ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​សហជីព​ធំៗ​បដិសេធ​លោក​សម រង្ស៊ី ថា​ជា​”​បិតា​ស្ថាបនិក​សហជីព​នៅ​កម្ពុជា​”

ភ្នំពេញ ៖ មេដឹកនាំ​ជាន់ខ្ពស់​របស់​សហភាព​សហជីព​ធំៗ​ចំនួន​ពីរ​ ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៧​នេះ​ បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​ឈ្មោះ Ricardo Lara ដែល​បាន​ចេញ​លិខិត​ទទួលស្គាល់​បុគ្គល​សម រង្ស៊ី​ថា ជា​បិតា​ស្ថាបនិក​សហជីព​សេរី​នៅ​កម្ពុជា ហើយ​ថា កម្ពុ​ជាមាន​សហជីព​សេរី​តាំងពី​លោក​សម រង្ស៊ី​មិនទាន់មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា​មក​ម្ល៉េះ​នោះ​។

តប​ទៅ​ទៅ​នឹង​ការ​បញ្ចេញមតិ​ខាងលើ​នោះ​លោក​ឡុង សុផាត ប្រធាន សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​បាន ប្រតិកម្ម​ថា ការដែល​សមាជិក ព្រឹទ្ធសភា​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មួយរូប​ឈ្មោះ Ricardo Lara បានទទួល​ស្គាល់​លោក​សម រង្ស៊ី​ថា ជា​បិតា​ស្ថាបនិក​សហជីព​នៅ​កម្ពុជា ក្នុងនាម​សហភាព​សហជីព​ដ៏​ធំ​មួយ​ លោក​សូម​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​។

លោក​ប្រធាន​សហភាព​រូប​នោះ​បាន​អះអាង​ថា ​សហជីព​នៅ​កម្ពុជា​បាន​កើត​ឡើង​ពី​កម្មករ បម្រើ​ផលប្រយោជន៍​កម្មករ មិនមែន​លោក​សម រង្ស៊ី​ជា​អ្នកបង្កើត​នោះឡើយ​។

លោក​ឡុង សុផាត ជា​ប្រធាន​សហភាព​ដែលមាន​សហព័ន្ធ​៥​ចំណុះ​តំណាង​ឲ្យ​កម្មករ​ជាង​១០​ម៉ឺន​នាក់ ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា បាន​បន្ត​ថា សហជីព​នៅ​កម្ពុជា​បាន​បង្កើត​ឡើង​តាំងពី​មិនទាន់មាន​វត្តមាន​លោក​សម រង្ស៊ី​នៅ​កម្ពុជា​មកម្ល៉េះ ហើយ​បុគ្គល សម រង្សី ក៏​មិនដែល​ធ្វើ​អ្វី​ទាល់តែសោះ​ដើម្បី​ជា​ផលប្រយោជន៍​កម្មករ​និយោជិត​ពោលគឺ​មានតែ​ការ​ញុះញង់​បំផ្លាញ​ការងារ និង ផលប្រយោជន៍​កម្មករ​និយោជិត ញុះញង់​ឲ្យ​កើតមាន​កូដកម្ម​បាតុកម្ម​ជា​បន្តបន្ទាប់រ​ហូត​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​វិនិយោគ និង ទ្រព្យសម្បត្តិ​ឯកជន​ជាច្រើន។ ដូច្នេះ​យោង​ទៅ​លើ​ទង្វើ និង សកម្មភាព​ជាក់​ស្តែងរ​បស់​បុគ្គល សម រង្សី មិនគួរ​លោក Ricardo Lara ហ៊ាន​ចេញ​លិខិត​លើកសរសើរ​បុគ្គល​នេះ​ហួសហេតុ​បែបនេះ​សោះ។

ចំណែក​លោក សំ សឿន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC)​ដែលមាន សមាជិក​ជិត​១០​ម៉ឺន​នាក់​បាន​ប្រតិកម្ម​ថា ការសម្រេច​ទទួលស្គាល់​របស់​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មួយរូប​ថា​លោក​សម រង្ស៊ី ជា​”​បិតា​សហជីព​”​នោះ សហជីព​របស់ លោក​សូម​បដិសេធ​ទាំងស្រុង​។

បុគ្គល​សម រង្ស៊ី​មិនមែន​ជា​អ្នកបង្កើត​សហជីព​នៅ​កម្ពុជា ស្អី​នោះ​ទេ ហើយ​លោក​សម រង្ស៊ី​ក៏​មិនបាន​បម្រើ​ផលប្រយោជន៍​សម្រាប់​សហ​ជី​ពនៅ​កម្ពុជា​ដែរ។

លោក​សំ សឿន​បាន​ថ្លែងបន្ត​ថា នៅ​កម្ពុជា​ទោះបី​គ្មាន​លោក​សម រង្ស៊ី ក៏​កម្ពុ​ជាមាន​សេរីភាព សហជីព មាន​សេរីភាព​ខាង​វិជ្ជាជីវៈ​គ្រប់គ្រាន់ គ្រប់ពេលវេលា ដើម្បី​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិសេរីភាព​របស់​កម្ម​ករ និយោជិត និង ប្រជាពលរដ្ឋ​គ្រប់រូប​តាមច្បាប់​កំណត់។

សូម​បញ្ជាក់​ថា ប្រតិកម្ម​ផ្ទួនៗ​របស់​សហជីព​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី​លោក​Ricardo Lara សមាជិក​ព្រឹទ្ធសភា​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក មួយរូប​ដែល​បានចេញ​លិខិត​ទទួលស្គាល់​លោក​សម រង្ស៊ី​ថា “​ជើងឯក​លទ្ធិប្រជាធិបតេយ្យ​និង​ជា​បិតា​ស្ថាបនិក​នៃ​សហជីព​សេរី​នៅ​កម្ពុជា ” ដែល​លោក​សម រង្ស៊ី​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684