​ឈ្មោះ​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ខណៈ​លី​គ​កំពូល​វៀតណាម​វិញ​ធ្វើឡើង​បាន​ត្រឹម​២៤​សប្ដាហ៍​ប៉ុណ្ណោះ​។ ចំណែក​ពានរង្វាន់ 2017 Thia League Cup របស់​ថៃ នឹង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខ​រវាង​ក្រុម​Muang Thong United និង​ក្រុម​Chiangrai United។

មូលហេតុ​នៃ​ការ​ដកខ្លួន​របស់​ក្រុម​មកពី​មី​យ៉ាន់​ម៉ា គឺ​ដោយសារ​កម្មវិធី​ប្រកួត​ចង្អៀត​ពេក​នៅក្នុង​ប្រទេស​នេះ មិន​អាច​បន្ថែម​ការប្រកួត​ទៀត​បាន​។

ពានរង្វាន់ Toyota Mekong Club Championship រៀបចំឡើង​បាន​៣​លើក​មក​ហើយ គិត​ពី​ឆ្នាំ​២០១៤ មក​ដែល​ក្រុម Becamex Binh Doung របស់​វៀតណាម បានឈ្នះ​ជើងឯក​នៅ​ឆ្នាំ​ដំបូង ហើយ​២​ឆ្នាំ​បន្ទាប់​ក្រុម Buriram United របស់​ថៃ ឈ្នះ​ជាប់ៗ​គ្នា​។ ចំពោះ​ក្រុម​តំណាង​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​វិញ ទើបតែ​មាន​២​ក្រុម​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០១៤ ក្រុម​ភ្នំពេញ​ក្រោ​ន ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ហើយ​នៅ​ឆ្នាំ​២០១៥ ក្រុម​បឹងកេត ទទួលបាន​ជើងឯក​រង និង​ឆ្នាំ​២០១៦ ក្រុម​បឹងកេត បន្តចេញទៅ​ប្រកួត​ទៀត​តែ​បាន​ត្រឹម​លេខ​៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684