ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រៅពី​កិច្ចប្រជុំ​កំពូល មេដឹកនាំ​អាស៊ាន​បន្ដ​ប្រជុំ​ជាមួយ​ដៃគូ​ជាច្រើន​ទៀត​

ភ្នំពេញ ៖ បន្ទាប់ពី​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ រួចមក​នៅ​ថ្ងៃទី ១៣ ខែ វិច្ឆិកា កិច្ចប្រជុំ​សំខាន់​ជាច្រើន​ត្រូវ​បាន​ប្រព្រឹត្តធ្វើ​យ៉ាង​មមាញឹក​ជាទីបំផុត។ ក្នុង​នោះ​រួមមាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​លើក​ទី​៥​ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​សហរដ្ឋអាមេរិក​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​ចិន​លើក​ទី​២០​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១៩​។​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជប៉ុន​លើក​ទី​២០ ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​អង្គការសហប្រជាជាតិ​លើក​ទី​៩​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​លើក​ទី​៥​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​សហរដ្ឋអាមេរិក​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សន្និសីទ​វប្បធម៌​ម៉ានីល​ទីក្រុង​ម៉ានីល​សាធារណរដ្ឋ​ហ្វីលីពីន​។​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស​រួម​ទាំង​លោក​ដូ​ណា​ល់​ត្រាំ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​យាង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ​ដើម្បី​ធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅលើ​របៀបវារៈ​ដែល​បានគ្រោង​ទុក​។

​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​និង​សហរដ្ឋអាមេរិក​បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់​ក្តៅ​បំផុត​ចំពោះ​ខួប​អនុស្សាវរីយ៍​៤០​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​សហរដ្ឋអាមេរិក​ពិសេស​បាន​គាំទ្រ​ការអនុម័ត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​សហរដ្ឋអាមេរិក​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ​មេដឹកនាំ​អាស៊ាន​បាន​លើកទឹកចិត្ដដ​ល់ស​ហរ​ដ្ឋ​អាមេរិក​បន្ត​ពង្រឹង​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​និង​ការកសាង​សមត្ថភាព​យុវជន​និង​ស្ត្រី​តាមរយៈ​ការ​ផ្តល់នូវ​អាហារូបករណ៍​បន្ថែម​ដល់​សិស្ស​និង​និស្សិត​បណ្តា​ប្រទេស​អាស៊ាន​។

ជា​មួយ​គ្នា​នេះ​ មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​ការបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ អាស៊ាន​សហរដ្ឋអាមេរិក​និង​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​ការ​កសាង​សហគមន៍​អាស៊ាន​ជាពិសេស​ការគាំទ្រ​ចំពោះ​តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​និម្មាបនកម្ម​តំបន់​។ ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​ស្តីពី​ការតភ្ជាប់​អាស៊ាន​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​ការវិនិយោគ​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​បង្កើន​ទំហំ​សេដ្ឋកិច្ច​និង​បង្កើន​ឱកាស​ការងារ​សម្រាប់​ប្រជាជន​នៃ​តំបន់​ទាំងពីរ​។

កិច្ចប្រជុំ​កំពូល​នោះដែរ ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បានធ្វើការ​ស្វាគមន៍​ផងដែរ​ចំពោះ​ការបង្កើត​មជ្ឈមណ្ឌល​ត​ភ្ជាប់​អាមេរិក​អាស៊ាន​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​និង​ការដាក់​ឲ្យ​ដំណើរការ​នូវ​ក្របខ័ណ្ឌ​ត​ភ្ជាប់​អាមេរិក​អាស៊ាន​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦​។ មេដឹកនាំ​អាស៊ាន​អាមេរិក​បាន​ប្តេជ្ញា​ខ្ពស់​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ផងដែរ​ទៅលើ​ការអនុវត្ត​ផែនការ​សកម្មភាព​ទាំង​ពេលបច្ចុប្បន្ន​ទៅ​អនាគត​លើ​យន្តការ​ដែល​មាន​ស្រាប់​និង​លើ​គ្រប់​វេទិកា​ទាំងអស់​។ ជា​មួយ​គ្នា​នេះ​លោក​ប្រធានាធិបតី​អាមេរិក​ស្នើ​ឲ្យ​អាស៊ាន​បង្កើន​កិច្ចសហប្រតិបតិកា​រលើ​វិស័យសេដ្ឋកិច្ច​ពោលគឺ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​អាមេរិក​ជាង​២១១​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​នៅតែ​គាំទ្រ​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន​។ ប្រមុខ​រដ្ឋាភិបាល​អាមេរិក​និង​អាស៊ាន​បាន​ឈានទៅ​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន​អាមេរិក​និង​ទិសដៅ​ទៅ​អនាគត​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២០
ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចិន​លើក​ទី​២០ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​រួមទាំង លោក​លី កឺ​ឈាង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​យាង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ​ដើម្បី​ធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅលើ​របៀបវារៈ​ដែល​បានគ្រោង​ទុក​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​-​ចិន​បាន​គាំទ្រ​រួមគ្នា​ក្នុង​ការ​រៀបចំ​ខួប​លើក​ទី​១៥​ ស្តី​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ អាស៊ាន​ចិន​និង​ការ​ដាក់ចេញ​នូវ​ចក្ខុវិស័យ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​ចិន​ឆ្នាំ​២០៣០​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចិន​នៅ​ឆ្នាំ​២០១៨​ព្រមទាំង​ស្វាគមន៍​សំណើ​កំណត់​យក​ឆ្នាំ​២០១៨​ជា​ឆ្នាំ​នៃ​នវានុវត្តន៍​អាស៊ាន​ចិន​។ មេដឹកនាំ​អាស៊ាន​បាន​ធ្វើ​ការ​កត់សំគាល់​ដោយ​ការ​ពេញចិត្ត​ថា​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​៣៦៨​ប៊ី​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ មេដឹកនាំ​អាស៊ាន​ក៏បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​កម្រិត​នៃ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន​ក្នុង​គោលបំណង​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ចំនួន​១​ទ្រី​លាន​ដុល្លារ​អាមេរិក ​និង ​ការ​វិនិយោគ​ទៅមក​ស្មើនឹង​ទំហំ​ទឹកប្រាក់​ចំនួន​១៥០​ប៊ី​លាន​ដុល្លារ​អាមេរិក​នៅត្រឹម​ឆ្នាំ​២០២០​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ​មេដឹកនាំ​អាស៊ាន​បាន​ឯកភាពគ្នា​លើកទឹកចិត្ត​ឲ្យ​មាន​អ្នកជំនួញ​ចិន​បន្ថែម​ទៀត​នៅ​អាស៊ាន​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ផ្នែក​ផលិតកម្ម​កសិកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ថាមពល​និង​ទេសចរណ៍​។ មេដឹកនាំ​អាស៊ាន​បានធ្វើការ​គាំទ្រ​នូវ​សេចក្តី​ប្រកាស​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​និង​សេចក្តី​ប្រកាស​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​។

លោក លី កឺ​ជាង បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ខួប​៥០​ឆ្នាំ​របស់​អាស៊ាន​និង​បាន​សន្យា​ថា​ នឹង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន​។ មេដឹកនាំ​អាស៊ាន​បាន​សន្យា​រួមគ្នា​ក្នុង​ការ​តភ្ជាប់​អាស៊ាន​ចិន​លើ​ការ​តភ្ជាប់​លើ​គ្រប់​វិស័យ​ទាំងអស់​ពិសេស​ការ​សម្រួល​ទេសចរណ៍​ចិន​អាស៊ាន​ឲ្យ​កាន់តែ​ទ្វេ​ឡើង​ថែមទៀត​។ មេដឹកនាំ​អាស៊ាន​ចិន​បាន​ចាត់ទុកថា​ឆ្នាំ​២០១៧​នេះ​គឺជា​ឆ្នាំ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​តំបន់​ទាំងពីរ​។​មេដឹកនាំ​អាស៊ាន​ចិន​ក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​កំណត់​យក​ឆ្នាំ​២០១៨​នៃ​ឆ្នាំ​អាស៊ាន​ចិន​ក្នុងការ​បង្កើត​នូវ​ស្នាដៃ​ថ្មី​។

​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១៩
មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស​រួមទាំង​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​​ធ្វើការ​ពិភាក្សា​រួមគ្នា​លើ​របៀបវារៈ​ដែល​បាន​គ្រោងទុក​។ ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​មេដឹកនាំ​អាស៊ាន​សាធារណរដ្ឋ​កូរ៉េ​បាន​ធ្វើ​ការ​កត់សំគាល់​រួមគ្នា​ពី​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ និង ​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​នៃ​សេចក្តីប្រកាស​រួម​ក្នុង​ភាពជា​ដៃគូ​សម្រាប់​ឆ្នាំ​២០១៦​ និង​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​។

ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ ​មេដឹកនាំ​អាស៊ាន​បាន​សង្កត់ធ្ងន់​លើ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ពិសេស​ការ​បាញ់​មី​ស៊ីល​លើក​ទី​៦​ កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​ដែល​ធ្វើ​ឲ្យ​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ​មាន​ក្តី​បារម្ភ​ជាច្រើន​។ មេដឹកនាំ​អាស៊ាន​បាន​ស្នើ​ឲ្យ​កូរ៉េខាងជើង​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ចំពោះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ មេដឹកនាំ​អាស៊ាន​ក៏បាន​ចាត់ទុកថា​សាធារណរដ្ឋ​កូរ៉េ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​អាស៊ាន​និង​ជា​ប្រទេស​ដែល​មក​បណ្តាក់ទុន​ទី​២​នៅ​អាស៊ាន។

ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​កូរ៉េ​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​មជ្ឈមណ្ឌល​អាស៊ាន​កូរ៉េ​ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ការ​ជំរុញ​ទេសចរណ៍​ជាពិសេស​ការ​ផ្លាស់ប្តូ​ររ​វាង​ប្រជាជន​និង​ប្រជាជន​។ ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ការ​រីកចម្រើន​របស់​អា​ស៊ាន​នាពេល​កន្លងមក​ពិសេស​ការ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​និង​ការកាត់បន្ថយ​គម្លាត​នៃ​ការ​តភ្ជាប់​ក្នុង​តំបន់​។ មេដឹកនាំ​អាស៊ាន​កូរ៉េ​ក៏បាន​ចាត់ទុកថា​ឆ្នាំ​២០១៧​នេះ​គឺជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌​របស់​អាស៊ាន​កូរ៉េ​ក្នុង​ការ​រួមចំណែក​ដល់​ការពង្រឹង​វប្បធម៌​អាស៊ាន​កូរ៉េ​ពិសេស​ការបង្កើត​ផ្ទះ​វប្បធម៌​នៅ​ទីក្រុង​ប៊ូសាន​សាធារណរដ្ឋ​កូរ៉េ​ពោល​នោះ​គឺជា​លើក​ទី​១​ដែល​កូរ៉េ​បាន​បង្កើតឡើង​នូវផ្ទះ​វប្បធម៌​ជា​លើកដំបូង​របស់ខ្លួន​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​២០
កិច្ចប្រជុំ​កំពូល​អាស៊ាន​ជប៉ុន​លើក​ទី​២០​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក ស៊ិន​ហ្សូ​អា​បេ​នាយករដ្ឋមន្ត្រី​ជប៉ុន​។ កិច្ចប្រជុំ​កំពូល​នៅ​ពេល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​អាស៊ាន​ជប៉ុន​ដែល​ចាប់ផ្តើម​ចាប់តាំងពី​ឆ្នាំ​១៩៧៧​មក​នោះ​។ មេដឹកនាំ​អាស៊ាន​បានធ្វើការ​កត់សំគាល់​ពី​ភាព​រីកចម្រើន​អាស៊ាន​ជប៉ុន​ក្នុង​ការចូលរួម​ថែរក្សា​សន្តិភាព​ស្ថេរភាព​ក្នុង​តំបន់​។ មេដឹកនាំ​អាស៊ាន​ក៏បាន​សំដែង​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​របស់​ជប៉ុន​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ថែមទៀត​ក្នុង​ការ​រក្សា​សន្តិភាព​ស្ថិរភាព​នៅក្នុង​សហគមន៍​អន្តរជាតិ​ពិសេស​ការគាំទ្រ​ដល់​គោលនយោបាយ​របស់​ជប៉ុន​ក្នុងការ​ចូលរួម​វិភាគទាន​របស់​អន្តរជាតិ​ដោយ​ផ្អែកលើ​គោលការណ៍​និង​ច្បាប់​អន្តរជាតិ​។ មេដឹកនាំ​អាស៊ាន​ជប៉ុន​បានធ្វើការ​ថ្កោលទោស​ចំពោះ​សកម្មភាព​ដែល​គំរាមកំហែង​ដល់​សន្តិភាព​ស្ថិរភាព​សន្តិសុខ​នៅក្នុង​ឧបទ្វីប​កូរ៉េ​ដែល​ភាគី​កូរ៉េខាងជើង​បានធ្វើការ​បាញ់​មី​ស៊ីល​ជាច្រើនលើក​មក​នោះ​។ ជាង​នោះ​ទៅទៀត​មេដឹកនាំ​អាស៊ាន​ជប៉ុន​ក៏បាន​ធ្វើការ​រួមគ្នា​ក្នុង​ការ​ទាមទារ​ឲ្យ​ភាគី​កូរ៉េខាងជើង​ចូលរួម​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​បាន​ពេញលេញ​។ មេដឹកនាំ​អាស៊ាន​ជប៉ុន​ក៏បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ មេដឹកនាំ​អាស៊ាន​បានស្នើ​ឲ្យ​ភាគី​ជប៉ុន​គាំទ្រ​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ការវិនិយោគ​ជប៉ុន​នៅ​ក្នុង​ប្រទេស​អាស៊ាន​។ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ជប៉ុន​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឡើង​ទ្វេដង​ក្នុង​ឆ្នាំ​២០២២​ពិសេស​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​។ មេដឹកនាំ​អាស៊ាន​ជប៉ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខួប​៥០​ឆ្នាំ​របស់​អាស៊ាន​និង​បាន​ចាត់ទុកថា​អាស៊ាន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​តំបន់​ពិសេស​ការថែរក្សា​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់​។ មេដឹកនាំ​អាស៊ាន​ក៏បាន​ធ្វើការ​កត់សំគាល់​នូវ​យុទ្ធសាស្ត្រ​សេរី​និង​បើកចំហ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ជប៉ុន​ដែ​ល​ស៊ីចង្វាក់​ទៅនឹង​ផែនការមេ​នៃ​ការតភ្ជាប់​ឆ្នាំ​២០២៥​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ាន​និង​អនុតំបន់​របស់​អាស៊ាន​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​៩
កិច្ចប្រជុំ​កំពូល​អាស៊ាន​អង្គការសហប្រជាជាតិ​លើក​ទី​៩​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​វត្តមាន​ជា​លើកដំបូង​របស់លោក​អង់​តេ​រី​ញ៉ូ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ កិច្ចប្រជុំ​នៅពេលនេះ​គឺ​ដើម្បី​ពិនិត្យមើល​ឡើងវិញ​ពី​បញ្ហា​ប្រឈម​និង​ទិសដៅ​សំរាប់​អនុវត្ត​បន្ត​នាពេលខាងមុខ​។ មេដឹកនាំ​អាស៊ាន​និង​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ឯកភាព​ក្នុងការ​ពង្រីក​ទំនាក់ទំនង​រវាង​អាស៊ាន​និង​អង្គការសហប្រជាជាតិ​លើ​គ្រប់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​កម្រិត​ទាំងអស់​ពិសេស​ការចូលរួម​ប្រជុំ​លើ​គ្រប់​កំរិត​ទាំងអស់​រវាង​អាស៊ាន​និង​អង្គការសហប្រជាជាតិ​។ លោក​អគ្គលេខា​បាន​គូសបញ្ជាក់​ពី​តួនាទី​សំខាន់​របស់​អាស៊ាន​ក្នុង​ការរក្សា​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់​។ លោក​ក៏​បា​វាយតម្លៃ​ខ្ពស​ចំពោះ​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុងការ​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​កងទ័ព​មួក​ខៀវ​ប្រមាណ​៨​ពាន់​នាក់​ក្នុងចំណោម​ប្រទេស​ចំនួន​៨​នៅ​អាស៊ាន​ដែល​បាន​ស្ថិតនៅក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​។​

មេដឹកនាំ​អាស៊ាន​និង​អង្គការសហប្រជាជាតិ​បាន​ចាត់ទុកថា​ការសហការ​គ្នា​គឺជា​ភាពជោគជ័យ​របស់​ពិភពលោក​ទាំងមូល​។​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ​មេដឹកនាំ​អាស៊ាន​និង​អង្គការសហប្រជាជាតិ​បាន​សន្យា​រួមគ្នា​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​អាស៊ាន​និង​អង្គការសហប្រជាជាតិ​ឲ្យ​ខ្លាំង​ថែមទៀត​ដោយ​ឈរលើ​ផលប្រយោជន៍​របស់​ប្រជាជន​ជា​ស្នូល​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684